ភ្នំពេញ៖ សម្ដេចហ៊ុនសែន មានគម្រោងនឹងលើកលែងទោសទ្រង់ទ្រាយធំដល់អតីតមន្ដ្រីរបស់បក្សប្រឆាំងចំនួន ១២រូប ដែលធ្វើឡើងដោយចិត្តរបស់សម្ដេចផ្ទាល់ ។ សម្ដេចព្រមានកុំអោយ និយាយថាករណីនេះ ក្រោមសម្ពាធអន្តរជាតិ តែលោកសមរង្ស៊ីថា ការដោះលែងនេះគឺដោយសារភាពទាល់ច្រក។
លោក សោម លាភ រាយការណ៍ !
គម្រោងលើកលែងទោសរបស់លក្រុមប្រឆាំង ១២នាក់នេះ ធ្វើឡើងខណៈសម្ដេចបានថ្លែងក្នុងពិធីជួបសំណេះសំណាល់ជាមួយកម្មករ កម្មការិនី នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៣ ខែសីហា ម្សិលមិញនេះ។
យ៉ាងណាមិញ សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ការលើកលែងទោសនេះមិនមែនបណ្ដាលពីការគៀបសង្កត់ពីអន្តរជាតិឡើយ ហើយសម្ដេចស្អប់ណាស់ពាក្យនេះ។
សម្ដេច ហ៊ុន សែន បន្ថែមថា គម្រោងដោះលែងមន្ដ្រីអតីតគណបក្សសង្គ្រោះជាតិចំនួន១២រូបនេះ ធ្វើឡើងដោយសារតែអ្នកទាំងនោះបានធ្វើការសុំទោស។ សម្ដេចបន្តព្រមានថា បើមេដឹកនាំនយោបាយណា ថាដោយសារសម្ពាធអន្តរជាតិ គឺសម្ដេចនឹងផ្អាកការដោះលែងអ្នកទាំងនោះ ។
លោក កឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ប្រាប់វិទ្យុស្រ្តីថា នេះជាសញ្ញាបញ្ជាក់ថា រដ្ឋាភិបាលចាប់ផ្ដើមបើកចិត្តទូលាយ ដែលនឹងធ្វើឱ្យស្ថានការណ៍នយោបាយនៅកម្ពុជាប្រសើរឡើងវិញ។ ជាងនេះ លោក ក៏បង្ហាញគំនិតដែលមិនគាំទ្រចំពោះការលើកឡើងថា ជាគំនាបអ្នកនេះ គំនាបអ្នកនោះដែរ។
បើទោះបីជា សម្ដេច ហ៊ុន សែន ស្អប់មិនចង់លឺពាក្យថា ដោយសារសម្ពាធអន្តរជាតិយ៉ាងណាក្ដីក៏លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅតែបន្តសរសេរក្នុងទំព័រហ្វេសបុករបស់លោកថា ជាភាពទល់ច្រករបស់សម្ដេចហ៊ុនសែនក្រោយព្រឹត្តិការណ៍នៃការឆ្នោតថ្ងៃទី២៩ កក្កដាកន្លងមក។
ជាក់ស្ដែង លោក សម រង្ស៊ីសរសេរក្នុងទំព័រហ្វេសបុកផ្លូវការរបស់លោកថា សម្ដេច ហ៊ុន សែន ទាល់ច្រកក្រោយការឆ្នោតសភានីតិកាលទី ៦ ដោយ សារមានការដាក់សម្ពាធពីសហគមន៍អន្តរជាតិ ដែលដកភាពស្របច្បាប់ចេញពីរាជរដ្ឋាភិបាលរបស់សម្ដេចហ៊ុនសែន ហើយនឹងត្រៀមដាក់ទណ្ឌ កម្មកាន់តែខាំ្លងមកលើរបបនៅកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់។
ជាងនេះទៅទៀត លោក សម រង្ស៊ី បន្ថែមទៀតថា ការដោះលែងអ្នកទោសនយោបាយទាំងអស់មិនទាន់គ្រប់គ្រាន់ទេ ដែលឱ្យសហគមន៍អន្តរជាតិ និយាយរកសម្ដេចហ៊ុនសែនវិញនោះ។
យ៉ាងណាក្ដី សម្ដេច ហ៊ុន សែន ត្រូវតែអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ឱ្យសិទ្ធិអ្នកទាំង ១១៨ រូបរបស់គណបក្សនេះ អាចធ្វើនយោបាយពេញលេញដូចមុន និងផ្ដល់ដំណែងឱ្យក្រុមប្រឹក្សាឃុំសង្កាត់ ទៅសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៥០០៧ រូប ដែលជាប់ឆ្នោតក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ ២០១៧។ មិនតែប៉ុណ្ណោះ សម្ដេចហ៊ុន សែន ត្រូវទម្លាក់ចោលនូវបទចោទប្រកាន់ចំពោះមន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលទាំងអស់ឡើងវិញ។
សម រង្ស៊ី ផ្ដោតសំខាន់ថា ទាល់តែ សម្ដេចហ៊ុន សែន បំពេញនូវលក្ខខ័ណ្ឌទាំងអស់នេះទេ ទើបអន្តរជាតិទទួលស្គាល់ថា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យ។
គួររំលឹកថា មុនការបោះឆ្នោតសភានីតិកាលទី៦ គេឃើញមានការចាប់ដាក់ពន្ធនាគារទៅលើមនុស្សជាច្រើននាក់ដែលគេដឹងថា ដោយសារហេតុ ផលនយោបាយ។ យ៉ាងណាមិញ ការបោះឆ្នោតសភាឈានជិតចូលមកដល់ គេឃើញថា តុលាការបានដោះលែង លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិឱ្យនៅក្រៅឃុំ។
ចំណែកឯថ្មីៗនេះ ក៏មានការដោះលែងអ្នកវិភាគបញ្ហាសង្គមដ៏ល្បីលោក គឹម សុខ ហើយមិនបានប៉ុន្មានថ្ងៃផង ក៏មានការដោះលែងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី និងសកម្មជនបីរូបផ្សេងទៀត ហើយក៏មានការដោះលែងឱ្យនៅក្រៅឃុំដល់អ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ។
មួយវិញទៀត កាលពីថ្ងៃទី ២៣ សីហា ម្សិលមិញ ក៏មានការដោះលែងលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរផងដែរ។ មិនខុសគ្នាពីនេះនោះទេ គឺ សម្ដេច ហ៊ុន សែន គ្រោងនឹងដោះលែងអ្នកទោសគណបក្សប្រឆាំងចំនួន ១២ រូប ថែមទៀត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។
សូមបញ្ជាក់ផងដែរថា ការលើកលែងទោស គឺធ្វើឡើងចំនួន ៣ ដងក្នុងមួយឆ្នាំសម្រាប់បុណ្យជាតិធំៗ ពោល គឺបុណ្យចូលឆ្នាំខ្មែរ បុណ្យអ៊ំទូក និងបុណ្យពិសាខបូជា៕