en     km
en     km

សិស្សពូកែគណិតវិទ្យាតវ៉ាសុំពិនិត្យកំណែរបស់ខ្លួនឡើងវិញដោយសារពួកគេធ្លាក់មុខវិជ្ជានេះ

Share

ភ្នំពេញ៖ ក្រោយពេលដែលដឹងលទ្ធផលជាផ្លូវការនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិរួចមកឬគេហៅថា បាក់ឌុបនោះ មានសិស្សជាប់ប្រមាណជា៦៦. ០២ ភាគរយ ហើយ សិស្សជាប់និទ្ទេស A មានការថយចុះខណៈដែលសិស្សដែលបានជាប់និទ្ទេសរួមមានការកើនឡើង។ នៅក្នុងលទ្ធផលនេះ គេសង្កេតឃើញថា មានសិស្សពូកែផ្នែកគណិតវិទ្យាមួយចំនួនបានផុសលើបណ្ដាញសង្គមហ្វេសបុករបស់ខ្លួនគេផ្ទាល់ថា ពួកគាត់មិនអាចទទួលយកបាននូវលទ្ធផលនេះឡើយ ដោយហេតុថា ផ្នែកគណិតវិទ្យារបស់គាត់គឺធ្លាក់។

លោក សោម លាភ រាយការណ៍ជូនពីព័ត៌មាននេះ!

 

លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ បានធ្វើអោយសិស្សមួយចំនួនដែលគាត់ទន្ទឹមរង់ចាំ និងខំរៀនអស់រយៈពេល១២ ឆ្នាំ និងគ្រូមួយចំនួនអស់សង្ឃឹមជាខ្លាំង និងគិតថា វាមិនអាចទៅរួចនោះទេដោយសារពួកគេ ធ្លាក់មុខវិជ្ជាដែលពួកគេ រៀនពូកែហើយបែរជាធ្លាក់មមុខវិជ្ជានេះទៅវិញ។ ពួកគេសង្ឃឹមថា បាននិទ្ទេសរួម  A ឬB តែបែរជាធ្លាក់មក C ឬD ជាលទ្ធផលដែលមិនអាចទទួលយកបានសម្រាប់ខ្លួនផ្ទាល់ក៏ដូចជាសាលាជាដើម។

ជាក់ស្ដែង យុវសិស្ស ឆាយ លីអាន បានបង្ហាញការខកចិត្តចំពោះលទ្ធផលនេះ ខណៈដែលខ្លួនជាសិស្សពូកែផ្នែកគណិតវិទ្យាតែបែរធ្លាក់ធ្លាក់ផ្នែកគណិតវិទ្យាទៅវិញ។

លោក ឆាយ លីអាន ប្រាប់វិទ្យុស្រ្តីថា ខ្លួនជាសិស្សពូកែផ្នែកគណិតវិទ្យាដែលទទួលបានមេដាយទាំងមេដាមាស និងមេដាយប្រាក់ជាច្រើនលើកច្រើនសារ។ លីអាន បញ្ជាក់ថា​ ខ្លួនជាសិស្សពូផ្នែកគណិតវិទ្យាចំណាត់ថ្នាក់លេខ ២មេដាយប្រាក់ ទូទាំងប្រទេស កាលពីថ្នាក់ទី ៩ និងលេខ១ មេដាយមាស ទូទាំងប្រទេសផ្នែកគណិតវិទ្យាម្ដងទៀតនៅថ្នាក់ទី ១២។ មិនត្រឹមតែប៉ុណ្ណោះ លោក ឆាយ លីអាន ក៏ធ្លាប់បានទៅប្រឡងផ្នែកគណិតវិទ្យានេះជាច្រើនប្រទេសផងដែរ។

លីអាន បានប្រាប់ថា លទ្ធផលនេះនឹងធ្វើឱ្យមានផលវិបាកដល់ពួកគេជាច្រើនការស្វែងរកឱកាសអារូបករណ៍ផ្សេងៗដើម្បីបន្ដសិក្សានៅឧត្តមសិក្សានៅក្នុងស្រុក និងក្រៅស្រុក។

ជាលទ្ធផលនៃការប្រលងបាក់ឌុបនេះ គេសង្កេតឃើញថា​ក្រសួងបានរឹតបន្តឹងទាំងដំណើរការនៃការប្រឡង និងវិញ្ញាសារផងដែរដោយក្រសួងតែងតែនិយាយថា អ្នកចេះគឺជាប់។

មិនខុសគ្នាពីនេះនោះទេ យុវសិស្សម្នាក់ ឈ្មោះថា កែវ ពិសិដ្ឋ ដែលរៀននៅសាលាប៊ែលធីសាខាទី ៩ នៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃដដែលថា ខ្លួនខំរៀនយ៉ាងខ្លាំងលើមុខវិទ្យាគណិតវិទ្យា ឬមុខវិទ្យាផ្សេងៗ។

យ៉ាងណាមិញ ពិសិដ្ឋបញ្ជាក់ថា មុនពេលទៅប្រឡង គ្រូ ក៏ដូចជាសាលាផ្ទាល់ គឺសង្ឃឹមលើខ្លួនខ្លាំងជាងគេ ដែលអាចទទួលបាននិទ្ទេស A។ ជាងនេះ ពិសិដ្ឋថា ខ្លួនទទួលបាននីទ្ទេស Aជាច្រើនមុខ តែផ្នែកគណិតវិទ្យាវិញធ្លាក់ ដែលជាហេតុធ្វើឱ្យខ្លួនទទួលបានត្រឹមតែនិទ្ទេសរួម គឺនិទ្ទេស Dតែប៉ុណ្ណោះ ។

យុវសិស្ស កែវ ពិសិដ្ឋក៏ជាសិស្សពូកែផ្នែកអក្សសាស្រ្តខ្មែរផងដែរ។

លោក កែវ ពិសិដ្ឋ បញ្ជាក់ម្ដងហើយម្ដងទៀតថា ខ្លួនពូកែខាងគណិតវិទ្យាខ្លាំងជាងគេនៅក្នុងថ្នាក់របស់គាត់។ តួយ៉ាងលទ្ធផលនៃការប្រឡងប្រចាំថ្នាក់របស់ខ្លួន គឺមានតែគាត់ទេដែលធ្វើលំហាត់ពេលប្រឡងដែលធ្វើបានពិន្ទុពេញ ១២៥ លើ១២៥នៃខែខ្លះ។ ពិសិដ្ឋក៏បានចូលរួមប្រឡងប្រជែងយកអាហារូបករណ៍ទៅសិក្សានៅប្រទេសសិង្ហបុរីហើយទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រឡងនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ពិសិដ្ឋ សុំទៅក្រសួងពិនិត្យមើលដើមមានភាពយុត្តិធម៌ទាំងអស់គ្នា ដែលបានខំរៀនយ៉ាងខ្លាំង។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងនាមជាគ្រូម្នាក់ដែលបង្រៀន យុវសិស្សឈ្មោះ កែវ ពិសិដ្ឋ ក៏ដូចជាសិស្សផ្សេងៗទៀតដែលបានដឹងពីសមត្តភាពសិស្សរបស់ខ្លួនផ្ទាល់បានបង្ហាញការមិនអាចទទួលយកបាននូវលទ្ធផលបាក់ឌុបឆ្នាំនេះឡើយ។

លោក ឡេង សុវណ្ណារ៉ា គ្រូបង្រៀនផ្នែកគណិតវិទ្យានៅសាលាប៊ែលធីអន្តរជាតិ សាខាទី៩ នៅរាជធានីភ្នំពេញបានប្រាប់វិទ្យុស្រ្តីថា ការសិក្សាផ្នែកគណិតវិទ្យារបស់ សិស្សឈ្មោះ កែវ ពិសិដ្ឋរូបនេះគឺរៀនពូកែណាស់លើផ្នែកនេះ។

លោកថា ក្រសួងត្រូវតែពិនិត្យសើរើទាំងអស់លើមុខវិទ្យាគណិតវិទ្យា ប្រសិនបើសិស្សគាត់ឈ្មោះកែវ ពិសិដ្ឋម្នាក់នេះធ្លាក់ផ្នែកនេះ លោកនឹងឈប់បង្រៀន។ ជាងនេះមានជំនឿចិត្តលើគាត់ខ្លាំងណាស់។

សម្រាប់សិស្សដែលលោក ឡេង សុវណ្ណា ជឿទុកចិត្តលើសមត្តភាព និងមិនអាចទទួលយកបាននូវលទ្ធផលនេះមិនមែនមានតែកែវ ពិសិដ្ឋតែប៉ុណ្ណោះនោះទេ ពោលគឺមានអ្នកពូកែប្រហាក់ប្រហែលជាប្រមាណជា ៤ ទៅ៥នាក់ទៀតឯណោះ។

ដូចគ្នានេះដែរ លោក ព្រុំ កុសល គ្រូបង្រៀននៅវិទ្យាល័យសម្ដេចហេងសំរិនព្រៃល្វា ក៏មិនយល់ព្រមចំពោះលទ្ធផលនេះឡើយ។ លោក គ្រូ ព្រុំ កុសល បញ្ជាក់ថា លោកបានណែនាំសិស្សរបស់ខ្លួនមួយចំនួនដែលលោក ជឿជាក់ថា​ មិនអាចនឹងធ្លាក់ក្នុងការប្រឡងនោះ ឱ្យស្នើទៅក្រសួងឱ្យពិនិត្យឡើងវិញលើលទ្ធផលទាំងនេះ។

ចំពោះសិស្សរបស់លោក ព្រុំ កុសល ប្រមាណ៥ ទៅ៦នាក់ កំពុងតែធ្វើពាក្យស្នើមកក្រសួងនៅថ្ងៃនេះហើយ។ សូមបញ្ជាក់ថា សិស្សរបស់លោកគ្រូ ព្រុំ កុសល មិនមែនតវ៉ាតែគណិតវិទ្យាតែប៉ុណ្ណោះនោះទេ តែតវ៉ាលើលទ្ធផលទាំងអស់តែម្ដង។

គិតមកដល់ពេលនេះ វិទ្យុស្រ្តី មិនអាចទាក់ទងទៅអ្នកនាំពាក្យក្រសួងអប់រំបានទេ ដោយទូរស័ព្ទហើយអត់អ្នកលើក។

គួររំលឹកថា សិស្សពូកែគណិតវិទ្យាទាំងនោះ និងគ្រូផងដែរ ថាលទ្ធផលនេះមានកំហុសផ្នែកបចេ្ចកទេសក្នុងការធ្វើកំណែវិញ្ញាសារ។ យ៉ាងណាមិញ​ ពួកគាត់បានសុំឱ្យក្រសួងពិនិត្យរឿងនេះឱ្យខានបាន៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង