en     km
en     km

​មូលហេតុ​អ្វី​ទើប​តម្លៃប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​មិន​អាច​បញ្ចុះ​ឲ្យ​សមាមាត្រ​នឹង​តម្លៃ​ទីផ្សារ​អន្តរជាតិ​?

Share

​ខណៈ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ពិភពលោក​បាន​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់​ នៅ​ទីផ្សារ​កម្ពុជា​ឯនេះ​ វិញ​ តម្លៃ​ប្រេងឥន្ធនៈ​បាន​ធ្លាក់​ចុះ​តិចតួច​បំផុត​។​ កត្តា​នេះ​នាំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ លើកយក​បញ្ហា​នេះ​មក​ថ្លែង​ក្នុង​វេទិកាសាធារណៈ​ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នេះ​ ធ្វើ​យ៉ាងណា​ឲ្យ​តម្លៃ​ឥន្ធនៈ​ស្រប​តាម​ទីផ្សារ​អន្តរជាតិ​។​

​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ តម្លៃ​ប្រេងឥន្ធនៈ​ហាក់​នៅ​ទ្រឹង​នៅឡើយ​។​ តើ​មាន​កត្តា​អ្វីខ្លះ​ ដែល​ធ្វើ​ឲ្យ​ឥន្ធនៈ​នៅ​កម្ពុជា​មិន​អាច​បញ្ចុះតម្លៃ​បាន​?

​ថ្មីៗ​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ចាប់អារម្មណ៍​លើ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ថា​ចុះថ្លៃ​យឺត​ នៅ​ពេល​ដែល​តម្លៃ​លើ​ទីផ្សារ​ពិភពលោក​ធ្លាក់​ចុះ​ ផ្ទុយ​ទៅ​វិញ​បាន​ឡើងថ្លៃ​លឿន​ នៅ​ពេល​ដែល​តម្លៃ​លើ​ទីផ្សារ​ពិភពលោក​កើនឡើង​។​

​ទន្ទឹម​នឹង​ការ​ចាប់អារម្មណ៍​ខាងលើ​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ និង​ក្រសួង​ហិរញ្ញវត្ថុ​ ឲ្យ​ពិនិត្យ​លើ​បញ្ហា​នេះ​ ដើម្បី​ធ្វើ​យ៉ាងណា​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​ឲ្យ​ស្រប​ទៅ​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​ ។​

Total-Station-cover

​ប៉ុន្មាន​ថ្ងៃក្រោយ​ការ​ចេញ​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ថា​ ខ្លួន​បាន​រៀបចំ​រូបមន្ត​ក្នុង​ការ​កំណត់​ តម្លៃ​ប្រេងឥន្ធនៈ​ ដើម្បី​ធានា​ថា​ ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​ទាំងអស់​ នឹង​លក់​នៅ​ក្នុង​តម្លៃ​មួយ​ ដែល​សម​ស្រប​នឹង​ទីផ្សារ​អន្តរជាតិ​ និង​មិន​ចំណេញ​ខ្លាំង​ពេក​។​

​ក្នុង​ការ​រៀបចំ​រូបមន្ត​នោះ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ លោក​ ស៊ុន​ ចាន់​ថុ​ល​ ថ្លែង​ថា​ ក្រសួង​បាន​ស្នើ​ក្រុមហ៊ុន​ឥន្ទ​នៈ​ឯកជន​ទាំងអស់​ ឲ្យ​ផ្តល់​ទិន្នន័យ​ចំណូល​ចំណាយ​ តម្លៃ​ទិញ​ចូល​ និង​ តម្លៃ​ដឹក​ជញ្ជូន​ ក៏​ដូច​ជា​តម្លៃ​ស្ថានីយ​ជាដើម​ ដើម្បី​ឲ្យ​ក្រសួង​រក​រូបមន្ត​កំណត់​តម្លៃ​ និង​ស្វែងរក​ការ​ឯកភាព​គ្នា​ពី​ក្រុមហ៊ុន​។​
​យ៉ាងនេះ​ក្ដី​ តាំងពី​ក្រោយ​ការ​កត់សម្គាល់​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ និង​តាំងពី​ក្រសួងពាណិជ្ជកម្ម​បាន​រក​រូបមន្ត​ដើម្បី​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​នោះ​ តម្លៃ​ឥន្ធនៈ​នៅ​កម្ពុជា​ហាក់​នៅ​ថេរ​នៅឡើយ​ ។​

​តើ​មាន​មូលហេតុ​អ្វីខ្លះ​ ទើប​ធ្វើ​ឲ្យ​តម្លៃ​ឥន្ធនៈ​នៅ​កម្ពុជា​ មិន​អាច​បញ្ចុះ​ឲ្យ​សមាមាត្រ​នឹង​តម្លៃ​ទីផ្សារ​អន្តរជាតិ​បាន​?

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​មាស​ នី​ មាន​ប្រសាសន៍​ថា​ បញ្ហា​ទី​១​ មក​ពី​រដ្ឋាភិបាល​កម្ពុជា​ មិនសូវ​បាន​ចាត់វិធានការ​គ្រប់គ្រង​ឲ្យ​បាន​តឹងរ៉ឹង​ ទៅ​លើ​ការ​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​ គឺ​បាន​ត្រឹមតែ​ប្រមូល​ពន្ធ​តែ​ប៉ុណ្ណោះ​ ។​ ម្យ៉ាងទៀត​ លោក​បន្ត​ថា​ អាច​មក​ពី​អ្នកដឹកនាំ​គិត​ថា​ នៅ​កម្ពុជា​ អត់​មាន​អ្នក​ណា​ហ៊ាន​សួរ​ដេញដោល​ក្នុង​រឿង​នេះ​ ទើប​ទាំង​រដ្ឋាភិបាល​ ទាំង​ក្រុមហ៊ុន​ប្រេង​ធ្វើ​ព្រងើយកន្ដើយ​ទាំងអស់​គ្នា​ ។​ លោក​ថា​ សំណាង​ហើយ​ដែល​បច្ចុបន្ន​នេះ​  ពលរដ្ឋ​ខ្មែរ​មាន​ហ្វេ​ស​ប៊ុ​ក​ គ្រាន់​ធ្វើ​ជា​មធ្យោបាយ​ក្នុង​ការ​រិះគន់​ «​យើង​គិត​ថា​ នៅ​ស្រុក​យើង​វា​មិនសូវ​មាន​អ្នកចេះ​ដឹង​អី​ច្រើន​ដេញ​ដឹង​រឿង​ហ្នឹង​ ដល់​អីចឹង​ទៅ​ ទាំង​រដ្ឋាភិបាល​ ទាំង​ក្រុមហ៊ុន​ប្រេង​ហ្នឹង​ក៏​ព្រងើយកន្ដើយ​ទាំងអស់​គ្នា​ នៅ​ពេល​ដែល​គេ​ប្រកាស​ថា​ ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​ថយ​ចុះ​ ក៏​មិនឃើញ​មាន​អ្នក​ណា​ខ្វល់ខ្វាយ​អី​ដេញដោល​ ។​ អានេះ​យើង​មាន​ហ្វេ​ស​ប៊ុ​ក​ហើយ​ គ្រាន់​នឹង​ស្រែក​រឿង​ហ្នឹង​ខ្លះ​ ហើយ​បើសិនជា​កុំ​មាន​ទៀត​ ក៏​កាន់តែ​លែង​មាន​អ្នក​ណា​ស្រែក​ទៀត​ ។​ ហើយ​មួយទៀត​គឺថា​ នៅ​ស្រុក​យើង​នេះ​ ទោះបីជា​ប្រេង​ហ្នឹង​វា​ចុះថោក​ប៉ុនណា​ ក៏​វា​មិន​អាច​ថោក​ដូចដែល​ស្រុក​គេ​ជិតខាង​ ដោយសារ​រដ្ឋាភិបាល​យើង​យកពន្ធ​ប្រេង​ហ្នឹង​ខ្ពស់​ពេក​»​។​

​លោក​មាស​ នី​ បន្ថែម​ថា​ ដោយសារ​ការ​យកពន្ធ​លើ​តម្លៃ​ប្រេងសាំង​ថ្លៃ​ពេក​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ មិន​អាច​បញ្ចុះ​ឲ្យ​សមាមាត្រ​នឹង​តម្លៃ​ទីផ្សារ​អន្តរជាតិ​បាន​។​ លោក​ថា​ តម្លៃ​ប្រេង​នៅ​ប្រទេស​ថៃ​ និង​វៀតណាម​ ដែល​មាន​ព្រំដែន​ជាប់​កម្ពុជា​ គឺ​ប្រហែល​បី​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​លី​ត្រ​ ចំណែក​នៅ​កម្ពុជា​វិញ​ តម្លៃ​ដល់​ទៅ​ជិត​បួន​ពាន់​រៀល​ ។​
​លោក​មាស​ នី​ បញ្ជាក់​ថា​ ការ​ដែល​ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ​អាច​លក់​ប្រេង​ក្នុង​តម្លៃ​ទាប​ជាង​ប្រទេស​កម្ពុជា​ ដោយសារ​តែ​រដ្ឋាភិបាល​គេ​យកពន្ធ​តិច​ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​គេ​មាន​កំណើន​ឡើង​។​ លោក​ថា​ កាលណា​តម្លៃ​ប្រេងសាំង​ខ្ពស់​ នោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​ «​តាំងពី​កសិករ​ឡើង​ កសិករ​គាត់​មិន​ត្រូវការ​ប្រើ​ប្រេង​!​ ហើយ​អ្នក​ធ្វើ​ដំណើរ​ចុះឡើង​មិន​ត្រូវការ​ប្រើ​ប្រេង​ចាក់​ម៉ូតូ​ អ្នក​ឡាន​ គេ​រកស៊ី​រត់​ឈ្នួល​ឡាន​ ប្រេង​ថ្លៃ​គេ​ក៏​យក​ពី​អ្នក​ធ្វើ​ដំណើរ​ហ្នឹង​ថ្លៃ​ដែរ​ អ៊ីចឹង​ទៅ​ណ៎ះ​!​ ដល់​អីចឹង​ទៅ​ ប្រេង​ហ្នឹង​គឺ​ប៉ះពាល់​ដល់​ពលរដ្ឋ​គ្រប់​រូប​ទាំងអស់​ ហើយ​រដ្ឋាភិបាល​គេ​ប្រទេស​ជិតខាង​យើង​ ដូច​ថៃ​ វៀតណាម​ របប​ប្រេង​ហ្នឹង​ គេ​ទប់​តម្លៃ​ឲ្យ​ទាប​ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ពលរដ្ឋ​គេ​ហ្នឹង​បាន​ទទួល​បាន​ជីវភាព​ហ្នឹង​វា​អាច​បាន​ធូរស្រាល​ ដោយសារ​ប្រេង​ថោក​ ប៉ុន្តែ​ស្រុក​យើង​ យើង​អត់​បាន​គិត​»​។​

​លោក​មាស​ នី​បន្ថែម​ថា​ កត្តា​ចម្បង​មួយ​ ដែល​រដ្ឋាភិបាល​កម្ពុជា​យកពន្ធ​លើ​ប្រេងឥន្ធនៈ​ខ្ពស់​ អាច​ដោយសារ​ថា​ រដ្ឋាភិបាល​មិន​បាន​ប្រឹងប្រែង​ប្រមូល​ពន្ធ​ពី​ផ្នែក​ផ្សេង​ទៀត​ឲ្យ​បាន​មាំទាំ​ ទើប​ធ្វើ​ឲ្យ​ការ​ប្រមូល​ពន្ធ​ពី​ប្រេងឥន្ធនៈ​ ក្លាយជា​ប្រភព​ចំណូល​មួយ​ធំ​ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ខំ​ជម្រិត​ពន្ធ​ពី​ប្រេងឥន្ធនៈ​តែ​ម្ដង​។​

​ផ្អែក​លើ​ប្រសាសន៍​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ខាងលើ​នេះ​ ឃើញ​ថា​ កត្តា​ដែល​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​មិន​អាច​បញ្ចុះ​ឲ្យ​សមាមាត្រ​នឹង​អត្រា​ទីផ្សារ​ពិភពលោក​មក​ពី​ រដ្ឋាភិបាល​ចេះ​តែ​យកពន្ធ​ តែ​មិន​ចាត់វិធានការ​គ្រប់គ្រង​តម្លៃ​ និង​ម្យ៉ាងទៀត​ អាច​មក​ពី​រដ្ឋាភិបាល​ធូររលុង​ក្នុង​ការ​យកពន្ធ​លើ​ទំនិញ​ផ្សេង​ទៀត​ ហើយ​បែរជា​ពង្រឹង​ពន្ធ​លើ​ប្រេងឥន្ធនៈ​ទៅ​វិញ​៕

Share

Image
Image
Image