en     km
en     km

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានទិសដៅលើកស្ទួយសេដ្ឋកិច្ចកម្ពុជារយៈពេលវែងខាងមុខ

Share

ភ្នំពេញ៖ លោក Michael Walter Michalak ថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានទិសដៅធ្វើយ៉ាងណាលើកស្ទួយ ទំនាក់ទំនងរយៈពេលវែងខាងវិស័យសេដ្ឋកិច្ចជាមួយកម្ពុជា។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់សម្ដេចហ៊ុនសែននៅថ្ងៃទី ២តុលានេះ។

តាមការចុះផ្សាយនេះបញ្ជាក់ទៀតថា ការលើកឡើងដូចនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារមួយ រវាងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Michael Walter Michalak នាយកគ្រប់គ្រងតំបន់ និង ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាស៊ាន-អាមេរិក នៅព្រឹកថ្ងៃទី២ តុលានេះ។

នាឱកាសនោះ លោក Michael Walter Michalak បានជម្រាបជូនសម្តេចតេជោ ថាក្រុមប្រឹក្សាធុរកិច្ចអាមេរិក អាស៊ាន មានទិសដៅធ្វើយ៉ាងណាលើកស្ទួយ ទំនាក់ទំនងរយៈពេលវែងខាងវិស័យសេដ្ឋកិច្ចជាមួយកម្ពុជា។

លោក បន្ថែមថា ការបំ​​ពេញភារកិច្ចរបស់លោកនៅកម្ពុជានាពេលនេះ គឺដើម្បីពិភាក្សារកនូវចំណុចរួម ដើម្បីជាផលប្រយោជន៍រួម ទាំងអ្នកវិនិយោគកម្ពុជា ព្រមទាំងអ្នកវិនិយោគអាស៊ាន និងអាមេរិក ក៏ដូចជា ការអភិវឌ្ឍរបស់កម្ពុជាផងដែរ។

លោកបន្ថែមថា កិច្ចពិភាក្សានេះ ផ្ដោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ច បញ្ហាថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ ក៏ដូចជាវិស័យកសិកម្មផងដែរ។

សម្តេចហ៊ុន សែន បានស្នើសុំ ឲ្យក្រុមហ៊ុនវិនិយោគពិនិត្យមើលទៅលើ ការវិនិយោគទៅលើការកែឆ្នៃ ផលិតផលកសិកម្មកម្ពុជា ឲ្យទៅជាផលិតផលពាក់កណ្តាលសម្រេច ឬក៏ផលិតផលសម្រេចដែលអាចបម្រើទៅដល់ទីផ្សារ ទាំងក្នុងស្រុកផង និងក្រៅស្រុកផង៕

អត្ថបទ៖ លោក សោម លាភ

Share

Image
Image
Image