en     km
en     km

Share

HRW៖​ រិះគន់​ឧត្តមសេនីយ៍​កម្ពុជា​ឃោសនា​រក​សំឡេង​ឆ្នោត​តែ​មន្ត្រី​យោធា​ថា​ធ្វើ​ឡើង​ក្រៅ​ក្រប​ខណ្ឌ​រដ្ឋ

​ភ្នំពេញ​៖​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​(HRW)​បង្ហាញ​ថា​ ឧត្តមសេនីយ៍​យោធា​ កងរាជអាវុធហត្ថ​ និង​ប៉ូលិស​ មួយ​ចំនួន​ បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​យ៉ាង​សកម្ម​ឱ្យ​គណៈបក្សកាន់អំណាច​។​ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អះអាង​ថា​ ឧត្តមសេនីយ៍​យោធា​មួយ​ចំនួន​ឃោសនាបោះឆ្នោត​មិន​ស្ថិត​នៅ​ក្នុង​ក្រម​ខណ្ឌ​ក្រសួង​នោះ​ទេ​។​

ក្បួតដង្ហែរឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី័ ខែ កក្កដា ជាឃោសនាដំបូង។រូបភាព៖ Taken from PM’s facebook

​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​(HRW)​នៅ​ថ្ងៃ​ទី​ ១២​ ខែកក្កដា​នេះ​ បញ្ចេញ​បញ្ជី​ឈ្មោះ​ មន្ត្រី​កងកម្លាំង​ប្រដាប់អាវុធ​កម្ពុ​ជាមួយ​ចំនួន​ដែល​មានមុខ​ងារ​ជា​ឧត្តមសេនីយ៍​នៃ​ក្រសួងការពារជាតិ​ កងរាជអាវុធហត្ថ​ ក្រសួងមហាផ្ទៃ​ បាន​ធ្វើការ​ឃោសនា​រក​សំឡេង​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​អង្គការ​នេះ​ថា​មិន​បង្ហាញ​អំពី​អ​ព្យា​ក្រឹ​ត្រ​ភាព​របស់​ខ្លួន​។​

​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ឲ្យ​ដឹង​ថា​ ចាប់តាំងពី​ដំណើរការ​ឃោសនាបោះឆ្នោត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ៧​ ខែកក្កដា​ លោកនាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចុះ​ទៅ​ជួប​អ្នកគាំទ្រ​នៅ​ថ្ងៃ​ទី​ ៨​ ខែកក្កដា​ នៅ​វត្ត​មួ​យក​ក្នុង​ខេត្តកណ្តាល​ថា​ សម្តេច​ ហ៊ុន​ សែន​ ជា​មេដឹកនាំ​ដ៏​ឈ្លាសវៃ​ដោយ​សម្តេច​បាន​អភិវឌ្ឍ​គ្រប់​ទីកន្លែង​ទូ​ទាំំ​ង​ប្រទេស​ រួម​មាន​ផ្លូវថ្នល់​ ស្ពាន​ ប្រឡាយ​ទឹក​ សាលារៀន​ និង​មន្ទីរពេទ្យ​ជាដើម​។​

​សេចក្តីថ្លែងការណ៍​នេះ​ បញ្ជាក់​ទៀត​ថា​ លោកនាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ បាន​ថ្លែង​ទៅ​កាន់​លោកគ្រូ​អ្នកគ្រូ​ នៅ​ថ្ងៃ​ទី​ ៨​ កក្កដា​ថា​ សន្តិភាព​ទូ​ទាំំ​ង​ប្រទេស​បាន​មក​ដោយ​ការ​ដឹកនាំ​របស់​សម្តេច​ ហ៊ុន​ សែន​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​ លោក​ឧត្តមសេនីយ៍​អំពាវនាវ​ឱ្យ​អ្នក​ជួបជុំ​បោះ​ឆ្នោត​ឱ្យ​គណបក្សកាន់អំណាច​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ បង្ហាញ​ថា​ លោក​ឧត្តមសេនីយ៍​ រ័​ត្ន​ ស្រ៊ា​ង​ ជា​មេបញ្ជាការ​រង​នៃ​កងរាជអាវុធហត្ថ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​ក្រុម​និស្សិត​នៅ​ថ្ងៃ​ទី​ ៨​ ខែកក្កដា​ នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ពន្យល់​ប្រជាជន​ពី​ការ​បោះ​ឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​។​

​ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ក៏​បាន​បញ្ចេញ​ឈ្មោះ​ លោក​ឧត្តមសេនីយ៍​​ ហ៊ុន​ ម៉ា​ណែ​ត​ លោក​ឧត្តមសេនីយ៍​ មាស​ សុភា​ លោក​ឧត្តមសេនីយ៍​ ចាប​ ភក្តី​ លោក​ឧត្តមសេនីយ៍​ គង់​ គី​ម​ លោក​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ និង​លោក​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​។​

​ជុំវិញ​បញ្ហា​នេះ​ វិទ្យុ​ស្ត្រី​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ឧត្តមសេនីយ៍​ ខៀវ​ សុភ​ក្រ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​បាន​ទេ​។​ ប៉ុន្តែ​លោក​ឧត្តមសេនីយ​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ អះអាង​ថា​ ឧត្តមសេនីយ៍​យោធា​មួយ​ចំនួន​ដែល​បាន​ទៅ​ឃោសនាបោះឆ្នោត​មិន​ស្ថិត​នៅ​ក្នុង​ក្រម​ខណ្ឌ​ក្រសួង​នោះ​ទេ​។​ លោក​ឧត្តមសេនីយ៍​បន្ត​ថា​ យោធា​អាច​ចូលរួម​ឃោសនា​នៅ​ក្រៅ​ម៉ោង​ការងារ​របស់​រដ្ឋ​។​

​លោក​ឧត្តមសេនីយ​ ឈុំ​ សុ​ជាតិ​៖«​កង​យោធពលខេមរភូមិន្ទ​ជា​អង្គការ​ចាត់​តាំំ​ង​ក្នុង​ច្បាប់​មួយ​អ​ញ្ចឹ​ង​យើង​អត់​មាន​ទៅ​ ឃោសនាបោះឆ្នោត​បាន​ទេ​។​ ហើយ​ជា​បុគ្គល​របស់​គេ​ជ្រើសរើស​គណបក្ស​ណា​អាហ្នឹង​អាស្រ័យ​លើ​គេ​ស្ម័គ្រចិត្ត​យើង​អត់​ហាមឃាត់​ទេ​សំខាន់​ម៉ោង​ធ្វើការ​។​ធម្មតា​យោធា​អត់​មាន​ឃោសនាបោះ​ឆ្នោត​ទេ​ អាហ្នឹង​យើង​គាំទ្រ​ក្នុង​ពេល​គេ​អនុវត្ត​ការងារ​ សម្លៀក​បំពាក់​ឯកសណ្ឋាន​ក្នុង​ម៉ោង​ការងារ​គេ​អត់​មាន​សិទ្ធិ​ឃោសនាបោះឆ្នោត​ទេ​»​។​

​យោង​តាម​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦​ នៅ​ត្រង់​ប្រការ​៧.៧​ ចែង​ថា​ មន្ត្រីរាជការ​ស៊ី​វិល​ អាជ្ញាធរ​ដែន​ដីគ្រប់​លំដាប់ថ្នាក់​ កង​យោធពលខេមរភូមិន្ទ​ នគរបាល​ និង​មន្ត្រី​តុលាការ​ មិន​ត្រូវ​ចូលរួម​សកម្មភាព​ឃោសនាបោះឆ្នោត​សម្រាប់​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​។​

​ប្រការ​៧.៨​ ចែង​ថា​ បន្ទាប់​ពី​បញ្ចប់​ម៉ោង​ធ្វើការ​ ឬ​ស្ថិត​នៅ​ក្រៅ​ម៉ោង​ការងារ​ និង​មិន​ស្ថិត​ក្នុង​ពេល​បំពេញការងារ​សមត្ថភាព​ផ្លូវការ​ មន្ត្រីរាជការ​ស៊ី​វិល​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ កង​យោធពលខេមរភូមិន្ទ​ នគរ​បាល​ និង​មន្ត្រី​តុលាការ​អាច​ចូល​រូ​ម​សកម្មភាព​ឃោសនាបោះឆ្នោត​សម្រាប់​គណបក្ស​នយោបាយ​ណា​មួយ​ ឬ​បេក្ខជន​ណា​ម្នាក់​ ប៉ុន្តែ​មិន​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ មិន​ត្រូវ​មាន​អាវុធ​ជាប់​ខ្លួន​ និង​មិន​ត្រូវធ្វើ​អ្វី​ដែល​នាំ​ឱ្យ​មានការ​គំរាមកំហែង​ឡើយ​។​

​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ក្នុង​ករណី​រក​ឃើញ​ថា​ មន្ត្រីរាជការ​ស៊ី​វិល​ អាជ្ញាធរ​ដែន​គ្រប់​លំដាប់ថ្នាក់​ កង​យោធពលខេមរភូមិន្ទ​ នគរបាល​ និង​មន្ត្រី​តុលាការ​​ចូលរួម​ឃោសនា​រក​សំឡេង​ឆ្នោត​ផ្ទុយ​ពី​បទបញ្ជា​ និង​នីតិវិធី​របស់​គ​.​ជ​.​ប​ជា​អំពើ​ខុសច្បាប់​។​

​លោក​ ហង្ស​ ពុទ្ធា​៖​ «​មិន​ប្រក្រតី​ណាមួយ​សូម​ឱ្យ​មានការ​ប្តឹង​ទៅ​ ហើយ​គ​.​ជ​.​ប​ នឹង​យក​ការ​ប្តឹង​នោះ​ឯក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ច្បាប់​ ច្បាប់​ឱ្យធ្វើ​យ៉ាងម៉ិច​គ​.​ជ​.​ប​ធ្វើ​យ៉ាងនោះ​។​ដាក់​ពាក្យ​ប្តឹង​ទៅ​គ​.​ជ​.​ប​នឹង​ធ្វើការ​ផ្ទៀងផ្ទាត់​ជូន​វា​នេះ​ជា​ខុស​ឬ​ត្រូវ​ច្បាប់​បាទ​»​។​

​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​។​

​តែ​ បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​Human​ Rights​ Watch​ ដែល​ស្រង់​ខ្លឹមសារ​ក្នុង​មាត្រា​ ៩​ នៃ​ច្បាប់​កាតព្វកិច្ច​យោធា​ បាន​ចែង​ថា​៖​ «​ឋានៈ​ជា​ទាហាន​នៃ​យោធពលខេមរភូមិន្ទ​បាន​ចែង​ថា​ មន្ត្រី​យោធា​​ត្រូវ​មាន​ភាព​អ​ព្យា​ក្រឹត្យ​នៅ​មុខ​តំណែង​ និង​សកម្មភាព​ការងារ​ រួម​ទាំង​ការ​ប្រើប្រាស់​មុខងារ​ឋានៈ​ក្នុង​​សកម្មភាព​នយោបាយ​ត្រូវ​បាន​ហាមឃាត់​»៕

Share

ព័ត៌មានទាក់ទង

Image