en     km
en     km

សហជីពធំមួយព្រួយបារម្ភការធ្លាក់ចុះសេដ្ឋកិច្ចបើEUដកពន្ធអនុគ្រោះEBA(មានសំឡេង)

Share

ភ្នំពេញ៖ សហជីពធំមួយដែលគាំទ្រផលប្រយោជន៍កម្មករ បានសម្តែងក្តីព្រួយបារម្ភបន្ទាប់ពីសហគមន៍អឺរ៉ុបបានព្រមានពីការដកពន្ធអនុគ្រោះចេញពីកម្ពុជា ដែលជាហេតុនាំឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ស្របគ្នានេះ ស្ថាប័នដែលធ្វើការលើវិស័យកម្មករកាត់ដេរក៏ព្រមានពីផលវិបាកជាច្រើន បើសហភាពអឺរ៉ុបពិជាដកគោលការអនុគ្រោះពន្ធពីកម្ពុជាមែននោះ។

(លោក សោម លាភ រាយការណ៍ពីព័ត៌មាននេះ)

កម្មករោងចក្រកំពុងកាត់ដេរសម្លៀកបំពាក់នៅក្នុងរោចក្រមួយនៅកម្ពុជា។រូបភាព៖ ក្រសួងការងារ(facebook)

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពការងារកម្ពុជា បានគូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៣ តុលានេះថា កម្ពុជានឹងខានបង់ផលចំណេញយ៉ាងច្រើន បើសិនជាសហភាពអឺរ៉ុបពិតជាព្យួរការអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងក្រៅពីអាវុធ EBA ពីកម្ពុជាមែននោះ។ លោកបន្ថែមថា ប្រសិនបើមានការដកការអនុគ្រោះពន្ធ នោះនឹងបង្កផលប៉ះពាល់ដល់កម្មករដោយផ្ទាល់ ចំណែក សាច់ញាតិកម្មករ អ្នកលក់ដូរនៅតាមរោងចក្រ  អ្នកដឹកកម្មករ និងម្ចាស់ផ្ទះជួលជាដើម នឹងទទួលបានផលប្រយោជន៍ជាប្រយោលពីបញ្ហានេះ។     

ជុំវិញរឿងនេះ ភ្នាក់ងារ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​ឥណទាន​ពិភព​លោក (​Moody’s​ Investors ​Service) កាលពីថ្ងៃ២០តុលា បាន​ព្រមាន​ថា ការ​​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​របស់​កម្ពុជា ក្នុងការនាំទំនិញចូល​ទៅ​សហភាព​អឺរ៉ុប នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋកិច្ច។ ទីភ្នាក់​ងារ​នេះបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា កំណើន​សេដ្ឋកិច្ច​កម្ពុជារឹងមាំបាន ដោយសារមាន​វិស័យ​កាត់ដេរសម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ។

យ៉ាងណាភ្នាក់ងារដដែលនេះ វាយតម្លៃថា ការ​ដក​ EBA ពីកម្ពុជា អាច​បង្កើន​ល្បឿន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា ក្នុង​ការ​ធ្វើ​ពិពិធកម្ម​នៅក្នុង​ឧស្សាហកម្ម​ផលិតកម្មផ្សេងៗ​។

ស្របគ្នានេះកាលពីថ្ងៃទី២២ តុលាម្សិលមិញ សមាគម​រោង​ចក្រ​​កាត់​ដេរ​នៅ​កម្ពុជាហៅកាត់(GMAC) តំណាង​ឱ្យ​​​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ​និង​ស្បែក​ជើង​​នាំ​ចេញ​ទាំង​អស់​ក្នុងប្រទេស​កម្ពុជា បានចេញលិខិតមួយច្បាប់ ទៅកាន់លោកស្រី Cecilia Malmström ស្នង​ការ​ពាណិជ្ជ​កម្ម នៃគណៈ​កម្មការ​អឺរ៉ុប​ ដោយអះអាងថា ការ​ព្យួរ​បណ្តោះ​អាសន្ន​នៃ​គម្រោង​ EBA ឬ​ទណ្ឌ​កម្ម​ឯក​តោ​ភាគី​​រយៈ​ពេល​​ខ្លីមកលើកម្ពុជា អាច​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​រយៈ​ពេល​វែង​ ដល់​​ជីវិត​និងជីវភាពកម្មករ កម្មការនី ព្រមទាំងគ្រួសាររបស់ពួកគេនៅកម្ពុជា​។

GMAC បន្ថែមថា​ កម្មករ កម្មាការិនីប្រមាណ៧០ម៉ឺននាក់នឹងប្រឈមបាត់បង់ការងារ ប្រសិនបើសហភាពអឺរ៉ុបដកពន្ធអនុគ្រោះ។ ចំណែកគ្រួសាររបស់កម្មករនឹងអាចធ្លាក់ក្នុងភាពក្រីក្រវិញជាពុំខាន។

ជាដំណោះស្រាយសម្រាប់កម្ពុជាដែលគួរធ្វើក្នុងដំណាក់កាលនេះ លោក រ៉ុង ឈុន ឱ្យដឹងថា កម្ពុជាគួរតែធ្វើតាមការចង់បានរបស់សហភាពអឺរ៉ុប ឬអង្គការអន្តរជាតិធំៗផ្សេងៗ។ លោកថា កម្ពុជាគ្រាន់តែធ្វើឱ្យស្ថានភាពនយោបាយកម្ពុជាដូចកាលពីមុនការបោះឆ្នោត ឬអាចរៀបចំការបោះឆ្នោតឡើងវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានសហជីពរូបនេះថា ខ្លួននៅតែធ្វើបាតុកម្មដើម្បីស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាអនុវត្តតាមការស្នើពីសហភាពអឺរ៉ុប ហើយបាតុកម្មនេះអាចនឹងមានការចូលរួមពីស្ថាប័នមួយចំនួន ដូចជា GMAC ជាដើម។

សូមបញ្ជាក់ថា អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ត្រូវបានអនុម័តដោយ វិធានរបស់ក្រុមប្រឹក្សា សហភាពអឺរ៉ុប លេខ No.416/2001 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូលនិងកូតា ក្នុងនោះគឺមានកម្ពុជាផងដែរ។

យ៉ាងណា ក្រោយពីការបោះឆ្នោតសភានីតិកាលទី ៦ កាលពីថ្ងៃទី ២៩ កក្កដាកន្លង សហភាពអឺរ៉ុបបានគម្រាមកាន់តែខ្លាំងចំពោះការដកការអនុគ្រោះពន្ធនេះ បើកម្ពុជាមិនស្ដាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាវិញ ដោយរៀបចំការបោះឆ្នោតឱ្យមានភាពសេរី និងត្រឹមត្រូវវិញទេនោះ៕

អត្ថបទ៖ លោក សោម លាភ

Share

Image
Image
Image