ភ្នំពេញ ៖ តំណាងម៉ាកផលិតផល Dumex នៅកម្ពុជា បានអះអាងថា ផលិតផល Dumex ដែលរកឃើញថា មាន បាក់តេរី បង្កគ្រោះថ្នាក់ដល់អាយុជីវិតទារក គឺមិនបាននាំចូលមកលក់នៅកម្ពុជានោះទេ។ ករណីនេះក្រសួងសុខាភិបាលអះអាងថា គ្មានការអនុញ្ញាតពីក្រសួង និងមិនមានការនាំចូលឡើយ។
លោក លៀ ស៊ីណា រាយការណ៍ ៖
ការបញ្ជាក់អះអាងដូចនេះ បន្ទាប់ពីមានការចុះផ្សាយ ដោយសារព័ត៌មានមួយនចំនួន ដែលនាំឲ្យមានការភណ្ឌច្រឡំ ពីសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូលកម្ពុជា។
អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ បានបញ្ជាក់ថា អាជ្ញាធរ កសិម្ហូបអាហារ និងបសុពេទ្យ នៃ ប្រទេសសិង្ហបុរី បានរកឃើញបាក់តេរី Cronobacter sakazakii នៅក្នុងផលិតផលម្សៅងទឹកដោះគោសម្រាប់ទារក Dumex Mamil Gold Infant Milk Formula-Step1។ បាក់តេរី ដែលមានក្នុងម្សៅទឹកដោះគោសម្រាប់ទារកនេះ នឹងបណ្ដាលឲ្យ កើតជំងឺរលាកពោះវៀនធំ រលាកពោះវៀនតូច និងរលាកស្រោមខួរក្បាលជាដើម។ លើសពីនេះ បាក់តេរីនេះ នឹងបណ្ដាលឲ្យទារកអាយុតិចជាង ២ខែ ប្រឈមអត្រាស្លាប់ពី ១០ ទៅ ៨០ភាគរយ។ អគ្គនាយកដ្ឋានកាំកុងត្រូល ស្នើឲ្យបញ្ឈប់ការប្រើប្រាស់ម្ស៉ៅទឹកដោះគោប្រភេទនេះជាបន្ទាន់។
ក៏ប៉ុន្ដែមានការចុះផ្សាយ ដោយសារព័ត៌មានមួយចំនួន ដែលមិនបានដាក់ឈ្មោះពេញ នូវប្រភេទម្ស៉ៅទឹកដោះគោ ដែលមានផលប៉ះពាល់ដល់ទារកនេះទេ គឺដាក់ត្រឹមតែឈ្មោះផលិតផល Dumex ដែលការដាក់ដូច្នេះ បានធ្វើឲ្យប៉ះពាល់ដល់ផលិតផល Dumex ដែលមានស្ដងដារត្រឹមត្រូវ កំពុងមានវត្ដមាននៅទីផ្សារកម្ពុជា។
តំណាងម៉ាកផលិតផល Dumex នៅកម្ពុជា បានប្រាប់វិទ្យុស្ដ្រី ឲ្យដឹងថា នៅកម្ពុជាមានផលិតផល Dumex តែពីរប្រភេទប៉ុណ្ណោះ គឺ Dumex Super Gold និង Dupro និង Dugro ហើយផលិតផលទាំងពីរប្រភេទដែលកំពុងចរាចរនៅកម្ពុជានេះ គឺមិនជាប់ពាក់ព័ន្ធនិងផលិតផល Dumex ដែលមានវីរុស ត្រូវបានរកឃើញនៅប្រទេសសិង្ហបុរីនោះទេ ៖«ផលិតផលទាំងពីរអត់មានជាប់ពាក់ព័ន្ធទៅនិង Dumex Mamil Gold Infant Milk Formula-Step1 ដែលគេធ្វើការប្រមូលនៅ សាំងហ្គាពួរ (សិង្ហបុរី)ទេ។ សាំងហ្គាពួរ ហ្នឹង គឺគេផលិតឡើងសម្រាប់តែទីផ្សារ សាំងហ្គាពួរ ទេ ហើយអត់មានបាននាំចូល ឬក៏លក់ ឬក៏ចែកចាយលើទីផ្សារកម្ពុជាយើងទេ»។
តំណាងម៉ាកផលិតផល Dumex រូបនេះបន្ដទៀតថា សម្រាប់ Dumex គុណភាព និងសុវត្ថិភាពផលិត គឺជាអាទិភាពដ៏ចម្បងបំផុត។ គ្រប់ផលិតផលដែល Dumex នាំចូលមកកម្ពុជាទាំងអស់ គឺបានឆ្លងកាត់ដំណើរការផលិតកម្មដ៏តឹងរ៉ឹង និងបានធ្វើតេស្ដយ៉ាងហ្មត់ចត់ស្របតាមបទដ្ឋានអន្ដរជាតិ។ លើសពីនេះ តំណាងម៉ាកផលិតផល Dumex ស្នើដល់អតិថិជនរបស់ខ្លួនកុំមានការបារម្ភ ដោយសារតែផលិត Dumex នៅកម្ពុជា គឺគ្មានគ្រោះថ្នាក់ដល់អាយុជីវិតទារកឡើយ។
ទាក់ទិនរឿងនេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មន្ដ្រីនាំពាក្យ ក្រសួងសុខភិបាល មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីថា ប្រភេទម្ស៉ៅទឹកដោះគោ Dumex Mamil Gold Infant Milk Formula-Step1 គឺមិនត្រូវបានអនុញ្ញាតឲ្យចរាចរចូលមកលក់ក្នុងទីផ្សារកម្ពុជានោះទេ។ លើសពីនេះផលិត ម្ស៉ៅទឹកដោះគោ ដែលមានគ្រោះថ្នាក់ដល់ទារកនេះ គឺគ្មាននៅកម្ពុជានោះទេ។
តែយ៉ាងណា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម អះអាងថា ពេលនេះអាជ្ញាធរបានផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំ ចូល អាជីវករ លក់ដុំ និងរាយទាំងអស់ ឲ្យបញ្ឈប់ការចរាចរផលិតផលនេះ លើទីផ្សារ ហើយអាជ្ញាធរក៏នឹងចុះត្រួតពិនិត្យនៅតាមផ្សារ ទាំងធំ ទាំងតូច ក៏ដូចជាតាមបណ្ដាផ្សារទំនើបផងដែរ ដើម្បីប្រមូលយកផលិតម្សៅទឹកដោះគោដែលមានគ្រោះថ្នាក់ដល់ទារកនេះ។ បន្ថែមពីនេះ អគ្គនាយកដ្ឋានកាំកុងត្រូល អំពាវនាវដល់សារធារណជនទាំងអស់ សូមកុំទិញផលិតផលដែលមានអត្ដសញ្ញាណដូចបានជម្រាបជូនខាងលើ និងសូមឲ្យផ្ដល់ព័ត៌មានដល់មន្ដ្រីមានសមត្ថកិច្ច ក្នុងករណីបានប្រទះឃើញ ម្សៅទឹកដោះគោ ប្រភេទ Dumex Mamil Gold Infant Milk Formula-Step1 នេះ (លេខអាជ្ញាធរ កាំកុងត្រូល 012 278 789 / 092 999 867 / 012 985 577)៕
ព័ត៌មានទាក់ទង