ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ តែងតែប្រាប់កូនចៅរបស់ខ្លួន ឲ្យទៅបោះបាយបិណ្ឌដើម្បីបានដល់ពពួកប្រេត ក្រែងលោសាច់ញាតិរបស់ខ្លួន មានកម្មអាក្រក់ បានយល់ភពជាពពួកប្រេត។ ក៏ប៉ុន្ដែបើតាមការពន្យល់របស់លោកអាចារ្យវត្ដទូលទំពួង អះអាងថា ប្រសិនបើពលរដ្ឋបានត្រឹមតែមកបោះបាយបិណ្ឌមួយមុខ ផលបុណ្យ ឬក៏បាយដំណើបដែលបោះទៅនោះ បានត្រឹមតែជាការអនុគ្រោះដល់ពពួកតិរច្ឆាន ប្រែតមួយចំនួនប៉ុណ្ណោះ។ គឺមិនបានដល់បុគ្គលជាញាតិរបស់អ្នកបោះនោះឡើយ។ លោកអាចារ្យម្នាក់បញ្ជាក់ថា មានកិច្ចពីរ ដែលត្រូវធ្វើជាចាំបាច់ ប្រសិនបើចង់ឲ្យបាយដែលខ្លួនបោះទៅ បានដល់សាច់ញាតិរបស់ខ្លួនឯងពិតមែន។
ចង់ដឹងថា តើកិច្ចចំនួនពីរ ដែលត្រូវធ្វើជាចាំបាច់នោះ មានអ្វីខ្លះ? តទៅនេះសូមស្ដាប់ការរៀបរាប់ដោយលោក លៀ ស៊ីណា ដូចតទៅ៖
ឲ្យតែដល់រដូវភ្ជុំបិណ្ឌម្ដងៗ ពលរដ្ឋខ្មែរមិនដែលភ្លេចឡើយ ការបោះបាយបិណ្ឌ។ ការបោះបាយបិណ្ឌនេះ គឺគេតែងតែចាប់ផ្ដើមនៅវេលាជិតភ្លឺ រង្វង់ជាងម៉ោង ៣ ឬក៏ម៉ោង ៤។ ការយកវេលានេះ ពីព្រោះតែវេលាអនុគ្រោះដល់ពពួកប្រេត ដែលមិនអាចបង្ហាខ្លួនមកពេលព្រះអាទិត្យមានពន្លឺបាន។ ការបោះបាយបិណ្ឌនេះ ចាស់ ទុំ តែងតែនិយាយ តំណាលមកតៗគ្នាថា គឺជាការបោះឲ្យពពួកប្រេត។ កាលបើញាតិរបស់ម្នាក់ៗធ្វើបាបកម្មច្រើន នឹងមិនបានចាប់ជាតិជាមនុស្ស ឬទេវតាឡើយ ប៉ុន្ដែពួកគាត់នឹងកើតជាពពួកប្រេត តិរច្ឆាន ដែលអត់បាយក្រហាយទឹក រងទុក្ខវេទនា ក្រៃលែង នៅឋាននរក។
ក្មេងៗ ស្រករក្រោយភាគច្រើន បានដឹកពីប្រពៃណីបោះបាយបិណ្ឌនេះ ហើយពួកគាត់ក៏ចេះតែធ្វើតាមគ្នាតែប៉ុណ្ណោះ។ ដោយអ្នកខ្លះបានពូតបាយពីផ្ទះទៅ ហើយមិនបានរៀបបាយជាពីរចំណែក ១សម្រាប់បោះ និង១ទៀតសម្រាប់ប្រគេនព្រះសង្ឃ មុនពេលដែលបោះបាយបិណ្ឌឡើយ។ ករណីនេះ លោក ហ៊ិម ហេម៉ាឡៃ អាយុ ៥១ឆ្នាំ ជាគណៈកម្មការផ្នែកខាងលេខាធិការវត្ដទូលទំពូង រាជធានីភ្នំពេញ បញ្ជាក់ថា ការបានដឹង តែមិនបានយល់ពីកិច្ចដែលត្រូវធ្វើ គឺប្រៀបបានបានធ្វើ។ ចាស់ៗប្រាប់ថា ទៅបាយបិណ្ឌនឹងបានដល់ពពួកប្រេត បើសិនជាញាតិយើង ក្លាយជាប្រេត។ ក៏ប៉ុន្ដែ គណៈកម្មការផ្នែកខាងលេខាធិការវត្ដទូលទំពូង ប្រាប់ថា ការបោះបាយបិណ្ឌគឺជាផ្សាយមេត្ដាដល់ពពួកតិរច្ឆាន និងការរក្សាប្រពៃណីបោះបាយបិណ្ឌតែប៉ុណ្ណោះ តែវាមិនបានដល់សាច់ញាតិរបស់បុគ្គលអ្នកធ្វើឡើយ ៖«អញ្ចឹងយើងសួរថា គេធ្វើរាល់ថ្ងៃនេះគឺវាខុសទេ? ថាវាមិនខុសទេពីព្រោះតែនៅពេលនេះយើងផ្សាយមេត្ដាដល់សត្វ។ យើងបោះអញ្ចឹងទៅមានសត្វឆ្កែសត្វឆ្មា សត្វតូចតាច វាមកស៊ីហើយ អញ្ចឹងបញ្ជាក់ថា មានមេត្ដាមួយ ហើយប្រយោជន៍ទី២ យើងរក្សាប្រពៃណីវង់បុរាណនេះឲ្យវាជាប់ទៅ កុំឲ្យវាបាត់កណ្ដាលសាសនាអញ្ចឹង។ ប៉ុន្ដែគ្រាន់តែថា បុណ្យហ្នឹងវាទៅខុសបំណងរបស់យើង។ យើងបោះបាយបិណ្ឌនេះមិនមែនសម្រាប់ឲ្យសត្វធាតុឆ្កែអីទេ មិនអញ្ចឹង។ យើងមកវត្ដនេះបោះបាយបិណ្ឌនេះ គោលបំណងគឺដើម្បីបានដល់ទៅបុព្វការីជន ញាតិមិត្ដរបស់យើង នែ!ខុសត្រង់ហ្នឹង»។
លោក ហ៊ិម ហេម៉ាឡៃ បន្ដថា ដើម្បីឲ្យបាយបិណ្ឌ និងផលបុណ្យ ដែលបុគ្គលម្នាក់ៗធ្វើបានដល់ពពួកញាតិយ៉ាងប្រាកដ តាមពុទ្ធដិកា របស់ព្រះសម្មាសម្ពុទ្ធ។ អ្នកទៅបោះបាយបិណ្ឌ ត្រូវរៀបជាពីរចំណែក ១ចំណែកសម្រាប់ពូត ជាដុំបាយ សម្រាប់បោះ និង ១ចំណែកទៀត សម្រាប់គេព្រះសង្ឃ ឧទ្ទិសដល់សាច់ញាតិរបស់ខ្លួន។ ត្រង់ចំណុចនេះ ព្រះភិក្ខុ ពុទ្ធបាលិតោ ឡុង ច័ន្ទភក្ដី គង់នៅវត្ដ ជម្ពូវ័ន សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសង្ឃដិកាថា ជាការពិតដើម្បីឲ្យដុំបាយ និងកុសល ផលបុណ្យដែលបានធ្វើ បានដល់សាច់ញាតិ ឬបុព្វការីជន របស់ខ្លួន គឺត្រូវរៀបចំបាយជាពីរចំណែក មួយចំណែកសម្រាប់សង្ឃភត្ដ និង មួយចំណែកសម្រាប់បោះ ៖«ពរ ជាទូទៅពាក្យថា បាយបិណ្ឌហ្នឹងគឺបាយសម្រាប់យកទៅប្រគេនសង្ឃហ្នឹងឯងពរ។ បើយើងចង់បានបោះបាយបិណ្ឌផង យើងត្រូវរៀបចំពីរចំណែក។ ១ចំណែកយើងយកទៅប្រគេនព្រះសង្ឃដើម្បីបង្សុកូល ឧទ្ទិស ជូនទៅដល់អ្នកមានគុណរបស់យើង។ មួយចំណែកទៀតយើងដាក់នៅក្នុងចាន មានរៀបចំផ្កា មានរៀបចំអី អាហ្នឹង យើងសម្រាប់បោះឲ្យ ពពួកសត្វទាំងឡាយ ទាំងពួក សត្វដែលយើងមើលមិនឃើញ ដែលហៅថា មានកាយអត់ប្រាកដហ្នឹង បាលិឍបរិភោគ »។
បន្ថែមលើនេះព្រះអង្គបន្ដថា ពលរដ្ឋខ្មែរគ្រប់រូបត្រូវតែកម្ដល់ចិត្ដពេលដែលនៅវេរចង្ហាន់ប្រគេនព្រះសង្ឃ ធ្វើយ៉ាងណាញ៉ាំងចិត្ដឲ្យជ្រះថ្លា ត្រេកអរ ផ្សាយក្ដីមេត្ដា ដល់ពពួកសត្វតិរច្ឆាន ពពួកប្រេត ពពួកអមនុស្ស អត់រូបរាងឲ្យបានទទួលនូវ អាហារភោជន ទាំងឡាយដែលខ្លួនបានធ្វើ។ ជាពិសេសគឺសុំឲ្យសត្វទាំងពួង លះអស់កម្មពៀរវេរានឹងគ្នា ហើយនៅបានជាសុខ។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត។ តាំងពីបុរាណរៀងមក តែងតែមាន ប្រារព្ធពិធីនេះមិនដែល អាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ង ១៥រោច ដែលមានរយៈពេល ១៥ថៃ្ង។
បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ ការប្រារព្ធពិធី “បុណ្យភ្ជុំបិណ្យ” នេះ គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសកុសលដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន សាច់ញាតិសន្តានទាំងឡាយ ដែលបានចែកឋានទៅ ហើយមិនដឹងថា ទៅចាប់កំណើតនៅ លោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមលោកសាស្ដ្រាចារ្យប្រវត្ដិសាស្ដ្រ សំបូរ មាណ្ណារ៉ា វិញ ពិធីបុណ្យភ្ជុំបិណ្ឌ ធ្វើឡើងដើម្បីបណ្ដុះងអ្នកបន្ដវេន បង្ហាញពីការដឹងគុណចំពោះឪពុក ម្ដាយ និងមួយវិញទៀត ជាជួយផ្នែកសេដ្ឋកិច្ច។ ដូវបុណ្យភ្ជុំបិណ្ឌ ចាប់តាំងពីសម័យបុរាណកាល រហូតដល់បច្ចុប្បន្ននេះ ពិធីបុណ្យនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ។ ពីព្រោះតែរដូវនេះ ព្រះសង្ឃមិនអាចនិមន្ដចេញ បិណ្ឌបាទបាន ស្របទៅតាម ការកំណត់របស់ព្រះពុទ្ធ និងទី០២ រដូវនេះ គឺជាវេលាអនុគ្រោះច្រើន ដល់ពពួកប្រែត រកចំណី ជាងរដូវផ្សេងៗ។ នៅក្នុងវស្សា អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោច សម្បូរនៅក្នុងខែភ្លៀងធ្លាក់សស្រិចដូច្នេះ។
ពពួកប្រេត បើតាមគម្ពីព្រះពុទ្ធសាសនា បានចែងថា មនុស្សដែលស្លាប់ទៅ តែងទៅកើតទីផ្សេងៗ គ្នាតាមកម្មរបស់ខ្លួន។ មនុស្សចិត្ដអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗ លុះស្លាប់ទៅតែងតែកើតជាប្រេត ៤ប្រភេទ គឺប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រេតស្រេកឃ្លានអាហារជានិច្ច ប្រេតដែលភ្លើងឆេះជានិច្ច និងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឲ្យ។ ការកំណត់យកថ្ងៃនៃដួងខែរនោច ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ពីព្រោះតែព្រះចន្ទ ពុំសូវមានពន្លឺ ហើយចេះតែងងឹតទៅៗ ដែលជាឱកាសរបស់ពពួកប្រេតទាំងពួង អាចមកលាយឡំជាមួយមនុស្សដើម្បីទទួលភោគផលដែលបងប្អូន ញាតិសន្ដាន ឧទ្ទិសឲ្យបាន។ តាមឯកសារបញ្ជាក់ថា ក្នុងរង្វង់ ១៥ថ្ងៃ នៃដួងខែរនោចនេះ ប្រសិនបើប្រេតដើររកគ្រប់ ៧វត្ដ មិនឃើញញាតិសន្ដាធ្វើបុណ្យឧទ្ទិសកុសលឲ្យទេ ពួកគេនឹងអត់បាយក្រហាយទឹក ស្រេកឃ្លានរងទុក្ខវេទនាយ៉ាងក្រៃលែង ស្របពេលដែលពួកគេ អត់បាយ អត់ទឹកជាច្រើនខែស្រាប់ផង។ ពួគគេនឹងជេរប្រទេចផ្ដាសាដល់បងប្អូនញាតិកា របស់គេឲ្យបានដល់ក្ដីវិនាសហិនហោច ព្រាតប្រាស់បងប្អូនកូនចៅ ញាតិផៅទាំង ៧សន្ដានពុំខាន។ ព្រោះតែមានការតំណាលមកដូច្នេះហើយ ទើបបព្វបុរសខ្មែរ ចាស់ ព្រឹទ្ធាចារ្យ តែងតែផ្ដែផ្ដាំកូនចៅគ្រប់រូប ធ្វើយ៉ាងណា កុំខក ខាន ការទៅវត្ដ ដាក់បិណ្ឌ ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌនេះ បើទោះជាមិនបានច្រើនវត្ដក៏បានមួយវត្ដដែរ៕