en     km
en     km

អង្គការពាណិជ្ជ​កម្ម​ពិភពលោក៖ កម្ពុជាជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឡើយ

Share

ភ្នំពេញ៖ លោក Robeto Cavatho Azevedo ​អគ្គនាយកអង្គការពាណិជ្ជ​កម្ម​ពិភពលោក WTO ( World Trade Organization ) ​មានប្រសាសន៍ប្រាប់នាយករដ្ឋមន្រ្តីកម្ពុជាថា ប្រទេសកម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឡើយ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន សែន នៅថ្ងៃពីថ្ងៃទី ២៣ តុលានេះ។

បើតាមហ្វេសប៊ុកសម្តេច ហ៊ុន សែន ការថ្លែងរបស់អគ្គនាយកអង្គការពាណិជ្ជ​កម្ម​ពិភពលោក ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារមួយរវាងលោក និងសម្ដេច ហ៊ុន សែន កាលពីល្ងាចថ្ងៃទី ២២តុលាម្សិលមិញ។

នាឱកាសនោះ លោក Robeto Cavatho Azevedo មានប្រសាសន៍ជំរាបសម្តេច ហ៊ុន សែន​ថា កម្ពុជាគឺជាប្រទេសដែល មានការអភិវឌ្ឍនៅមានកម្រិតនៅឡើយ។ ប៉ុន្តែ អគ្គនាយកនៃអង្គការពាណិជ្ជ​កម្ម​ពិភពលោក រូបនេះបញ្ជាក់ទៀតថា ​ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលបានក្លាយជាសមាជិក របស់អង្គការពាណិជ្ជ​កម្មពិភពលោក (WTO) ហើយបានអនុវត្តដោយជោគជ័យ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ច​លូតលាស់លឿនបំផុតនៅក្នុងពិភព លោក។

យ៉ាងណាមិញ លោក Robeto Cavatho Azevedo បង្ហាញក្ដីសង្ឃឹមថា សម្ដេច ហ៊ុន សែន នឹងធ្វើទស្សនកិច្ច នៅទីស្ដីស្នាក់ការណ្តាលរបស់ អង្គការពាណិជ្ជ​កម្ម​ពិភពលោកលើកក្រោយទៀត ។

នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា នៅឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ កម្ពុជាស្ថិតនៅក្នុងយន្តការត្រីភាគី នៃក្របខណ្ឌអង្គការពាណិជ្ជ​កម្ម​ពិភពលោក​ ហេតុនេះសម្ដេចសង្ឃឹមថា កម្ពុជានឹងបន្តទទួលបាននូវជំនួយពីអង្គការនេះ។

គួររំឮកថា កម្ពុជាទទួលបានជំនួយផ្នែកបច្ចេកទេសពីអង្គការពាណិជ្ជ​កម្ម​ពិភពលោក មានទឹកប្រាក់ប្រមាណ ៧,៧លានដុល្លា ចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ ។ ជាងនេះ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ អង្គការពាណិជ្ជ​កម្ម​ពិភពលោក ក៏បានចូលរួមបណ្ដុះបណ្ដាល កសាងសមត្ថភាពមន្រ្តីកម្ពុជាមានចំនួនរហូតដល់ ៤១១នាក់ ដែលជា​មន្រ្តីរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖លោក សោម លាភ

 

 

Share

Image
Image
Image