អ្នកស្លាប់ បានកើនឡើងជិត ១០០ នាក់ ខណៈជិត ៦០នាក់ទៀត ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួន ហើយ ជាង២លាននាក់ រងគ្រោះដោយសារភ្លៀងដ៏ជោគជាំនៅភាគខាងលិចប្រទេសជប៉ុនកាលពីថ្ងៃសៅរទី៧កក្កដា ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK ។
NHK បានរាយការណ៍ថា អាជ្ញាធរជប៉ុនបានចេញបញ្ជាឲ្យពលរដ្ឋជាង ៤លាននាក់ ចេញពីតំបន់មួយចំនួននៅទីក្រុងឃ្យូតូ ខណៈទីក្រុងបុរាណមួយនេះ រងភ្លៀងធ្លាក់ជោគជាំចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មកនេះ ដែលបង្កឲ្យបាក់ដី និងទឹកជំនន់លិចផ្ទះសម្បែង ហើយហូរកួចយករថយន្តរាប់ម៉ឺនគ្រឿង។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្ដីប្រកាសព្រមានអំពីជំនន់ទឹកភ្លៀង និងការរអិលបាក់ដីដ៏អាក្រក់បំផុតដែលមិនធ្លាប់កើតមាននៅក្នុងរយៈពេល ៥០ឆ្នាំមកនេះ។
ចាប់តាំងពីរដូវភ្លើងចាប់ធ្លាក់មក យ៉ាងតិចទីក្រុង ចំនួន៩៣ក្រុង បានជនលិច។
នាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់ អ្នកសារព័ត៌មានថា ស្ថានភាពទឹកជំនន់នៅឆ្នាំនេះ មានសភាពអាក្រក់ខ្លាំងណាស់បើ ធៀបនឹងឆ្នាំកន្លងមក។
កាលពីខែសីហា ឆ្នាំ២០១៤ ជំនន់ទឹកភ្លៀងដ៏អាក្រក់ដូចនេះដែរបានកើតឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដោយបានសម្លាប់មនុស្ស ៧៧នាក់ បង្កឲ្យបាក់ដី និងបំផ្លាញផ្ទះសម្បែងរបស់ប្រជាជន យ៉ាងច្រើន៕