en     km
en     km

សម្ដេច ហ៊ុន សែន រំពឹងថា សេដ្ឋកិច្ចកម្ពុជានៅបន្ដកំណើន៧ភាគរយ តែសហជីពមួួយព្រមានពីការធ្លាក់ចុះ

Share

ភ្នំពេញៈ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរក្នុងទំព័រហ្វេសបុករបស់ខ្លួនថាទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏កម្ពុជានៅតែអនុវត្តនយោបាយបើកចំហរក្នុងការរក្សារង្វង់សេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានសហភាពសហជីពការងារកម្ពុជាថា អត្រាសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់តួលេខ ៧%នោះ នឹងបាត់បង់ប្រសិនបើសហភាពអឺរ៉ុបព្យួរការអនុគ្រោះពន្ធ។

លោក សោម លាភ លំអិតព័ត៌មាននេះ៖ 

សម្ដេច ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ២៣ តុលាម្សិលមិញ។

កិច្ចប្រជុំកំពូលនេះ ក្រោមប្រធានបទ«ទស្សនៈវិស័យវិនិយោគក្នុងយុគ្គសម័យសាកលភាវូបនីយកម្ម» មានការចូលរួមពីអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ រួមទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាច្រើនរូបទៀត។

នៅឱកាសនោះ សម្ដេច ហ៊ុន សែន បានថ្លែងសុន្ទរកថា ដោយបង្ហាញការគាំទ្រចំពោះកិច្ចពិភាក្សានានា និងអនុសាសន៍ល្អៗជាច្រើន តាមរយៈបទអន្តរាគមន៍មុនៗទាក់ទងទៅនឹងការវិនិយោគក្នុងយុគ្គសម័យថ្មី ក្នុងការរក្សាស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗក្នុងតំបន់ និងពិភពលោក។

យ៉ាងណាមិញ​ នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បានចែករំលែកនូវគោលនយោបាយវិនិយោគ និងការអភិវឌ្ឍរបស់កម្ពុជាផងដែរ។

ស្ថិតក្នុងស្ថានភាពពិភពលោកកំពុងតែជួបបញ្ហាសេដ្ឋកិច្ចសង្គម អន្តោប្រវេសន្តន៍ដែលបណ្ដាលមកពីការប្រែប្រួលភូមិសាស្ត្រនយោបាយ ព្រមទាំងនិន្នាការគាំពារនិយមនៅបណ្ដាប្រទេសអភិវឌ្ឍជឿនលឿនខ្លះ បានគំរាមកំហែង បង្កផលប៉ះពាល់ ធ្ងន់ធ្ងរដល់បរិយាកាសវិនិយោគសាកល និងធ្វើឱ្យថយចុះលើការវិនិយោគផ្ទាល់ពីបរទេសទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។

សម្រាប់ប្រទេសកម្ពុជា​ សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ច្បាស់ៗថា ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហ ដែលធ្លាប់បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍នេះ។

សម្ដេចបន្ថែមថា កម្ពុជាបានកាត់បន្ថយភាពក្រីក្រពី ៥៣% ក្នុងឆ្នាំ ២០០៤ មកនៅត្រឹម ១៣,៥% នៅឆ្នាំ ២០១៤។

រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំទាក់ទាញវិនិយោគិនពីបរទេសបន្ថែមទៀតឱ្យមកវិនិយោគនៅកម្ពុជា។  

គោលនយោ​បាយរបស់កម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគបរទេស មានដូចជា ពង្រីកមូលដ្ឋានផលិតកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន កាត់បន្ថយថ្លៃអគ្គិសនី លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស ការរៀបចំប្រព័ន្ធបច្ចេកទេសព័ត៌មាន ការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងការកែទម្រង់ស្ថាប័នគតិយុត្ត។

សម្ដេច ហ៊ុន សែនថា កម្ពុជាក្នុងពេលបច្ចុប្បន្ន មានអ្នកវិនិយោគបរទេសជាច្រើន បានផ្លាស់ប្ដូរទីតាំងរោងចក្រមកកម្ពុជា ព្រមទាំងមានការវិនិយោគធំៗ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូងជាដើម។

ក្នុងសេចក្ដីថ្លែងនេះ សម្ដេច ហ៊ុន សែន បានសូមស្នើឲ្យប្រមុខដឹកនាំទាំងអស់ រួមសម្ដែងនូវឆន្ទៈ និងការទទួលខុសត្រូវដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមសកល ដើម្បីរក្សាឲ្យបាននូវបរិយាកាសវិនិយោគ និងស្ថិរភាពភូមិសាស្រ្តនយោបាយក៏ដូចជាបង្កើនទំនុកចិត្តក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យឧស្សាហកម្ម។

សម្ដេច ហ៊ុន សែន មិនភ្លេចទេ ដោយស្នើឲ្យប្រមុខដឹកនាំប្រទេស និងក្រុមហ៊ុននានាចូលរួមជាដៃគូវិនិយោគជាមួយកម្ពុជាដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជា។

ស្របគ្នានេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី ២២ តុលាថា ភាពរីកចម្រើនទាំងអស់ដែលកម្ពុជាសម្រេចបានក្នុងរយៈកាល២ទសវត្សរ៍កន្លងមក គឺអាស្រ័យលើ វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា។

វិស័យកាត់ដេរនៅកម្ពុជា ផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ៧០ម៉ឺននាក់ ដែលជាង៨៥%ជាស្រ្តីមកពីបណ្តាខេត្តជនបទ។ ប្រជាពលរដ្ឋ២លាននាក់ដទៃទៀតក្នុងចំណោមប្រជាពលរដ្ឋសរុប១៦លាននាក់ពឹងផ្អែកលើវិស័យនេះ។ ជារៀងរាល់ខែ ប្រាក់ខែជាង១៥០លានដុល្លារអាមេរិកត្រូវបានចំណាយទៅលើកម្មករទាំងនោះ។

ជាងនេះទៅទៀត ​សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មសំខាន់មួយសម្រាប់កម្ពុជា ជាពិសេសវិស័យសម្លៀកបំពាក់និងស្បែកជើង។ ជាង៤៦%នៃការនាំចេញសរុបនៃសម្លៀកបំពាក់និងស្បែកជើងរបស់កម្ពុជាគឺទៅសហភាពអឺរ៉ុប។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពការងារកម្ពុជា បានប្រាប់វិទ្យុស្រ្តីកាលពីថ្ងៃទី ២៣ តុលាម្សិលមិញថា កម្ពុជានឹងមិនអាចរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំបាននោះទេ ប្រសិនបើសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងក្រៅពីពីអាវុធ EBA។

ប្រធានសជីពរូបនេះ បញ្ជាក់ថា កម្ពុជាត្រូវតែស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញតាមការស្នើរបស់សហភាពអឺរ៉ុប ព្រមទាំងបណ្ដាប្រទេសប្រជាធិបតេយ្យធំៗមួយចំនួនទៀត។

គួររំលឹកថា សហគមន៍អន្តរជាតិ​ ដែលគេស្គាល់ថាជាប្រទេសប្រជាធិបតេយ្យធំៗ បានបង្ហាញជំហរមិនទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៦ បានមកពីការបោះឆ្នោតកាលពីចុងខែកក្កដាកន្លងមក ព្រោះមជ្ឍដ្ឋានទាំងនេះវាយតម្លៃថា ការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងក្លាយ។

យ៉ាងណាមិញ មជ្ឈដ្ឋានអន្តរជាតិទាមទាមឱ្យកម្ពុជាស្ដាលទ្ធិប្រជាធិបតេយ្យឡើងវិញឱ្យដូចស្ថានការនយោបាយមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឱ្យខានតែបាន។ ជាងនេះទៀត សហគមន៍អឺរ៉ុបបានគម្រាមដកការអនុគ្រោះពន្ធពីកម្ពុជានាពេលឆាប់ៗនេះ បើកម្ពុជាមិនធ្វើតាម។ ដោយឡែក ថ្នាក់ដឹកនាំបក្សកាន់អំណាចតែងតែអះអាងថា កម្ពុជាមានជំហរ ព្រមទាំងគោលនយោបាយផ្ទាល់ខ្លួនដោយមិនត្រូវការអនុវត្តតាមអន្តរជាតិណាមួយឡើយ ហើយរដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលស្របច្បាប់បានមកពីឆន្ទៈប្រជាពលរដ្ឋ៕

អត្ថបទ៖ លោក សោម លាភ

 

Share

Image
Image
Image