en     km
en     km

សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ដ្រ​ ៖​ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ គឺជា​ការ​គោរព​ដល់​ឪពុក​-​ម្ដាយ​ និង​ចាស់ព្រឹទ្ធាចារ្យ​

Share

​ភ្នំពេញ​ ៖​ លោក​សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ដ្រ​ សំបូរ​ មា​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​ថា​ ការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ គឺជា​ការ​រំ​ឮ​ក​នឹក​គុណ​ដល់​ដល់​ឪពុក​-​ម្ដាយ​ និង​ចាស់ព្រឹទ្ធាចារ្យ​ ដែល​ជា​មេបា​។​ លោក​សាស្ដ្រាចារ្យ​ យល់​ថា​ កូន​ខ្មែរ​គ្រប់​រូប​ គួរតែ​វិល​ទៅ​ជួប​មេបា​របស់​ខ្លួន​ក្នុង​ឱកាស​បុណ្យ​នេះ​ ដើម្បី​បង្ហាញ​ថា​ ខ្លួន​ជា​មនុ​ស្សមានជាតិ​កំណើត​ និង​មិន​បាន​ភ្លេច​ដើម​កំណើត​របស់​ខ្លួន​។​

​ជា​បន្ដ​សូម​ស្ដាប់​លោក​ លៀ​ ស៊ី​ណា​ ដូច​តទៅ​ ៖​

 

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ គឺជា​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​ ពិធី​នេះ​មាន​រយៈពេល​ ១៥​ថ្ងៃ​ចាប់ផ្ដើម​ពី​ថ្ងៃ​ ១​រោច​ ខែភទ្របទ​ ដល់​ថ្ងៃ​ ១៥​រោច​ ខែភទ្របទ​។​ បុណ្យ​ភ្ជុំបិណ្ឌ​ គឺជា​ពៃ​ណី​ទំនៀមទម្លាប់​របស់​ខ្មែរ​ តាំងពី​យូរលង់​ណាស់​មក​ហើយ​។​ ទាក់ទិន​ពិធីបុណ្យ​ជាតិ​នេះ​មាន​តំណាល​ជា​ច្រើន​ បាន​ចារ​ទុក​ រៀបរាប់​ពី​ប្រវត្ដិ​នៃ​ពិធី​នេះ​។​

​ជុំវិញ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ លោក​សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ដ្រ​ សំបូរ​ មា​ណ្ណា​រ៉ា​ បាន​ឲ្យ​និយម​ន័យ​ទៅ​លើ​ពិធីបុណ្យ​មួយ​នេះ​ថា​ គឺជា​ពិធី​សំយោគ​ នៃ​ទំនាក់ទំនង​សង្គម​ សាសនា​ និង​ វប្បធម៌​។​ លោក​បន្ដ​ថា​ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ គឺជា​ពិធី​មួយ​ដែល​រំ​ឮ​ក​ នូវ​កត្ដញ្ញូ​ធម៌​ ដែល​ជា​តម្លៃ​ដ៏​ពិសិដ្ឋ​ នៃ​គុណធម៌​របស់​ប្រជាជន​ខ្មែរ​ ដែល​ឲ្យ​តម្លៃ​ទៅ​លើ​ការ​គោរព​អ្នក​មានគុណ​ និង​អ្នក​ទាំងឡាយ​ដែល​ជា​ចាស់ព្រឹទ្ធាចារ្យ​ ។​

​លើស​ពី​នេះ​ លោក​សាស្ដ្រាចារ្យ​បន្ដ​ថា​ រាល់ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ម្ដងៗ​ មនុស្ស​គ្រប់​គ្នា​ដែល​បាន​ចាក​ស្រុក​កំណើត​ទៅ​ឆ្ងាយ​ តែងតែ​ស្ទុះស្ទា​ម្នីម្នា​ វិល​ត្រឡប់​ទៅ​រក​ស្រុ​កំណើត​ របស់​ខ្លួន​វិញ​ ដើម្បី​បង្ហាញ​ថា​ ខ្លួន​ មាន​ជាតិ​កំណើត​ មាន​ មាន​មេ​ មាន​បា​ ៖«​អ​ញ្ចឹ​ង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺជា​បង្ហាញ​ប្រាប់​អំពី​ សំយោគ​ សង្គម​។​ អ្នកមាន​បងប្អូន​ដូនតា​ យា​តា​ ម៉ែ​ ឪ​ នៅ​កន្លែង​ណា​ គឺ​ទៅ​រក​ស្រុក​កំណើត​។​ ដើម្បី​កុំ​ឲ្យ​គេ​ដៀល​ថា​ មនុស្ស​អត់​កំណើត​ មនុស្ស​ភ្លេច​កំណើត​។​ អ​ញ្ចឹ​ង​ខ្មែរ​យើង​កាលណា​ឮ​ពាក្យ​ហ្នឹង​គឺ​មានការ​ឈឺចាប់​ណាស់​។​ អ​ញ្ចឹ​ង​ទេ​ បុណ្យ​ភ្ជុំបិណ្ឌ​នេះ​គឺ​បង្ហាញ​ប្រាប់​ទៅ​អ្នក​ទាំងឡាយ​ថា​ ខ្ញុំ​មានកំណើត​ ខ្ញុំ​មាន​មេ​ ខ្ញុំ​មាន​បា​ ខ្ញុំ​មាន​ចាស់ព្រឹទ្ធាចារ្យ​ ខ្ញុំ​មាន​ភូមិ​ ខ្ញុំ​មានស្រុក​ ខ្ញុំ​មាន​កន្លែង​របស់ខ្ញុំ​។​ អ​ញ្ចឹ​ង​សម្រាប់​ខ្ញុំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ គឺជា​ពិធី​សំយោគ​ វប្បធម៌​ ប្រពៃណី​ ទំនៀមទម្លាប់​ និង​សេដ្ឋកិច្ច​សង្គម​»​។​

​បន្ថែម​លើ​នេះ​លោក​សាស្ដ្រាចារ្យ​ បន្ដ​ថា​ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ លោក​មិន​និយាយ​ដល់​ ទេវ​កថា​ ឬ​អបិយ​ជំនឿ​ អ្វី​ទេ​ តែ​លោក​ចង់​លើកយក​ពី​សីលធម៌​សង្គម​ មក​រំ​ឮ​កកូន​ខ្មែរ​។​ លោក​ថា​ ឪពុក​ ម្ដាយ​ គ្រប់​រូប​ឲ្យ​តែ​ដល់​រដូវ​បុ​ណ្ឌ​ភ្ជុំ​នេះ​ ពួក​គាត់​តែងតែ​រង់ចាំ​ផ្លូវ​កូនៗ​របស់​ខ្លួន​។​ លោក​សាស្ដ្រាចារ្យ​ លើកទឹកចិត្ដ​ថា​ កូនៗ​គួរតែ​ទៅ​ជួប​ឪពុក​ ម្ដាយ​ របស់​ខ្លួន​ ដើម្បី​បង្ហាញ​ពី​ការ​គោរព​ ដល់​លោក​ទាំង​ពីរ​ និង​បង្ហាញ​ពី​ការ​ដឹងគុណ​ចំពោះ​ចាស់ព្រឹទ្ធាចារ្យ​ និង​បព្វ​បុរស​របស់​ខ្លួន​ ៖«​ឪពុក​ ម្ដាយ​ ចាស់ទុំ​ ទាំងឡាយ​តែងតែ​រំពឹងមើល​ផ្លូវ​កូន​ នៅ​រដូវ​ភ្ជុំ​ដាច់ខាត​។​ ឲ្យ​តែ​ពេល​ហ្នឹង​មានកូន​មាន​ចៅ​មក​ជិត​ រៀបចំ​ សម្ភារ​ របស់របរ​ដើម្បី​បូជា​ ចំពោះ​លោក​ ដើម្បី​ជូន​ទៅ​លោក​។​ ឪពុក​ ម្ដាយ​ ទាំងឡាយ​នោះ​ មាន​ក្ដី​សុខ​ខាង​ផ្លូវចិត្ដ​ មាន​តម្លៃ​ក្នុង​ជីវិត​ ដោយ​គិត​ថា​ កូន​ទាំងឡាយ​ហ្នឹង​ គេ​មានកំណើត​ព្រោះ​ដោយសារ​តែ​គេ​ហ្នឹង​ ស្គាល់​គុណ​ ស្គាល់​កត្ដញ្ញូ​ចំពោះ​អ្នក​មានគុណ​ មនុស្ស​ចាស់​ ហើយ​មិន​ត្រឹមតែ​ដឹងគុណ​ចំពោះ​មនុស្ស​ចាស់​មានជីវិត​ទេ​ គឺ​ការ​ដឹងគុណ​ចំពោះ​មនុស្ស​ចាស់​ ដែល​បាន​បូជាជីវិត​ ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ក៏​មាន​»​។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ញ៉ាំង​ឲ្យ​មនុស្ស​ទាំងឡាយ​ប្រើប្រាស់​នូវ​ឧត្ដមគតិ​របស់​ខ្លួន​ធ្វើអំពើ​ល្អ​នៅ​ពេល​ដែល​មានជីវិត​ ថែរក្សា​កូនចៅ​ និង​ អប់រំ​កូនចៅ​ឲ្យ​បាន​ល្អ​។​ ការ​ធ្វើ​បែប​នេះ​ គឺជា​បច្ច័យ​ល្អ​ដើម្បី​បង្ហាញ​គំរូ​ដល់​កូនចៅ​ ជំនាន់​ក្រោយ​ ឲ្យ​ចេះ​ដឹងគុណ​ ឪពុក​ ម្ដាយ​ និង​ចាស់ព្រឹទ្ធាចារ្យ​របស់​ខ្លួន​ ទាំង​នៅ​មានជីវិត​ និង​ក្រោយ​ពេល​ចែក​ឋាន​ទៅ​។​ លោក​សាស្ដ្រាចារ្យ​ អំពាវនាវ​ដល់​យុវជន​ យុវនារី​ ត្រូវធ្វើ​យ៉ាងណា​ញ៉ាំង​ពេលវេលា​នៃ​ការ​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ឲ្យ​ទៅ​ជា​ពេលវេលា​ តម្លៃ​នៃ​គុណធម៌​ កត្ដញ្ញូ​របស់​ខ្មែរ​យើង​៕

Share

Image
Image
Image