ក្រុងភ្នំពេញ៖ ក្រុមហ៊ុនព្រលានយន្តហោះ Cambodia Airports បានបង្ហាញរបាយការណ៏ថា ភ្ញៀវទេសចរ មិនថាភ្ញៀវជាតិអន្តរជាតិ ដែលប្រើប្រាស់មធ្យោបាយតាមដំណើរផ្លូវអាកាសចូលមកកម្ពុជាកំពុងហក់ឡើងខ្លាំងនៅឆ្នាំនេះ ដែលក្រុមហ៊ុននេះ រំពឹងថាកម្ពុជានឹងទទួលអ្នកដំណើរ ១០ លាននាក់នៅចុងឆ្នាំ ២០១៨។
របាយការណ៍នៅឆមាសទី ១ ឆ្នាំ ២០១៨ របស់ក្រុមហ៊ុនព្រលានយន្តហោះ Cambodia Airports នេះ បានបង្ហាញថា កម្ពុជាទទួលបានអ្នកដំណើរប្រមាណ ៥ លាន នាក់ដែលនេះ គឺជាសន្ទុះមួយដែលកម្ពុជាដាក់ការរំពឹងទុកថា ក្នុងរយៈពេល ៥ ខែ ខាងមុខនេះ កម្ពុជានឹងទទួលបានអ្នកដំណើរ ១០ លាននាក់។
របាយការណ៍បានបង្ហាញទៀតថា ចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំង ៣ របស់កម្ពុជាគឺព្រលានយន្តហោះភ្នំពេញអន្តរជាតិ ព្រលានយន្តហោះ ខេត្តសៀមរាប និងខេត្តព្រះសីហនុ មានចំនួន ៥,២ លាននាក់ដែលរាប់ចាប់ពីដើមខែមករា រហូតដល់ខែមិថុនានេះ។ ចំនួននេះ បានកើនឡើង ២៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកឯ លោក ខែក នរិន្ទដា នាយកផ្នែកទំនាក់ទំនងប្រចាំក្រុមហ៊ុន Cambodia Airports បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងស្រុកថា កត្តាបរិយាកាសនយោបាយ និងសេដ្ឋកិច្ចមានផលប្រយោជន៍ខ្លាំងចំពោះកំណើននៃអ្នកដំណើរដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងបង្កើនចរាចរណ៍នៃអ្នកដំណើរផ្លូវអាកាស។
លោកបានថ្លែងបន្តដោយសុទិដ្ឋិនិយមថា កំណើនអ្នកដំណើរផ្លូវអាកាសក្នុងឆមាសទី ១នេះ នឹងបន្តកើនឡើងនៅក្នុងឆមាសទី ២ ពោលគឺ កម្ពុជានឹងទទួលបានអ្នកដំណើរផ្លូវអាកាសរហូតដល់ទៅ ១០លាននាក់ នាចុងឆ្នាំ ២០១៨។
លោកថា៖«យើងមានសុទិដ្ឋិនិយមសមហេតុផល ហើយយើងអាចទទួលបានអ្នកដំណើរសរុបប្រមាណ ១០ លាននាក់ជាលើកដំបូងនៅព្រលានយន្តហោះទាំង ៣ នេះ»។
លោកបន្តថា ដំណើរការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំនេះ អាចពុំក្លាយជាឧបសគ្គនៃការហោះហើររបស់អ្នកដំណើរផ្លូវអាកាសបានទេ។
លោកថ្លែងបន្តថា៖«យើងអាចមើលឃើញកំណើនចរាចរណ៍ខ្ពស់ខ្លាំងក្នុងចំនួន ២០,៦ ភាគរយនៅត្រីមាសទី២ ដែលជាធម្មតាជារដូវមានអ្នកធ្វើដំណើរតិច»។
ក្នុងឆមាសទី ១ ឆ្នាំ ២០១៨ នេះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញទួលបានអ្នកដំណើរសរុប ២,៦លាននាក់ កើនឡើង៣២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែលនេះបង្ហាញទៀតថា ចរាចរណ៍អ្នកដំណើរផ្លូវអាកាស តាមរយៈព្រលានយន្តហោះអន្តរជាតិសរុប ២,៣ លាននាក់កើនឡើង ១២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ខណៈដែលព្រលានយន្តហោះ ខេត្តព្រះសីហនុ ទទួលបាន ២៤០ ០០០នាក់ កើនឡើង ៧០ ភាគរយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះ មិនបានបែងចែកចំនួនអ្នកដំណើរតាមប្រទេសនោះទេ តែបញ្ជាក់ពីចរាចរណ៍នៃកំណើនអ្នកដំណើរផ្លូវអាកាស ដែលភាគច្រើន គឺភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរអាស៊ី ដែលក្នុងនោះមាន ជនជាតិចិន ថៃ ម៉ាឡេស៊ី និងវៀតណាម។
កាលពីឆ្នាំ ២០១៧ ព្រលានយន្តហោះទាំង៣ របស់កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ ៨.៨ លាននាក់ ដែលនេះ គឺជាកំណើននៃការប្រើប្រាស់មធ្យោបាយផ្លូវអាកាសមកកម្ពុជា។ ប្រសិនបើគ្មានការរងសម្ពាធនយោបាយសេដ្ឋកិច្ចពីសហគមអន្តរជាតិជុំវិញបម្រែបម្រួលនយោបាយ នោះទេ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរ ១០ លាននាក់នៅចុងឆ្នាំ ២០១៨។
សូមបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលកម្ពុជាទទួលបានអ្នកដំណើរ ៥ លាននាក់ជាលើកដំបូងក្នុងឆមាសទី១ នៃរយៈពេលមួយឆ្នាំ។
បើតាមក្រុមហ៊ុន Cambodia Airports បង្ហាញថាព្រលានយន្តហោះអន្តរជាតិភ្នំពេញទទួលបានជើងហោះហើរ ១៣៥ ក្នុង ១ ថ្ងៃជាមធ្យមព្រលានយន្តហោះ អន្តរជាតិសៀមរាបត្រូវបានរាយការណ៍ពីជើងហោះហើរ ១០០ ក្នុង ១ ថ្ងៃជាមធ្យម ខណៈព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុទទួលបានជើងហោះហើរចំនួន ១៥ ក្នុង ១ ថ្ងៃជាមធ្យម។
ក្រុមហ៊ុនអាកាសចរណ៍ ៤៥ កំពុងប្រតិបត្តិនៅក្នុងព្រលានយន្តហោះអន្តរជាតិទាំង ៣ ក្នុងនោះ ៩ ក្រុមហ៊ុនគឺជាក្រុមហ៊ុនក្នុងស្រុក។
បើតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៧ របស់ក្រសួងទេសចរណ៍បង្ហាញថា ទេសចរអន្តរជាតិសរុបមានចំនួនជាង ៥,៦ លាននាក់ មកទស្សនាកម្ពុជា កើនឡើង ១១,៨ ភាគរយ បើធៀបនឹងឆ្នាំ ២០១៦។
នៅក្នុងនោះ គេកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរចិនបានបន្តកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងឆ្នាំ ២០១៧ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ឈានមុខគេដែលមានរហូតដល់ជាង ១,២ លាននាក់ កើនឡើង ៤៥,៩ ភាគរយធៀបនឹងឆ្នាំ២០១៦ ដែលមានតែជាង ៨៣ ម៉ឺននាក់ប៉ុណ្ណោះ៕