(ក្រុងភ្នំពេញ)៖ ឃ្លាំងស្តុកស្រូវដែលអាចស្តុកស្រូវ ២០ ម៉ឺនតោន និង ឡដ៏សម្ងួត និងមានសមត្ថភាពស្តុកស្រូវ បាន ២០ ម៉ឹនតោន និង ឡសម្ងួត ស្រូវ បាន ៣ ពាន់តោន ក្នុង មួយថ្ងៃ ត្រូវបានដាក់ឲ្យដំណើការហើយ នៅក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៨នេះ។
ប្រធានធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាចបានមានប្រសាសន៍ថា ឃ្លាំងស្តុកស្រូវនេះ គឺស្ថិតនៅក្រោមគម្រោងវិនិយោគ ពិសេសក្នុងទម្រង់ បំណុលរបស់រដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនធនាគារស្រូវ ក្នុងតម្លៃ ប្រមាណ១៥ លានដុល្លារអាមេរិក។
លោក កៅ ថាច បានថ្លែងដូចនេះ ថា៖« ក្នុងរយៈកាលកន្លងមកជាពិសេស ការធ្លាក់ចុះ ជាគំហុកនៃតម្លៃស្រូវ មិនសមហេតុមិនសមផលកាលពីឆ្នាំ២០១៦ គឺដោយសារតែកង្វះឃ្លាំងស្តុកស្រូវ ឡដ៏សម្ងួត និង ការបង្វិលទុន ក៏ដូចជាបញ្ហាផ្សេងៗដែលតែងតែកើតមាន ដូចជាការផ្គត់ផ្គង់ស្រូវលើសតម្រូវការ ក្នុងរដូវប្រមូលផលស្រូវជាដើម។ ដោយមើលឃើញពីការលំបាកនេះ រដ្ឋាភិបាលក៏សម្រេច ដាក់ចេញនូវគម្រោង អន្តរាគមន៍ តាមរយៈធនាគារ អភិវឌ្ឍន៍ ជនបទ ជាប្រតិបត្តិករអនុវត្តគម្រោងពិសេសសាងសង់ឃ្លាំងស្តុកស្រូវ និង ឡសម្ញួត ស្រូវនៅខេត្តបាត់ដំបង ក្នុងគោលដៅធានាសេ្ថរភាពថ្លៃស្រូវ និង លើកកម្ពស់ ថ្លៃស្រូវដល់ប្រជាកសិករ ដើម្បីលើកស្ទួយថ្លៃស្រូវ និង រួមចំណែក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករ»។
ស្របពេលនេះ ដែរ លោក ជូ គីម ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ហុ បាននិយាយថា អំណោយផលនៃ បរិយាកាសភូមិសាស្រ្ត នយោបាយ ខឿនសេដ្ឋកិច្ចនៅកម្ពុជា មានអត្រាកំណើន ជាមធ្យមពី ៧.៧ ភាគរយ នេះទើបធ្វើឲ្យទីផ្សារស្រូវអង្ករកម្ពុជាមានមុខមាត់នៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ឃ្លាំងស្តុកស្រូវ ទំហំ ២០០ ពាន់តោន និង ឡដ៏សម្ងួតនេះ និងក្លាយជាមជ្ឈមណ្ឌល ប្រមូលទំនិញស្រូវ និង កិនស្រូវ កែច្នៃ ដែលមានលទ្ធភាពប្រមូលទិញស្រូវ ពីកសិករ និង ជាពិសេសនៅតំបន់ភាគខាងលិច នៃប្រទេសផងដែរ ដែលត្រូវបានអ្នកជំនាញស្រូវអង្កររំពឹងថា កម្ពុជានឹងពុំជួបបញ្ហាកង្វះឃ្លាំងស្តុកស្រូវ ទៀតឡើយ។
នៅក្នុងកម្មវិធីសន្និបាទបូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឆ្នាំ ២០១៧-២០១៨ កាលពីថ្ងៃទី ២ ខែ ឧសភា សម្តេច ហ៊ុន សែន លើកឡើងថា កម្ពុជាផលិតស្រូវសរុប ១០លាន ៥ម៉ឺន ២ ពាន់តោន ដោយកើនឡើង ៥,៧ ភាគរយ។ ក្នុងនោះ អតិរេកស្រូវ ឬ ស្រូវសល់ជាង៥លាន ៥ សែន ៦ម៉ឺនតោន ឬស្មើនឹង ៣,៥៦ លានតោន បើគិតជាអង្ករ។
កម្ពុជានាំអង្ករចេញទៅទីផ្សារអន្តរជាតិចំនួន ៦៣ ប្រទេសនៅឆ្នាំមុន។ ក្នុងត្រីមាសទី១ ឆ្នាំ ២០១៨នេះ ប្រទេសចិនបានទិញអង្ករកម្ពុជាច្រើនជាងគេ ៦៤ ម៉ឺនតោន ដោយប្រទេសបារាំងតាមពីក្រោយ ជាង ២ ម៉ឺនតោន និងប្រទេសម៉ាឡេស៊ីជាង ១ម៉ឺនតោន។
បើតាមរបាយការណ៍របស់អង្គការស្បៀងអាហារពិភពលោក(FAO) បានប៉ាន់ប្រមាណថា កម្ពុជាអាចនឹងនាំចេញអង្ករកើនឡើង ៥ ភាគរយ ឬ ១, ៣ លានតោន៕