en     km
en     km

តុលាការភ្នំពេញផ្ដន្ទាទោសមន្ត្រីនិងអតីតមន្រ្តីអាដហុកម្នាក់ៗ៥ឆ្នាំ ទោះមានការស្នើសុំ ឱ្យទម្លាក់ចោលបទចោទក៏ដោយ

Share

ភ្នំពេញ៖ សាលាដំបូងរាធានីភ្នំពេញសម្រេចផ្ដន្ទាទោសមន្ត្រីនិងអតីតមន្ត្រីអាដហុកម្នាក់ៗ៥ឆ្នាំ តែយ៉ាងណាក្ដីទោសនោះត្រូវបានព្យួរ។ យ៉ាងណាមិញ មុននេះមួយថ្ងៃគឺថ្ងៃទី ២៥ កញ្ញា ម្សិលមិញ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានទទួចឱ្យកម្ពុជាទម្លាក់ការចោទប្រការលើមន្ត្រីអាដហុកទាំង៥រូបនោះ។

លោក សោម លាភ រាយការណ៍ ៖

មន្រ្តីការពារសិទ្ធិមនុស្សអាដហុកទំាងប្រំារូប។រូបភាព៖ Adhoc

សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមសម្រេចផ្ដន្ទាទោសមន្ត្រីអាដហុកទាំង ៥រូប ដោយផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ ក្នុងម្នាក់ៗ តែទោសនេះត្រូវបានព្យួរ បន្ទាប់ពីសវនាការកាលពីខែមុន ដែលមានប្រធាន​ចៅក្រម​ជំនុំជម្រះគឺ លោក ឌុច សុខ សារីន។

វិទ្យុស្រ្តីមិនអាចសុំការអធិប្បាយបន្ថែមពីលោក មេធាវី សុខ សុគង់ បានទេនៅពេលនេះ ដោយហៅចូលហើយមិនមានអ្នកទទួល។

មន្ត្រី​អង្គការ​អាដហុក​ទាំង​ ៥នោះ ​រូប​រួមមាន​លោក ណៃ វង់ដា លោក នី សុខា លោក​ យី សុខសាន លោកស្រី លឹម មុនី និង​អតីត​បុគ្គលិក​អង្គការ​អាដហុក លោក នី ចរិយា ដែល​បច្ចុប្បន្ន​ជា​មន្ត្រី​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

​មន្ត្រីអាដហុកទាំងនេះ ត្រូវបានចោទប្រកាន់ក្នុងសំណុំ​រឿង​ «​សូកប៉ាន់​សាក្សី​»។ ពួកគាត់ត្រូវបានចោទថា ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ផ្តល់​សេវា​គាំទ្រ​ទៅ​​កញ្ញា ខុម ចាន់ដារ៉ាទី ហៅ​ ស្រី មុំ ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

ទោះបីជាយ៉ាងណាក៏ដោយ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ជម្រុញឱ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលនូវបទចោទប្រកាន់ទាំងអស់ទៅលើអតីតបុគ្គលិក និងបុគ្គលិកបច្ចុប្បន្នរបស់សមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍកម្ពុជា (អាដហុក) ទាំង៥រូបជាបន្ទាន់។

អង្គការអន្តរជាតិមួយនេះ ទាមទារឱ្យកម្ពុជាទម្លាក់ចោលរាល់ការចោទប្រកាន់លើមន្ត្រីអាដហុក ដោយធានាថា ពួកគេអាចធ្វើសកម្មភាពរបស់ពួកគេ ក្នុងការការពារនិងលើកស្ទួយសិទ្ធិមនុស្សនៅក្នុងបរិយាកាសមួយដែលសេរីនិងមានសុវត្ថិភាពដោយគ្មានលក្ខខ័ណ្ឌព្រោះអ្នកទាំងនេះមិនបានប្រព្រឹត្តខុសនោះទេ។

ទោះបីជាស្ថិតក្នុងរូបភាពណាក៏ដោយ ក៏អង្គការលើកលែងទោសអន្តរជាតិមួយនេះ ថាការចាប់ខ្លួនចោទប្រកាន់ប្រឆាំងនឹងមន្ត្រីទាំងនេះ មានចរិតនយោបាយ ដែលជាហេតុធ្វើឱ្យមានផលមិនល្អប៉ះពាល់ដល់កម្ពុជា និងសិទ្ធិមនុស្សនៃប្រទេសនេះ។

គួររំលឹកថា មន្ត្រី​អាដហុក​ទាំង ៥ ​រូប​ត្រូវ​បាន​ឃុំខ្លួន​មុន​ការជំនុំជម្រះ​អស់​រយៈពេល​ជាង ១៤ ខែ​បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​មេសា ឆ្នាំ​ ២០១៦ ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ហើយ​បន្ទាប់មក​តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​សូកប៉ាន់​សាក្សី កញ្ញា​ ស្រីមុំ ទៅ​តាម​មាត្រា ៥៤៨ ដែល​ពួកគេ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ ១០ ​ឆ្នាំ​។ យ៉ាងណាមិញពួកគេ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​កាលពី​ខែ​មិថុនា ឆ្នាំ​ ២០១៧​៕

អត្ថបទ៖ លោក សោម លាភ

Share

Image
Image
Image