en     km
en     km

គម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជាចាប់ផ្ដើមដំណើរការ

Share

ភ្នំពេញ៖អង្គការ UNDP និងក្រុមហ៊ុនចិន Green Leader Holdings Group Limited បានព្រមព្រៀងលើការបង្កើតមូលនិធិរួមគ្នា ដែលមានទឹកប្រាក់សរុប ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តន៍ «គម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា»។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្រកាសគាំទ្រភាពជាដៃគូរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា និងក្រុមហ៊ុន Green Leader Holdings Group Limited របស់ប្រទេសចិន ដើម្បីអភិវឌ្ឍន៍វិស័យដំឡូងមី ដោយផ្តោតសំខាន់លើការពង្រឹងខ្សែសង្វាក់ ដាំដុះ និងកែច្នៃ នាំចេញទៅកាន់ទីផ្សារពិភពលោកឱ្យបានខ្ពស់។

ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដូចនេះ ធ្វើឡើងនៅនាឱកាសអញ្ជើញចូលរួមជាសាក្សី នៅក្នុងពិធីចុះហត្ថលេខា រវាងអង្គការ UNDP និងក្រុមហ៊ុនចិន Green Leader Holdings Group Limited ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។ នេះបើតាមឱ្យដឹងនៅលើគេហទំព័រវេបសាយរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ។

តាមគេហទំព័រដដែល «គម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា» នឹងត្រូវអនុវត្តន៍ ក្នុងរយៈពេល ៣ឆ្នាំ ៥ខែ ដោយចាប់ផ្តើមពីខែសីហា ឆ្នាំ២០១៨ ដល់ឆ្នាំ ២០២១។

បញ្ជាក់ផងដែរថា តាមរយៈពិធីចុះហត្ថលេខា និងការព្រមព្រៀង គឺ ក្រសួងពាណិជ្ជកម្មបានបង្ហាញថា អង្គការ UNDP នឹងដឹកនាំបង្កើតគំរូការធ្វើកសិកម្មតាមកិច្ចសន្យា ដែលមានរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ ជាមួយបរិយាកាសអំណោយផលក្នុងតំបន់ សម្រាប់ប្រតិបត្តិការគម្រោង។ ចំណែកក្រុមហ៊ុនចិន Green Leader Holdings Group Limited នឹងធ្វើការសាងសង់រោងចក្រកែច្នៃម្សៅដំឡូងមី ជាមួយបច្ចេកវិទ្យាខ្ពស់ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលមានសមត្ថភាពផលិតម្សៅដំឡូងមីប្រមាណ ១លានតោន ក្នុងមួយឆ្នាំ ដើម្បីជួយប្រជាកសិករដាំដំឡូងមី នៅតាមបណ្តាខេត្តនានា ក្នុងការបង្កើនផលិតភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងធានាលំហូរពាណិជ្ជកម្មដំឡូងមី ប្រកបដោយនិរន្ត ភាព។

ដោយឡែកសម្រាប់ក្រសួងពាណិជ្ជកម្ម នឹងបង្កើតវេទិកាសន្ទនាសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សាអំពីបញ្ហាប្រឈម និងសម្របសម្រួលការប្រមូលផ្តុំធនធាន ដើម្បីដោះស្រាយបញ្ហានានាដែលរាំងស្ទះដល់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលដំឡូងមីកម្ពុជា និងការធ្វើពិធិធកម្ម (ពង្រីក) នាំចេញទៅកាន់ទីផ្សារពិភពលោក៕

 

Share

Image
Image
Image