en     km
en     km

តើ​ប្រាក់ខែ​អប្បបរមាកម្មករ​សម្រាប់​ឆ្នាំ​២០១៦​ នឹង​បាន​ប៉ុន្មាន​ក្នុង​មួយ​ខែ​?

Share

ខណៈ​ការ​ចរចា​លើ​ប្រាក់ខែ​អប្បបរមា​របស់​កម្មករ​ សម្រាប់​ឆ្នាំ​២០១៦​នេះ​ កំពុង​ប្រព្រឹត្ត​ទៅ​ ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ចរចា​ បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​តួលេខ​របស់​ខ្លួន​រៀងៗ​ខ្លួន​។​ ក្នុង​នោះ​ខាង​សហជីព​របស់​កម្មករ​បាន​ដាក់​ស្នើ​ចំនួន​១៦៨​ដុល្លារ​ ចំណែកឯ​ភាគី​សហជីព​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​បាន​ដាក់​សំណើ​១៥៨​ដុល្លារ​ ប៉ុន្តែ​ភាគី​រដ្ឋាភិបាល​ថា​ ការ​ដំឡើង​ប្រាក់ខែ​នេះ​អាច​ធ្វើ​បាន​ត្រឹមតែ​៣,៥​ភាគរយ​នៃ​អា​ត្រា​អតិផរណា​តែ​ប៉ុណ្ណោះ​។​ ផ្អែក​លើ​ព័ត៌មាន​ទាំង​អស់នេះ​ លោក​ធូ​ វី​រៈ​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ នៃ​WMC​ បាន​វិភាគ​ឃើញ​ថា​ ប្រាក់ខែ​អប្បបរមា​របស់​កម្មករ​សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ អាច​ស្ថិត​ក្នុង​រង្វង់​១៤០​ដុល្លារ​ក្នុង​មួយ​ខែ​តែ​ប៉ុណ្ណោះ​។​

​យោង​តាម​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ បាន​បង្ហាញ​ថា​ ការ​ចំណាយ​ប្រចាំខែ​របស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ មានការ​កើនឡើង​ បើ​ប្រៀបធៀប​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ ដូច​ស្បៀងអាហារ​ ថ្នាំសង្កូវ​ និង​សម្លៀក​បំពាក់​ ជាដើម​នោះ​។​

ស្ត្រី​​ម្នាក់​បិទ​ sticker មួយ​នៅ​លើ​មុខ​ដែល​មាន​សរសេរ «យើង​ត្រូវការ​ $160» នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាលតិក (Caltex) មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៤។ បុគ្គលិក​ក្រុមហ៊ុន​កាល់តិក​ទាមទារ​ឲ្យ​មាន​ការ​តំឡើង​ប្រាក់​បៀវត្ស​គោល​រហូត​ដល់​១៦០​ដុល្លារ។
ស្ត្រី​​ម្នាក់​ទាមទារឲ្យស្ថានីយ​ប្រេង​ឥន្ធនៈ​កាលតិក (Caltex) ​តំឡើង​ប្រាក់​បៀវត្ស​គោល​របស់កម្មករចំនួន​​១៦០​ដុល្លារ។ ការទាមទារនេះធ្វើឡើងនៅ​ក្នុង​ការ​តវ៉ា​មួយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ទី​ក្រុង​ភ្នំពេញ។

​ការ​ចំណាយ​ខ្ពស់​របស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​នេះ​ ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​បាន​បង្ហាញ​ថា​ ខ្ទង់ចំណាយ​នោះ​ប្រមាណ​ ២០៧​ដុល្លារ​ក្នុង​មួយ​ខែ​ ទើប​អាច​ធ្វើ​ឲ្យ​កម្មករ​ ក្នុង​វិស័យ​កាត់ដេរ​អាច​រស់នៅ​សមរម្យ​បាន​។​

​ជុំវិញ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​នេះ​ ភាគី​និយោជក​មិន​សប្បាយចិត្ត​នោះ​ឡើយ​។​ លោក​ ខេន​ លូ​ អគ្គលេខាធិការ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ GMAC​ សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ទាមទារ​នេះ​។​ លោក​ថា​ ប្រសិនបើ​ក្រុម​សហជីព​ដាក់​សំណើ​ទាមទារ​ខ្ពស់​ហួសហេតុ​ពេក​ អ្នកបញ្ជា​ទិញ​អាច​នឹង​ដកខ្លួន​ចេញពី​កម្ពុជា​ ហើយ​ងាក​ទៅ​ប្រទេស​ជិតខាង​វិញ​ ។​

​ប៉ុន្តែ​ លោក​ អាត់​ ធន់​ អះអាង​ថា​ ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​នេះ​ មិន​ធ្វើ​ឲ្យ​អ្នកបញ្ជា​ទិញ​ដកខ្លួន​ចេញពី​កម្ពុជា​ ទៅ​រក​ប្រទេស​ជិតខាង​ឡើយ​ ព្រោះ​នៅ​ប្រទេស​ជិតខាង​ ដូច​ជា​ ប្រទេស​វៀតណាម​ និង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ជាដើម​ ប្រាក់​ឈ្នួ​ក​អប្បបរមា​របស់​ប្រទេស​ទាំងនេះ​ មាន​កម្រិត​ខ្ពស់​ជាង​កម្ពុជា​។​ លើស​នេះ​ទៀត​លោក​ថា​ កម្ពុជា​ មាន​អំណោយផល​ទាំង​ការ​យកពន្ធ​ និង​លើកទឹកចិត្ត​សម្រាប់​អ្នក​វិនិយោគ​ថ្មីៗ​ ជា​ពិសេស​ផលិតផល​ដែល​នាំ​ចេញពី​កម្ពុជា​ មានការ​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​។​

​ខណៈ​ពេល​នេះ​  រដ្ឋាភិបាល​ និយោជក​ និង​ក្រុម​សហជីព​ បាន​ចាប់ផ្តើម​ជំនួប​ត្រីភាគី​ជា​លើក​ដំបូង​ ដើម្បី​ពិភាក្សា​ទៅ​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​សម្រាប់​ឆ្នាំ​ ២០១៦​ខាង​មុខ​នេះ​ ។​ ក្រោយ​បញ្ចប់​ជំនួប​អស់​រយៈ​មួយ​ព្រឹក​ កាលពី​ថ្ងៃ​ចន្ទ​ ទី​២៨​ ខែកញ្ញា​ ភាគី​ទាំង​បី​មិន​ទាន់​បាន​ជជែក​ទៅ​លើ​ការ​កំណត់​តួលេខ​ណាមួយ​នៅឡើយ​ទេ​ ។​

​ថ្វីបើ​មិន​ទាន់​មានការ​កំណត់​ប្រាក់ខែ​កម្មករ​ជាក់លាក់​ ប៉ុន្តែ​ផ្អែក​លើ​ព័ត៌មាន​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​បី​ គេ​អាច​ធ្វើ​ទាញ​ការ​សន្និដ្ឋាន​មួយ​ពី​កម្រិត​បាក់​ខែ​របស់​កម្មករ​សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​។​

​ក្នុង​នោះ​លោក​ អាត់​ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ ហៅ​កាត់​ថា​ (​ស៊ី​ខូ​វ​ឌូ​)​ បាន​លើក​ឡើង​ថា​ ក្រុម​សហជីព​ឯករាជ្យ​ បាន​ធ្វើការ​ចរចា​ជាមួយ​សហជីព​ខាង​រដ្ឋាភិបាល​ ហើយ​រក​ឃើញ​តួលេខ​ចំនួន​បី​ខ្ទង់​ គឺ​ ១៥៨​ដុល្លារ​ ១៦៨​ដុល្លារ​ និង​១៧៨​ដុល្លារ​ ។​

​លោក​អាត់​ ធន់​បញ្ជាក់​ថា​ លោក​ចង់​ឲ្យ​យក​តួលេខ​ចំនួន​ ១៦៨​ ដុល្លារ​ ជា​តួលេខ​កណ្តាល​ សម្រាប់​ចរចា​ ។​ ប៉ុន្តែ​លោក​ថា​ ចំនួន​នេះ​អាច​មានការ​ប្រែប្រួល​ អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​។​

ក្រុមសហជីពដែលកំពុងធ្វើការទាមទារការដំឡើងប្រាក់ឈ្នួលឲ្យកម្មកររោងចក្រដ៏ចម្រូងចម្រាស់នឹងជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង
ក្រុមសហជីពធ្វើការទាមទារការដំឡើងប្រាក់ឈ្នួលឲ្យកម្មកររោងចក្រកាលពីចុងឆ្នាំ ២០១៤ កន្លងទៅនេះ

​ដោយឡែក​សហជីព​គាំទ្រ​រដ្ឋាភិបាល​វិញ​ លោក​ ជួន​ មុំ​ថុ​ល​ បាន​កំណត់​យក​តួលេខ​ ១៥៨​ដុល្លារ​ សម្រាប់​ធ្វើការ​ច​ចារ​ជាមួយ​ភាគី​ន​យោជក​។​

​បើ​តាម​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ ហេង​ សួរ​ ដែល​ជា​ភាគី​មាន​តួនាទី​សម្របសម្រួល​នោះ​ បាន​ឲ្យ​ដឹង​ថា​ តាម​ការ​សិក្សា​របស់​ក្រសួង​រក​ឃើញ​ថា​  ការ​ដំឡើង​ ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​នេះ​ អាច​នឹង​ឡើង​បាន​ត្រឹម​ ៣,៥​ភាគរយ​ នៃ​អតិ​ផលរ​ណា​ទំនិញ​លើ​ទីផ្សារ​កម្ពុជា​។​ លោក​ហេង​ សួរ​ បញ្ជាក់​ថា​ ការ​សិក្សា​នោះ​ ផ្នែក​លើ​៧​ចំណុច​ ទាក់ទង​សេដ្ឋកិច្ច​ រួម​មាន​អត្រា​អតិផរណា​ កម្រិតជីវភាព​រស់នៅ​របស់​កម្មករ​ ស្ថានភាព​គ្រួសារ​ កម្លាំង​ពលកម្ម​ កត្តា​ផលិតភាព​ ភាព​ប្រកួតប្រជែង​នៃ​ប្រទេស​ក្នុង​តំបន់​ ផល​ប៉ះពាល់​នៃ​កំណើន​ប្រាក់​ឈ្នួល​កន្លង​មក​ទៅ​លើ​ទីផ្សារ​ការងារ​ និង​ អត្រា​ចំណេញ​នៅ​ក្នុង​វិស័យ​រោងចក្រ​។​

​ជុំវិញ​ការ​លើក​ឡើង​របស់​លោក​ហេង​ សួរ​ខាងលើ​នេះ​ លោក​ អាត់​ ធន់​ បាន​ឲ្យ​ដឹង​ថា​ អ្វី​ដែល​រដ្ឋាភិបាល​មាន​ប្រសាសន៍​ថា​ ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​នេះ​ អាច​នឹង​ឡើង​បាន​ត្រឹម​ ៣,៥​ភាគរយ​នៃ​អតិ​ផលរ​ណា​ទំនិញ​គឺ​ ស្មើ​ប្រមាណ​ ៤,៥​ ដុល្លារ​ប៉ុណ្ណោះ​។​

​ផ្អែក​លើ​តួលេខ​របស់​ភាគី​ពាក់ព័ន្ធ​ទាំង​បី​ និង​ផ្អែក​លើ​ប្រាក់ខែ​គោល​របស់​កម្មករ​សម្រាប់​ឆ្នាំ​២០១៥​ ដែល​មាន​ចំនួន​១២៨​ដុល្លារ​ក្នុង​មួយ​ខែ​នោះ​ ឃើញ​ថា​ ប្រាក់ខែ​គោល​អប្បបរមា​របស់​កម្មករ​ សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ អាច​ស្ថិត​ក្នុង​ចន្លោះ​ពី​ ១៣២​ ដុល្លារ​ក្បៀស​៥០​ ទៅ​១៦៨​ ដុល្លារ​ក្នុង​មួយ​ខែ​។​

​ប៉ុន្តែ​ បើ​យោង​លើ​បទ​ពិសោធន៍​ក្នុង​ការ​ចរចា​ប្រាក់ខែ​កម្មករ​នា​ពេល​កន្លង​មក​ ឃើញ​ថា​ ភាគី​និយោជក​ មាន​ឥទ្ធិពល​ច្រើន​ជាង​ ភាគី​សហជីព​ដែល​ការពារ​ផលប្រយោជន៍​របស់​កម្មករ​ ព្រោះ​ភាគី​និយោជក​មាន​សំឡេង​គាំទ្រ​ពី​សហជីព​គាំទ្រ​រដ្ឋាភិបាល​។​
​យោង​លើ​បទ​ពិសោធន៍​នេះ​ ឃើញ​ថា​ ប្រាក់ខែ​គោល​របស់​កម្មករ​អាច​ស្ថិត​ខាង​ផ្នែក​ទាប​ នៃ​ច​ម្លោះ​ដែល​បាន​រក​ឃើញ​ ហើយ​បើ​នៅ​ឆ្នាំ​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ នឹង​សម្រេច​បន្ថែម​៥​ដុល្លារ​លើ​ប្រាក់ខែ​គោល​ដូច​ការ​ចរចា​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ នោះ​ប្រាក់ខែ​គោល​របស់​កម្មករ​សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ អាច​ស្ថិត​ក្នុង​រង្វង់​១៤០​ដុល្លារ​ក្នុង​មួយ​ខែ​៕

Share

Image
Image
Image