en     km
en     km

លោក គឹម សុខប្រឈមមុខជាប់ទោសទី២ ខណៈបានអនុវត្តទោសទី១ ជិតចប់រួចរាល់

Share

ភ្នំពេញ៖ លោក គឹម សុខ អ្នកតាមដាន និងជាអ្នកវិភាគនយោបាយនិយាយចំៗលើរបបដឹកនាំនៅកម្ពុជាឥតសំចៃមាត់ ក្រោយទទួលបានការអនុវត្តទោសក្នុងសំណុំរឿងទីមួយជិតចប់សព្វគ្រប់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញក៏បានចាប់ផ្ដើមសើរើសំណុំរឿងទីពីរមកសាកសួរបន្ថែមទៀត។ 

សវនាការសាលាដំបូងរាជធានីភ្នំពេញដែលបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ ជាលទ្ធផល លោក គឹម សុខ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសរដដែល ដោយរង់ចាំចូលខ្លួនបំភ្លឺនៅក្នុងសំណុំរឿងមួយទៀតដែលជាសំនុំរឿងទីពីរ ប្ដឹងដោយ លោក គី តិច មេធាវីសម្ដេច ហ៊ុន សែន លើបទចោទ «រាជរដ្ឋាភិបាលកម្ពុជាជាអ្នកបង្កើ​តប្រព័ន្ធសម្លាប់មនុស្សតែរកឃាតករមិនដែលឃើញ»។

លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលកាន់សំណុំរឿងថ្មីនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា សម្រាប់សំណុំរឿងទី១ របស់លោក គឹម សុខ តុលាការនឹងអនុវត្តទៅតាមនីតិវិធីបន្ទាប់ពីលោកអនុវត្តទោសបានគ្រប់ចំនួន។ ដោយឡែក សម្រាប់សំណុំរឿងទី ២នេះ តុលាការកំពុងធ្វើតាមនីតិវិធីសាកសួរ ហើយនឹងសាកសួរនៅពេលក្រោយទៀត។

ផ្ដល់បទសម្ភាសឱ្យវិទ្យុស្រ្ដី កាលពីរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៨  លោក ជូង ជូងី មេធាវីការពារក្តីលោក គឹម សុខ បានបដិសេធសុំ​មិនធ្វើសេចក្ដីអត្ថាធិប្បាយអ្វីទាំងអស់ជុំវិញនឹង​ការសម្រេចនេះ។

បញ្ជាក់ផងដែរថា ការកាត់ក្ដីលើសំនុំរឿងទីមួយរបស់លោក គឹម សុខ ដែលតុលាការសម្រេចអោយជាប់ពន្ធនាគារ ១៨ខែ នឹងបញ្ចប់នៅរយៈពេល ២ថ្ងៃទៀត។ នេះគិតពីថ្ងៃដែលចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញទ្ធី បានសម្រេច​បញ្ចូនខ្លួនលោក គឹម សុខ ឃុំនៅក្នុងពន្ធនាគារព្រៃសរ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ 

ក្នុងសំណុំរឿងទីមួយនេះដែរ  លោក គឹម សុខ ត្រូវបានពិន័យ​ប្រាក់ចំនួន ៨​លាន​រៀល នឹង​សង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង ៨០០​លាន​រៀល លើបទ ចោទថា «គណបក្សប្រជាជនជាអ្នកនៅពីក្រោយការសម្លាប់លោកបណ្ឌិត កែម ឡី»

Share

ព័ត៌មានទាក់ទង

Image