en     km
en     km

តើបារាំងអាចឈ្នះ អ៊ុយរ៉ាហ្គាយ ហើយឡើងបន្តដល់វគ្គផ្តាច់ព្រ័តឬទេ?

Share

(World Cup)៖ ក្រុមបាល់ទាត់មាន់គកបារាំងគឺជាក្រុមខ្លាំងតែមួយគត់ ដែលរក្សាកំណត់ត្រា មិនចាញ់នៅក្នុងព្រឹត្តិការ World Cup ឆ្នាំនេះ ដែលធ្វើ នៅរុស្សី។ ក្រុមមាន់គកបារាំងហាក់បង្ហាញទម្រង់លេងយ៉ាងល្អ បន្ទាប់ពីខ្លួនបានឈរនៅក្នុងលេខរៀងទី ១ ក្នុងពូល C ដែលក្រុមក្នុងពូលរបស់ខ្លួន ក្នុងនោះមានប្រទេស ដាណឺម៉ាក អូស្រ្តាលី និង ប្រទេស​ប៉េរូ បានធ្លាក់ចេញ ពីព្រឹត្តិការណ៍នេះ អស់ទៅហើយនៅសល់តែក្រុមខ្លាំងបារាំងនេះតែមួយគត់។

អ្នកវិភាគព្រឹត្តិការណ៍បាល់ទាត់ល្បីមួយចំនួនបានដាក់ការរំពឹងទុកថាការប្រកួតរវាង ក្រុមមាន់គកបារាំងមកពីទ្វីបអឺរ៉ុប និង ក្រុមជើងខ្លាំងមកពីទ្វីបអាមេរិកខាងត្បូង អ៊ុយរ៉ាហ្កាយ យប់នេះ គឺនឹងមានគ្រាប់បាល់កើតឡើងនៅក្នុងតង់ទី ១ និង តង់ទី ២។

សំណួរជាច្រើនពីប្រិយមិត្តគាំទ្រក្រុមទាំង ២ ថា តើប្រទេសមួយណា យប់នេះនឹងត្រូវឡើងយន្តហោះត្រឡប់ទៅស្រុកវិញ។ គ្មានទេ ចម្លើយមួយពិតប្រាកដ តែបើក្រឡេកមើលជំនួប ៧ ប្រកួតចុងក្រោយវិញ ទើបដឹងថា ក្រុមទាំង ២ មួយណាមានប្រៀបជាង។

ការប្រកួតចុងក្រោយរវាងក្រុមទាំង ២​ គឺធ្វើឡើងកាលពីឆ្នាំ ២០១៣ ហើយប្រទេសដែលយកជ័យជម្នះបានគឺក្រុមប្រទេសអ៊ុយរ៉ាហ្កាយស៊ុតបញ្ជូលទី ១-០ ក្នុងការប្រកួតមិត្តភាព ហើយការប្រកួតទាំង ៧ លើក គឺបារាំងឈ្នះអ៊ុយរ៉ាហ្កាយ តែម្តងគត់ ក្នុងលទ្ធផល ២-០។

ព្រឹត្តិការណ៍យប់នេះ គឺ មើលទៅទំនងបារាំងពុំអាចយកឈ្នះ ក្រុមជើងខ្លាំងអាមេរិកឡាទីនបានងាយៗនោះទេ ។នេះ បើយោងតាមការវិភាគព្រឹត្តិការណ៍កីឡានេះ របស់គេហទំព័រ The Guardian។

លោក Antoine Griezmann ខ្សែប្រយុទ្ធមុខស្រួចរបស់ក្រុមមាន់គកបារាំង បានលើកឡើងថា ការដែលយកឈ្នះ អ៊ុយរ៉ាហ្កាយ យប់នេះ គឺជារឿងដែលលំបាក ព្រោះខែលការពារមិនអាចទំលុះបាន គឺ Godin ដែលគេចាត់ទុកថាជាខ្សែការពារមានបទពិសោធន៍ខ្ពស់លេងក្នុងក្លឹប Athletico Madrid ជាមួយ Griezmann ហើយណាមួយ កីឡាករខ្សែការពារជម្រើសជាតិបារាំង Matuidi នឹងត្រូវអវត្តមាន ព្រោះទទួលបានកាតលឿងកាលពីជំនួបជាមួយអាហ្សង់ទីន។

យ៉ាងណាក៏ដោយ ក្រុមបារាំង ក៏នៅមានក្តីសង្ឃឹមក្នុងការកែប្រែប្រវត្តិសាស្រ្តរបស់ខ្លួន ព្រោះថា យប់នេះ ខ្សែប្រយុទ្ធជើងខ្លាំងរបស់ អ៊ុយរ៉ាហ្កាយ Cavani ទំនងនឹងមិនបានលេង ដោយសារបញ្ហារបួស។ Cavani បានបង្ហាញទម្រង់លេង យ៉ាងល្អពេលប៉ះ និង ព័រទុយហ្កាល់ហើយដណ្តើមកៅអីឡើងមកជួបបារាំងនៅក្នុងវគ្គ ៨ ក្រុមចុងក្រោយនេះ។ ប៉ុន្តែ គាត់លេងយ៉ាងវេទនាបំផុត ព្រោះបញ្ហាសាច់ដុំជើងរបស់គាត់រើឡើង ទើបយប់នេះ បារាំងអាចនឹងមានសង្ឃឹមយកឈ្នះលើក្រុមមកពីទ្វីបអាមេរិកខាងត្បូង។

ក្រុមមាន់គកបារាំង នៅតែមានអ្នកវិភាគល្បីនិងជំនាញបាល់ទាត់វិភាគថា បារាំងនឹងឈ្នះ អ៊ុយរ៉ាហ្កាយយប់នេះ ប្រសិនបើទម្រង់លេងរបស់បារាំងខ្លាំងដូចកាលប៉ះជាមួយ អាហ្សង់ទីន កាលពីថ្ងៃទី ៣០ ខែ​មិថុនា ឆ្នាំ​២០១៨​ ក្នុងលទ្ធផល ៤ ទល់នឹង ៣៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង