ភ្នំពេញ ៖ តាមការព្យាករណ៍ពីកម្ពស់ទឹកនៅទន្លេមេគង្គ របស់ក្រសួងធនធានទឹក បញ្ជាក់ថា ទឹកទន្លេមេគង្គនឹងបន្ដស្រចុះ រហូតដល់ដើមសប្ដាហ៍ក្រោយ។ តែយ៉ាងណា មន្ដ្រីក្រសួងធនធានទឹក ប្រាប់ឲ្យពលរដ្ឋ រស់នៅតំបន់នេះ កុំធ្វេសប្រហេស បើទោះជាទឹកស្រកបន្ដិចហើយក៏ដោយ។
លោក លៀ ស៊ីណា រាយការណ៍ ៖
ព្រឹត្ដិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ដែលក្រសួងធនធានទឹកផ្សព្វផ្សាយនៅថ្ងៃទី០៨ កញ្ញា នេះ ប្រាប់ថា កម្ពស់ទឹកទន្លេមេគង្គ បាននិងកំពុងស្រកចុះសន្សឹមៗ ហើយទឹកក៏នឹងបន្ដស្រកចុះទៀត រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ។ ផ្អែកតាមការព្យករណ៍នេះ ទន្លេមេគង្គ-ស្ទឹងត្រែង កម្ពស់ទឹកនឹងចុះពី ៩,៥៦ម៉ែត្រ ទៅ ៩,៤១ម៉ែត្រ ទន្លេមេគង្គ-កំពង់ចាម ទឹកនឹងចុះពី ១៤,៩៦ម៉ែត្រ ទៅ ១៤,៨៥ម៉ែត្រ ដោយឡែក ទន្លេមេគង្គ-ក្រចេះ ទឹកនឹងចុះពី ២០,៩៥ម៉ែត្រ ទៅ ២០,៧៥ម៉ែត្រ។
បើទោះជាកម្ពស់ទឹកនៅទន្លេមេគង្គតាមខេត្ដនីមួយៗ បន្ដស្រកចុះក្ដី តែមន្ដ្រីនាំពាក្យ ក្រសួងធនធានទឹក នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ មិនត្រូវធ្វេសប្រហេសនោះទេ ត្រូវមានតែមានការប្រុងប្រយ័ត្នគ្រប់ពេល។
លោក ចាន់ យុត្ថា មន្ដ្រី នាំពាក្យ ក្រសួងធនធានទឹក មានប្រសាសន៍ថា ទឹកមិនទាន់បានស្រកចុះទាំងនៅឡើយទេ ដែលប្រជាពលរដ្ឋគ្រប់រូប រស់នៅក្នុងខេត្ដជាប់ទន្លេមេគង្គ ត្រូវមានការប្រយ័ត្ន ជាប់ជានិច្ចបើទោះជាពេលនេះទឹកបានស្រកចុះខ្លះក៏ដោយ ៖«មកដល់ពេលនេះ ទី១ គឺស្ថានភាពជំនន់ហ្នឹង គឺមិនទាន់ស្រកផុតទាំងស្រុងនៅឡើយទេ បានន័យថា ទឹកនៅមានកម្ពស់ខ្ពស់នៅឡើយ បើទោះបីជាឃើញថា បានស្រកហើយក៏ដោយ។ ដូច្នេះសុំអំពាវនាវឲ្យប្រុងប្រយ័ត្នបន្ថែមទៀត»។
កាលពីដើមសប្ដាហ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឲ្យដឹងថា ខេត្ដចំនួនប្រាំ ក្នុងចំណោមខេត្ដដទៃទៀត នឹងមានភ្លៀងធ្លាក់ខ្លាំង រហូតដល់ថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ។ ខេត្ដទាំងនោះរួមមាន មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងខេត្ដត្បូងឃ្មុំ។ ចំណែករាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម និងខេត្ដកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ បន្ថែមពីនេះ ខេត្ដដទៃៗទៀត អាចមានភ្លៀងធ្លាក់ពី តិចទៅ បង្គួរ។
ជំនន់ទន្លេមេគង្គ បានបង្កឲ្យប៉ះពាល់ទៅដល់ខេត្ដចំនួន ០៨ ដែលមានដូចជា ខេត្ដស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្ដាល តាកែវ និងខេត្ដកំពង់ឆ្នាំ។ នេះបើយោងតាម មន្ដ្រីនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ លោក កែវ វី។
លោក កែវ វី បានប្រាប់ទៀតថា ខេត្ដទាំងប្រាំបីនេះ មាន ៤៥ស្រុក/ក្រុង និង ២៥០ឃុំ/សង្កាត់ បានរងផលប៉ះពាល់។ គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា ប្រជាពលរដ្ឋមានចំនួន ៣៦នាក់បានស្លាប់ នៅក្នុងនោះគឺមានកុមារ ១៥នាក់ ជាមួយគ្នានេះក៏មានអ្នករងរបួស ៨២នាក់ ផងដែរ។ ប្រជាពលរដ្ឋដែលរងគ្រោះរហូតដល់ស្លាប់នេះ មាននៅខេត្ដកំពង់ចាម ១៥នាក់ ខេត្ដព្រៃវែង ១៣នាក់ ស្ទឹងត្រែង ៤នាក់ ក្រចេះ ៣នាក់ និងខេត្ដត្បូងឃ្មុំ ម្នាក់។ លើសពីនេះផ្ទះចំនួន ១៦១ខ្នង ត្រូវបានរុះរើ ហើយទឹកបានលិចសាលារៀន ២៨៩កន្លែង វត្ដ ១២១កន្លែង និងមណ្ឌលសុខភាព ២១កន្លែង។
លោក កែវ វី អំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យតាមដានព័ត៌មានស្ដីពីស្ថានភាពទឹកឲ្យបានជាប់ជានិច្ច ដើម្បីងាយក្នុងការបង្ការ និងប្រុងប្រយ័ត្ន។ បន្ថែមពីនេះលោកស្នើឲ្យអាណាព្យាបាលទាំងអស់ ដែលរស់នៅតាមបណ្ដោយដងទន្លេមេគង្គ ត្រូវមើលថែកូនឲ្យបានល្អ ដោយមិនត្រូវបណ្ដោយឲ្យកូនទៅលេងទឹកតែម្នាក់ឯងនោះទេ៕