ភ្នំពេញ ៖ តុលាការក្រុងភ្នំពេញ បានចេញដីកាកោះហៅ អ្នកវិភាគ គឹម សុខ ឲ្យចូលខ្លួនបំភ្លឺ លើសំណុំរឿង “បរិហាកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្ដបទឧក្រិដ្ឋជាអាទិ៍” ខណៈលោកទើបចេញពីគុកបានជាងកន្លះខែ។ តែយ៉ាងណានៅពេលនេះ អ្នកវិភាគសង្គម និងនយោបាយរូបនេះ មិនបាននៅកម្ពុជានោះទេ។
យោងតាមដីកា របស់តុលាការក្រុងភ្នំពេញ ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី០៣ ខែកញ្ញានេះ បង្គាប់ឲ្យលោក គឹម សុខ ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅបន្ទប់ “ឈ” ជាន់ទី ៤ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០៨ និង៣០នាទីព្រឹក ដើម្បីសាកសួរយកចម្លើយពីដំណើររឿង “បរិយហាកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្ដបទឧក្រិដ្ឋជាអាទិ៍”។
យ៉ាងណាការបង្ហាញដីកានេះ ក៏ស្របពេលដែលអ្នកវិភាគ គឹម សុខ ត្រូវបានរាយការណ៍មកថា លោកបានចាកចេញពីកម្ពុជាទៅហើយ ដោយនាំទាំងកូនស្រីវ័យ ០៦ឆ្នាំ តែម្នាក់របស់លោកទៅជាមួយផង។ យោងតាមការអះអាងលើ បណ្ដាញសង្គម លោក គឹម សុខ បញ្ជាក់ថា ការចាកចេញរបស់លោកទៅរកទីសុវត្ថិភាពនាពេលនេះ ពីព្រោះតែលោកបានទទួលរង ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទាំងទីសាធារណៈ និងដោយសម្ងាត់។
លោក គឹម សុខ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ រយៈពេល ១ឆ្នាំកន្លះ (១៨ខែ) កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ និងពិន័យជាប្រាក់ចំនួន ០៨លានរៀលបង់ចូលរដ្ឋ នឹង ៨០០លានរៀល សងទៅគណបក្សប្រជាជនកម្ពុជា។ អ្នកវិភាគ គឹម សុខ ត្រូវបានគណបក្សប្រជាជនកម្ពុជាប្ដឹងពីបទ “ញុះញង់ឲ្យប្រព្រឹត្ដបទឧក្រិដ្ឋជាអាទិ៍” និងបរិហាកេរ្ដិ៍ គណបក្សប្រជាជនកម្ពុជា ថា នៅពីក្រោយការស្លាប់របស់ បណ្ឌិត កែម ឡី។ បន្ទាប់ពីអនុវត្ដន៍ទោសចប់សព្វគ្រប់ អ្នកវិភាគ គឹម សុខ ក៏ត្រូវបានតុលាការដោះលេងឲ្យមានសេរីភាពឡើងវិញ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។
ក្រោយពីចេញពីពន្ធនាគារលោក គឹម សុខ បានអះអាងប្រាប់សាធារណជនថា លោកនៅតែបន្ដការងាររបស់លោកដោយគ្មានការងាករ៉េឡើយ ពោលលោក នឹងនៅតែនិយាយរឿងពិតរបស់កម្ពុជា ដោយអះអាងថា លោកនិយាយដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ និងយុត្ដិធម៌។
គួររំឮកថា ក្នុងឱកាសជួបជាមួយកម្មករកម្មការិនី កាលពីថ្ងៃទី២៩ សីហានោះ សម្ដេច ហ៊ុន សែនបានសម្ដែងការខឹងជាខ្លាំង ដែលទំនងខឹងលោក គឹម សុខ រិះគន់ថា នីតិរដ្ឋនៅកម្ពុជា គឺជានីតិមាត់របស់អ្នកមានអំណាច។ ត្រង់ចំណុចនេះ សម្ដេចណែនាំឲ្យ ក្រុមមេធាវី រកវិធីយកលុយពីលោក គឹម សុខ ៨០០លានរៀលឲ្យបាន ហើយបើពុំនោះទេត្រូវនាំខ្លួនអ្នកវិភាគរូបនេះចូលគុកវិញ៕