en     km
en     km

សង្គមស៊ីវិល និង តំណាងក្រសួងពាក់ព័ន្ធស្វែងយល់ពីបទពិសោធន៍ជោគជ័យក្នុងការគ្រប់គ្រងព្រៃឈើនិងធនធានធម្មជាតិពីប្រទេសថៃឡង់ដ៍

Share

នគររាជសីមារ៖ អង្គការសង្គមស៊ីវិល តំណាងក្រសួងពាក់ព័ន្ធ និង តំណាងវិស័យឯកជន​កម្ពុជា បានបង្ហាញទស្សនៈ លើបទពិសោធន៍ជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រថៃ ស្តីអំពី អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ព្រមទាំងការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនសាជីវកម្ម ដែលរៀបចំដោយ វេទិការអង្គការមិនមែនរដ្ឋាភិបាល​ស្តីពីកម្ពុជា (The NGO Forum)នៅថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ​ ២០១៨ នេះ។

នៅក្នុងកម្មវិធីនេះ គឺមានការចែករំលែកបទពិសោធន៍ពីករណីជោគជ័យក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ព្រមទាំងវិធានការទប់ស្កាត់ និងដោះស្រាយជំលោះពីមន្រ្តីដែលធ្វើការពាក់ព័ន្ធ និង សហគមន៍ក្នុងតំបន់ខេត្តនគររាជសីមា ដោយមានការអញ្ជើញចូលរួមពីភាគីថៃ និង កម្ពុជា ដែលក្នុងនោះមាន មន្រ្តីអង្គការសង្គមស៊ីវិល តំណាងក្រសួងពាក់ពន័្ធនានា រួមទាំង អ្នកសារព័ត៌មានពីវិទ្យុស្រ្តីផងដែរ។

មន្រ្តីសម្របសម្រួលយុទ្ធនាការប្រចាំ អង្គការ Action Aids អ្នកស្រី អ៊ូ សុភារី បានបង្ហាញអារម្មណ៍សោមនស្សរីករាយ​ ដោយអ្នកស្រី​លើកឡើងថា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សានេះ នឹងអាចទទួលបានជាគំនិតល្អៗ ពីខាងភាគីថៃសម្រាប់កម្ពុជា ដើម្បីយកមកដោះស្រាយបញ្ហាមួយចំនួនដែលពុំទាន់ដោះស្រាយបាននៅកម្ពុជា។

អ្នកស្រី បន្តទៀតថា មេរៀននៃការដោះស្រាយបញ្ហាអភិបាលកិច្ចដីធ្លីពីប្រទេសថៃ គឺដោយសារតែមានការចូលរួមស្មើគ្នាពីសំណាក់ភាគីរដ្ឋាភិបាល មន្រ្តីអង្គការសង្គមស៊ីវិល វិស័យឯកជន និង សហគមន៍ក្នុងតំបន់។

អ្នកស្រី អ៊ូ សុភារី៖ «ខ្ញុំយល់ថា ភាពជោគជ័យរបស់គេនៅនេះ គឺដោយសារអ្នកពាក់ព័ន្ធហ្នឹងស្រុះដៃគ្នា ទាំងខាងថ្នាក់ដឹកនាំ​ អង្គការសង្គមស៊ីវិល  ​វិស័យឯកជន និង សហគមន៍ក្នុងតំបន់ ដោយប្រកាន់យកទស្សនៈមួយគឺធ្វើអ្វីដើម្បីទាំងអស់គ្នា ចាស៎!»។ 

អ្នកស្រី អ៊ូ សុភារី៖ មន្រ្តីសម្របសម្រួលយុទ្ធនាការប្រចាំ អង្គការ Action Aids

មិនខុសគ្នាពីទស្សនៈខាងលើ លោក ហូ គីមលឹង អនុប្រធានការិយាល័យគ្រប់គ្រងការងារនិងសំណង់ខេត្តរតនៈគិរី បានបង្ហាញចំណាប់អារម្មណ៍ថា ការផ្លាស់ប្តូរបទពិសោធន៍ភាពជោគជ័យពីភាគីថៃនេះគឺជារឿងដែលល្អដែលភាគី កម្ពុជាអាចទទួលបានគំនិតថ្មីៗ ក្នុងការដោះស្រាយបញ្ហាអភិបាលកិច្ច។ លោកបន្តថា បរិបទនៃការដោះស្រាយវិវាទនិងទំនាស់ដីធ្លី ធនធានធម្មជាតិ រវាងសហគមន៍ វិស័យឯកជន និង រដ្ឋាភិបាលថៃ គឺស្រដៀងគ្នាទៅនឹងបរិបទប្រទេសកម្ពុជា ដែលវាអាចជាចំណុចវិជ្ជមានអាចឲ្យកម្ពុជារៀនសូត្របន្តពីភាគីថៃផងដែរ។

លោក ហូ គីមលឹង៖ «ការផ្លាស់ប្តូរការសិក្សានេះ គឺជារឿងមួយល្អជាង! ហើយយើងអាចយល់ដឹងពីភាគីខាងថៃ អំពីការគ្រប់គ្រងរដ្ឋបាល រវាងថ្នាក់ខេត្ត និង ថ្នាក់ខេត្ត ហើយខ្ញុំមើលឃើញថាដំណោះស្រាយដីធ្លីនេះ មិនខុសគ្នាប៉ុន្មានទេ។»      

លោក ហូ គីមលឹង អនុប្រធានការិយាល័យគ្រប់គ្រងការងារនិងសំណង់ខេត្តរតនៈគិរី

 

ប្រធានផ្នែកកម្មវិធីដីធ្លី និង ព្រៃឈើនៃវេទិការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក ភាព សុភា បានមានប្រសាសន៍ថា ទស្សនកិច្ចសិក្សានេះ គឺជាការផ្លាស់ប្តូរសិក្សាសំខាន់មួយ ព្រោះថាបរិបទប្រទេសថៃគឺជាប្រទេសមួយដែលឈានជំហ៊ានដើរបានច្រើន ដែលជាកត្តាមួយដែលកម្ពុជាអាចសិក្សាពីរបៀបនៃការគ្រប់គ្រងដីធ្លី និង ធនធានធម្មជាតិ ព្រមទាំងការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនសាជីវកម្ម។

លោក ភាព សុភា៖ «ទស្សនកិច្ចសិក្សានេះ គឺមានការអញ្ជើញពីស្ថាប័នពាក់ព័ន្ធនានា ហើយយើងឃើញថា បរិបទកម្ពុជាយើងក៏មិនខុសគ្នា ប៉ុន្មានដែរ ហើយយើងគិតថា នៅមានបញ្ហាមួយចំនួនដែលយើងកំពុងតែជួបប្រទះ ហើយថៃគេអាចដើរទៅមុនយើង ដូច្នេះហើយខ្ញុំជឿថា ទស្សកិច្ចសិក្សានេះ នឹងធ្វើឲ្យប្រទេសទាំងពីអាចសិក្សាពីគ្នាបានច្រើន បាទ!»។

លោក ភាព សុភា ប្រធានផ្នែកកម្មវិធីដីធ្លី និង ព្រៃឈើនៃវេទិការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា

សូមជំរាបថា ទស្សនកិច្ចសិក្សានេះមានរយៈពេល ៦ ថ្ងៃ ដែលរាប់ចាប់ពីថ្ងៃទី ០៣ រហូតដល់ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ​២០១៨ នេះ​ រៀបចំដោយ វេទិការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលធ្វើឡើងនៅ ខេត្ត ណាខនរាជសីមា ព្រះរាជាណាចក្រថៃ។  ទស្សនកិច្ចសិក្សានេះ នឹងមានការរៀបចំផែនការសកម្មភាពរួម និង កិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ជម្លោះដីធ្លី និង ធនធានធម្មជាតិ ដោយធ្វើការសិក្សាពីបទពិសោធន៍ និងរៀនសូត្រពីករណីជោគជ័យក្នុងការគ្រប់គ្រង នៅក្នុងសហគមន៍ ខេត្ត នគររាជសីមាព្រះរាជាណាចក្រថៃនេះផងដែរ៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង