en     km
en     km

អតីតទណ្ឌិត ថា ដំណោះសា្រយនឹងមានអាស្រ័យលើសម្ដេចហ៊ុនសែននិងលោកសមរង្ស៊ី

Share

ភ្នំពេញ៖ ភ្លាមៗក្រោយពីត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញ លោក មាជ សុវណ្ណរ៉ាមន្ត្រីជាន់ខ្ពស់ ម្នាក់នៃអតីតគណបក្សសង្រ្គោះជាតិ បានបង្ហាញពីគំនិតសុទិដ្ឋិនិយមថា សម្ដេចហ៊ុនសែននិងលោកសមរង្ស៊ី ជាមេដឹកនាំកំពូលដែលអាចធ្វើឱ្យមានដំណោះសា្រយនយោបាយឡើងវិញ ។  លោកសង្ឃឹមថា សម្ដេចហ៊ុនសែននឹងមិនបិទផ្លូវនយោបាយទេ ពោលគឺ ទុកផ្លូវម្ខាងទៀតដើម្បីឯកភាពជាតិ។

លោក សោមលាភ រាយការណ៍ !

 

ស្ថិតក្នុងទឹកមុខ ស្លេកស្លាំងបន្តិច​ លោក មាជ សុវណ្ណរ៉ា ដែលទើបចេញពីពន្ធនាគារ កាលពីម៉ោង ប្រហែលមួយយប់ ចូលដល់ថ្ងៃទី២៨សីហា បាន ប្រាប់អ្នកសារព័ត៌មានថា មេដឹកនាំកំពូល គឺសម្ដេចហ៊ុនសែន និង លោកសមរង្ស៊ី អាចរកច្រកចេញរួមគ្នា ហើយឈានទៅរកការឯកភាពជាតិ ដោះលែងលោកកឹមសុខាទុកជាផ្លែផ្កាសម្រាប់មនុស្សជំនាន់ក្រោយ។

កាលពីថ្ងៃទី ២៧ សីហា​ ម្សិលមិញ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យលើកលែងទោសដល់លោក មាជ សុវណ្ណរ៉ា និងសមាជិកអតីតគណបក្សប្រឆាំងចំនួន១៣នាក់ផ្សេងទៀត ឱ្យមានសេរីភាពឡើងវិញ ដែលការលើកលែងទោសនេះតាមសំណើ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។យ៉ាងណាមិញ អ្នកទាំង១៤ នាក់នេះ ត្រូវបានចេញពីពន្ធនាគារនៅរំលងអាធ្រាត ចូលថ្ងៃទី ២៨ សីហា។

ការដោះលែងអ្នកទោសនយោបាយដែលមានលក្ខណៈទ្រង់ទ្រាយធំទាំងនេះ ធ្វើឡើងដោយសារអ្នកទាំង១៤នាក់នេះ បានធ្វើលិខិតគោរពស្នើការអន្តរាគមន៍សុំការលើកលែងទោសទៅសម្តេច ហ៊ុន សែន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។

មុនការដោះលែងសកម្មជនរបស់អតីតគណបក្សប្រឆាំងទាំងនេះ សម្ដេចហ៊ុន សែន បានព្រមានថា បើមានខាងគណបក្សនយោបាយណាមួយនិយាយថា ការដោះលែងនេះ ធ្វើឡើងដោយសារសម្ពាធអន្តរជាតិ សម្ដេចនឹងមិនដោះលែងឡើយ ដរាបណាអ្នកកំពុងជាប់ពន្ធនាគារនោះធ្វើការថ្កោលទោសដល់អ្នកដែលថានោះជាមុនសិន។ សម្ដេច ហ៊ុន សែន ថា ការដោះលែងនេះគឺធ្វើឡើងដោយសារចិត្តធម៌របស់លោកផ្ទាល់។

ស្របគ្នានឹងនេះដែរ ក្រោយការដោះលែងសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិរួចមក លោក សម រង្ស៊ី បានចែកចាយអត្តបទខ្លីលើទំព័រហ្វេសបុករបស់លោកថា លោកចូលរួម អបអរសាទរ ចំពោះការដោះលែងអ្នកទោសនយោបាយទាំងអស់នៅថ្ងៃនេះ មានទាំងមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ១៥នាក់ផងដែរ។

យ៉ាងណាមិញ លោក សម រង្ស៊ីបាន បញ្ជាក់ ម្ដងហើយម្ដងទៀតថា  ការដោះលែងអ្នកទោសនយោបាយទាំងអស់ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ គ្រាន់តែជាលក្ខខណ្ឌទីមួយទេ ដែលសម្ដេច ហ៊ុន សែន ត្រូវបំពេញ ក្រោមសម្ពាធអន្តរជាតិ។

គួររំលឹកថា ចំណែកឯថ្មីៗនេះ តុលាការបានដោះលែងអ្នកវិភាគបញ្ហាសង្គមដ៏ល្បីលោក គឹម សុខ ហើយមិនបានប៉ុន្មានថ្ងៃផង ក៏មានការដោះលែងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី និងសកម្មជនបីរូបផ្សេងទៀត ហើយក៏មានការដោះលែងឱ្យនៅក្រៅឃុំដល់អ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ និង លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរហើយកាលពីថ្ងៃទី២៥សីហា អ្នកតំណាងរាសត្រអ៊ំសំអានដែលរដ្ឋាភិបាលប្ដឹងករណីបង្ហោះផែនទីក្លែងក្លាយ ក៏ត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញ។ 

ជាងនេះទៅទៀត នៅពាក់កណ្ដាលយប់ថ្ងៃទី២៧ ឈានចូលព្រឹកថ្ងៃទី ២៨ សីហានេះ សកម្មជន និង មន្ត្រីអតីតគណបក្សសង្រ្គោះជាតិចំនួន ១៤ នាក់ទៀតហើយដែលត្រូវបានដោះលែង។

ដោយសារមើកឃើញពីការប្រែប្រួល នយោបាយជាវិជ្ជមាន អ្នកឃ្លាំមើលការវិវត្តន៍នយោបាយ សង្ឃឺមថា ភាគីនយោបាយដែល មានវិវាទជាមួយគ្នា​នឹងជួបចរចានឹងគ្នាឡើងវិញ ក្រោមការសម្របសម្រួលដោយអន្តរជាតិ៕

 

Share

Image
Image
Image