en     km
en     km

អ្នកនាំពាក្យរាជរដ្ឋាភិបាលថាវត្តមានរបស់សម្ដេចហ៊ុនសែននៅឯUNជាជោគជ័យការទូត តែអ្នកវិភាគយល់ផ្ទុយពីនេះ

Share

ភ្នំពេញ៖ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៣ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជាជារដ្ឋអធិតេយ្យ ដែលខិតខំតស៊ូមតិដើម្បីកម្ពុជាទទួលបាននូវសន្តិភាព ដោយមិនត្រូវការនូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងឡើយ។  មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអះអាងបន្តថា វត្តមានរបស់សម្ដេចហ៊ុនសែន ជាជោគជ័យផ្នែកនយោបាយការទូតរបស់កម្ពុជា។ ស្របគ្នានេះដែល អ្នកវិភាគឯករាជ្យ យល់ឃើញថា វត្តមានមេដឹកនាំកម្ពុជានៅលើវេទិកាអន្តរជាតិគឺមិនត្រូវសន្និដ្ឋានភ្លាមថាជាជោគជ័យការទូតរបស់កម្ពុជានោះទេ។

លោក សោម លាភ រាយការណ៍៖

ដូចដែលសម្ដេច ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជាបង្ហាញជំហរហើយថា កម្ពុជាជារដ្ឋអធិបតេយ្យ ដូចនេះរដ្ឋមួយនេះមិនអាចឱនក្បាលឱ្យនរណាជាន់បានឡើយ។

ស្របពេលនេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថាមេដឹកនាំកម្ពុជា សម្ដេច ហ៊ុន សែន បានធ្វើការតស៊ូមតិនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉កដោយ បានលើកឡើងពីចរន្តនយោបាយប្រកបដោយសន្តិភាពរបស់កម្ពុជា ហើយថា កម្ពុជា ពេលនេះ មិនដូច ទសវត្សមុនៗនោះទេគឺមានការអភិវឌ្ឍនិងសន្តិភាពពេញលេញ។

នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេចហ៊ុន សែន ក្នុងនាមតំណាងឲ្យប្រជាជាតិខ្មែរ បានអំពាវនាវឲ្យមានការគោរពសិទ្ធិអធិបតេយ្យ នៃប្រជាជាតិទាំងឡាយ ដោយមិនត្រូវលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ទោះតូច ឬ យ៉ាងណាក្តី។

សម្តេច ហ៊ុន សែន ទទូចឱ្យខ្មែរគ្រប់រូប មានមោទនភាពលើជាតិរបស់ខ្លួនក្នុងឆាកអន្តរជាតិ។

លោក ផៃ ស៊ីផានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី ២ តុលានេះថា នៅក្នុងអង្គប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងអាណត្តិនេះ កម្ពុជាបានផ្ដល់ នូវអ្វីដែលអង្គការសហប្រជាជាតិ និងគ្រប់ជាតិសាសន៍ទាំងអស់តែងតែចង់បាននោះ គឺ សន្តិភាព។ យ៉ាងណាកិច្ចប្រជុំនេះ ជាជោគជ័យនយោ បាយកាទូតរបស់កម្ពុជា។

នៅក្នុងវេទិកាតស៊ូមតិនោះ គឺដើម្បីឱ្យអង្គការសហប្រជាជាតិ គ្រប់គ្រងប្រទេសធំឱ្យមានប្រសិទ្ធភាព ដោយសារប្រទេសធំៗនោះ ចូលលុកលុយក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដែលជារដ្ឋអធិបតេយ្យដូចជាកម្ពុជា។

ដោយឡែក សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងតាមរយៈទំព័រហ្វេសបុករបស់សម្ដេចថា សម្ដេចទទួលបានលទ្ធផលគួរជាទីមោទនភាពក្រែងលែងសម្រាប់ប្រជាជាតិទាំងមូលក្នុងការបង្ហាញទៅដល់ពិភពលោកនូវជំហររបស់កម្ពុជា។

នាយករដ្ឋមន្ត្រីកម្ពុជារូបនេះថា ខ្លួនមិនត្រឹមតែថ្លែងនៅក្នុងអង្គប្រជុំមហាសន្និបាទនោះទេ តែសម្ដេចថែមទាំង ជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួន ដែលជំនួបទាំងអស់នោះ នឹងបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែរឹងមាំបង្កើននូវការរីកចម្រើនសំរាប់ប្រទេស តាមរយៈការទាក់ទាញវិនិយោគិនបន្ថែមមកកម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយ លោក បណ្ឌិតមាស នី អ្នកវិភាគសង្គម និងបញ្ហានយោបាយមានប្រសាសន៍ប្រាប់វិទ្យុស្ត្រីថា ក្នុងអង្គប្រជុំក្នុងមហាសន្និបាទអង្គការសហប្រជាជាតិកាលពីពេលកន្លងទៅនេះ គ្រាន់តែផ្ដល់ឱកាសឱ្យប្រទេសនីមួយៗបានឡើងថ្លែងរយៈពេល១៥ នាទីតែប៉ុណ្ណោះ។ យ៉ាងណា វាមិនទាន់អាចបង្ហាញពីភាពជោគជ័យរបស់កម្ពុជានោះទេ។

កម្ពុជា អាចនឹងប្រឈមមុខនឹងការដកការអនុគ្រោះពន្ធពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលជាទីផ្សារនាំចេញធំបំផុតពីកម្ពុជា។

យ៉ាងណាមិញ អ្នកវិភាគរូបនេះបញ្ជាក់ថា វត្តមានរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជាកុំអាចទាន់បញ្ជាក់បានថា កម្ពុជាត្រូវអាចគេចផុតពីគំនាបអន្តរជាតិនៅឡើយនោះទេ។

ខណៈសម្ដេច ហ៊ុន សែន ថ្លែងសុន្ទរកថា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ គឺនៅខាងក្រៅពលរដ្ឋខ្មែររស់នៅក្រៅប្រទេសបានធ្វើបាតុកម្មទាមទារអោយ អន្តរជាតិជួយកម្ពុជាជាបន្ទាន់ព្រោះលទ្ធិប្រជាធិបតេយ្យ បានគ្រោះថ្នាក់ហើយ ដោយសារបក្សប្រឆាំងត្រូវបានរំលាយ។ តែយ៉ាងនេះ មានបាតុកម្មមួយទៀតបានកើតឡើងដោយក្រុមនេះបានគាំទ្រវត្តមានរបស់សម្ដេច ហ៊ុន សែន ហើយសរសើរពីសមិទ្ធផលរបស់បក្សកាន់អំណាច៕

 

 

 

 

Share

Image
Image
Image