en     km
en     km

គ​.​ជ​.​ប​ បដិសេធ​ការ​ចោទប្រកាន់​របស់​លោក​ ខឹ​ម​ វាសនា​ លើ​មន្ដ្រី​បោះ​ឆ្នោត

Share

​ភ្នំពេញ​ ៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ​កាលពី​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០១៨​ ដែល​ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP)​ ដែល​បាន​និយាយ​ចោទប្រកាន់​ទៅ​លើ​មន្ដ្រី​របស់​ គ​.​ជ​.​ប​ ពាក់ព័ន្ធ​និង​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​កាលពី​ថ្ងៃ​ទី​២៩​ ខែ​ក​ក្ដ​ដា​ ឆ្នាំ​២០១៨​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​តាម​សេចក្ដី​បំភ្លឺ​នេះ​ គ​.​ជ​.​ប​ បាន​ស្រង់​សម្ដី​លោក​ ខឹ​ម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ពី​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្ដរជាតិ​ RFI​ កាលពី​ថ្ងៃ​ទី​០១​ ខែសីហា​ កន្លង​ទៅ​ ដែល​ប្រធាន​គណបក្ស​នេះ​ និយាយ​ថា​ គណៈកម្មការ​ការិយាល័យ​បោះ​ឆ្នោត​ រួមគំនិត​ជាមួយ​អាជ្ញាធរ​ ធ្វើការ​គាបសង្កត់​ភ្នាក់ងារ​គណបក្ស​នយោបាយ​ ដែល​សង្កេត​ការ​បោះ​ឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​។​ បន្ថែម​ពី​នេះ​លោក​ ខឹ​ម​ វាសនា​ បាន​និយាយ​ទៀត​ថា​ ភ្នាក់ងារ​គណបក្ស​នយោបាយ​ ត្រូវ​ប្រធាន​ការិយាល័យ​បោះ​ឆ្នោត​បង្ខំ​ឲ្យ​ចុះហត្ថលេខា​លើ​ទម្រង់​ ១១០១​ និង​ ទម្រង់​ ១១០២​ មុន​ដំណើរការ​បោះ​ឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​ និង​មានការ​ចាប់​វាយ​ខ្នោះ​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ដោយសារ​ការ​មិន​ចុះហត្ថលេខា​នេះ​។​

​ជាង​នេះ​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ បាន​អះអាង​ទៀត​ថា​ ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​យ៉ាងច្រើន​បំផុត​ត្រឹម​ តែ​៧០​ភាគរយ​ និង​មានការ​ហាមឃាត់​ពី​សំណាក់​ប្រធាន​ការិយាល័យ​បោះ​ឆ្នោត​ មិន​ឲ្យ​ថតរូប​សកម្មភាព​ដំណើរការ​រាប់​សន្លឹក​ឆ្នោត​។​

​ជុំវិញ​ការ​ចោទប្រកាន់​ទាំង​ប៉ុន្មាន​ខាងលើ​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​បញ្ជាក់​ក្នុង​សេចក្ដី​បំភ្លឺ​របស់​ខ្លួន​ ដោយ​បដិសេធ​ចោល​ទាំងស្រុង​ និង​អះអាង​ថា​ ការ​លើក​ឡើង​របស់​លោក​ ខឹ​ម​ វាសនា​ គឺ​ផ្ទុយ​ពី​ការ​ពិត​។​ គ​.​ជ​.​ប​ ទាមទារ​ឲ្យ​លោក​ ខឹ​ម​ វាសនា​ បង្ហាញ​ភស្ដុ​តាង​ទៅ​កាន់​ គ​.​ជ​.​ប​ ករណី​ដែល​លោក​ថា​ មានការ​គាបសង្កត់​ភ្នាក់ងារ​គណបក្ស​នយោបាយ​ ដែល​សង្កេត​មើល​ការ​បោះ​ឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​។​

​លើស​ពី​នេះ​ គ​.​ជ​.​ប​ បញ្ជាក់​ថា​ ការ​ចុះហត្ថលេខា​លើ​ទម្រង់​ ១១០១​ និង​ទម្រង់​ ១១០២​ មិនមែន​ជា​ការ​ចាប់បង្ខំ​ទេ​ គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ដ​ ហើយ​ការ​មិន​ព្រម​ចុះហត្ថលេខា​របស់​ភ្នាក់ងារ​គន​បក្សនយោបាយ​ មិន​អាច​មោឃភាព​ទម្រង់​ទាំង​ ២​នេះ​បាន​ឡើយ​។​ ដោយឡែក​ចំពោះ​ការ​វាយ​ខ្នោះ​ គឺជា​ការ​និយាយ​បំផ្លើស​ ពីព្រោះ​ថា​ នៅ​ការិយាល័យ​បោះ​ឆ្នោត​ នៃ​ឃុំ​ចំនួន​ ៣​ ក្នុង​ខេត្ដកំពង់ធំ​ ភ្នា​ក់​គណបក្ស​ LDP​ បាន​ធ្វើការ​រំខាន​ដល់​ដំណើរការ​បោះ​ឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​ បើ​ទោះជា​មានការ​ណែនាំ​ច្រើន​លើក​ច្រើន​សា​ ពី​ប្រធាន​ការិយាល័យ​បោះ​ឆ្នោត​ក៏​ដោយ​។​ ព្រោះតែ​ដូច្នេះ​ទើប​មន្ដ្រី​ការិយាល័យ​បោះ​ឆ្នោត​ តម្រូវ​ឲ្យ​នាំ​ភ្នាក់ងារ​ដែល​រំខាន​នោះ​ចេញពី​ការិយាល័យ​បោះ​ឆ្នោត​ ក៏​ប៉ុន្ដែ​គឺ​ពុំ​បាន​ដាក់​ខ្នោះ​នោះ​ទេ​។​

​ចំ​ណែ​ការ​ដែល​លោក​ ខឹ​ម​ វាសនា​ និយាយ​ថា​ ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​បាន​ត្រឹមតែ​ ៧០​ភាគរយ​នោះ​ គ​.​ជ​.​ប​ បាន​អះអាង​ដោយ​បដិសេធ​ចោល​ទាំងស្រុង​ ហើយ​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​០៦​ ឆ្នាំ​២០១៨​ ពលរដ្ឋ​បាន​ចេញ​ទៅ​បោះ​ឆ្នោត​រហូត​ដល់​ ៨២,៨៩​ភាគរយ​។​ មួយវិញទៀត​ ករណី​ដែល​ថា​ មានការ​ហាមឃាត់​មិន​ឲ្យ​ថតរូប​សកម្មភាព​រាប់​សន្លឹក​ឆ្នោត​ គ​.​ជ​.​ប​ ទទួលស្គាល់​ថា​ ពិតជា​មាន​មន្ដ្រី​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន​តូច​ អនុវត្ដ​មិន​បាន​ល្អ​ចំពោះ​ករណី​ថតរូប​នេះ​ ក៏​ប៉ុន្ដែ​ក្រោយ​ពី​មាន​អន្ដរាគមន៍​របស់​ គណៈកម្មការ​រាជធានី​ ខេត្ដ​ រៀបចំ​ការ​បោះ​ឆ្នោត​ សកម្មភាព​ថតរូប​ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​ដំណើរការ​ធម្មតា​។​

​គ​.​ជ​.​ប​ បាន​ប្រាប់​ថា​ ខ្លួន​បាន​ទទួល​បណ្ដឹង​ពី​ LDP​ ចំនួន​ ២៥៩២​ ក្នុង​នោះ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​គំនូស​សញ្ញា​នៅ​លើ​សន្លឹក​ឆ្នោត​មាន​រហូត​ដល់​ទៅ​ ២៤៩៣​បណ្ដឹង​ ហើយ​បណ្ដឹង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ដន្ទាទោស​មាន​ចំនួន​ត្រឹមតែ​ ៩៩​បណ្ដឹង​ សម្រាប់​ ៩៩​ការិយាល័យ​ នៃ​ការិយាល័យ​បោះ​ឆ្នោត​សរុប​ចំនួន​ ២២៩៦៧​ ប៉ុណ្ណោះ​។​

​តាម​រយៈ​សេចក្ដី​បំភ្លឺ​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ស្នើ​ឲ្យ​អ្នក​ដែល​និយាយ​ ឬ​ថ្លែង​ណាមួយ​ គួរ​ផ្អែក​ទៅ​លើ​ភស្ដុ​តាង​ និង​មូលដ្ឋាន​ច្បាស់លាស់​ ដើម្បី​ជៀសវាង​ការ​ភាន់ច្រឡំ​ ដែល​នាំ​ឲ្យ​បាត់​ទំនុកចិត្ដ​លើ​ការ​បោះ​ឆ្នោត​ ដែល​ជា​សមត្ថកិច្ច​ពេញលេញ​របស់​ គ​.​ជ​.​ប​ ស្រប់​តាម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​៕

Share

Image
Image
Image