ក្រុងភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA នឹងក្លាយជាអ្នកសម្របសម្រួលផ្នែក បច្ចេកទេស និងសម្រេចធ្វើការសិក្សា ទៅលើ ការកែលម្អប្រព័ន្ធភស្តុភារកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយនឹងអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និង ដឹកជញ្ជូន។
ស្តាប់សំឡេង លោក សេរ ីវឌ្ឍនៈ ៖
សន្និសីទសារព័ត៌មានស្តីពីការកែលម្អប្រព័ន្ធភុស្តភារកម្ម ដែលជាគម្រោងរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន សម្របសម្រួលនិងធ្វើការសិក្សាផែនការមេ ដោយ អង្គការ JICA បានធ្វើឡើងកាលព្រឹកថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ នៅឯស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាននោះ អ្នកជំនាញការរបស់អង្គការ JICA បានលើកឡើងថា កម្ពុជាជាប្រទេសដែលមានសក្តានុពលទាំងភូមិសាស្រ្ត នយោបាយ និង សេដ្ឋកិច្ច ពាណិជ្ជកម្ម។
លោក កាសូម៉ាសា សានុយ ប្រធានទីប្រឹក្សា JICA បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានភូមិសាស្រ្ត ល្អជាងប្រទេសមួយចំនួន ដោយផ្អែកថា កម្ពុជាជាប្រទេសដែលលាតសន្ធឹងនៅតំបន់អាស៊ីអាគ្នេយ៍ ដែលទាក់ទាញដល់វិនិយោគិន ចាប់អារម្មណ៍មកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ការណ៍នេះ លោកថា ការដឹកជញ្ជូន ភស្តុភារកម្មនៅកម្ពុជាពុំទាន់មានភាពទំនើប ដែលលោកថា គម្រោងរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ក្រោមការគាំទ្រពីអង្គការ JICA នោះ កម្ពុជានឹងអាចកែលម្អប្រព័ន្ធភុស្តភារកម្ម ដែលផ្អែកទៅលើកត្តាមួយចំនួន ជួយសម្រួលដល់ការជីវភាពប្រចាំថ្ងៃ។
សំឡេង លោក កាសូម៉ា សានុយ៖ ទាក់ទងជាមួយនឹងឱកាសនោះ គឺកម្ពុជាជាប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ី ដែលមានឱកាសច្រើនក្នុងការអភិវឌ្ឍ ដោយមានការវិនិយោគធំច្រើន ដូច្នេះ ពិពិធកម្មក្នុងការដឹកជញ្ជូនទំនិញពីគោលដៅមួយទៅ គោលដៅមួយនឹងមានភាពរហ័សងាយស្រួល សាមញ្ញ ទំនើប ហើយ JICA និង សិក្សាពីគម្រោងនេះ។
យ៉ាងណាក៏ដោយ អ្នកជំនាញ JICA រូបនេះ លើកឡើងថា ផែនការមេរបស់អង្គកានេះ នឹងផ្តោតសំខាន់ទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និង ផ្លូវគមនាគមន៍ ដើម្បីឲ្យការដឹកជញ្ជូនកាន់តែរហ័ស មានតម្លៃថោក មានជំនឿទុកចិត្តបាន។
លោក ឈៀង ពេជ្រ អគ្គនាយក នៃ អគ្គនាយកដ្ឋានភស្តុភារកម្ម បានបង្ហាញសេចក្តីសោមន្ស ដែល អង្គការ JICA ចូលរួមគាំទ្រ ដល់សកម្មភាពលើកកម្ពស់ភស្តុភារកម្មនេះ។
លោក បានបញ្ជាក់ថា កម្ពុជា មានយុទ្ធសាស្រ្ត និង ផែនការមេប្រកបដោយភាពវ័យឆ្លាត ២៥ ដែលមានសមត្ថកិច្ចគ្រប់គ្រាន់ ក្នុងការកែលម្អប្រព័ន្ធមួយនេះ។ លោកលើកឡើងថា ផែនការយុទ្ធសាស្រ្ត គឺបើកចំហរតភ្ជាប់ផ្លូវជាតិ ធំៗ ពីតំបន់ប៉ូលពាណិជ្ជកម្មទាំង ៣ ទីមួយ គឺ ភ្នំពេញ-កំពង់ផែក្រុងព្រះសីហនុ ទីពី គឺភ្នំពេញ-ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និង ទី៣ គឺ ភ្នំពេញ-ច្រកព្រំដែនអន្តរជាតិ បាវិត។
សំឡេង លោក ឈៀង ពេជ្រ៖ ហើយខ្ញុំសូមបញ្ជាក់ឡើងវិញបន្តិចទៀត គឺ ផែនការមេ នេះ គឺផ្តោតទៅលើដំណោះស្រាយ ប៉ូលសេដ្ឋកិច្ច ៣ ដែលគេរកឃើញ គឺ ភ្នំពេញ កំពង់សោម ភ្នំពេញ ប៉ោយប៉ែត និង ភ្នំពេញ បាវិត ដែលប៉ូលទាំង ៣ នេះ គឺដើរតួរសំខាន់ក្នុងការធ្វើភស្តុភារកម្ម។
យ៉ាងណា លោក បានបង្ហើបថា កម្ពុជាគ្រោងនឹងកសាងផ្លូវភ្ជាប់ពី ខេត្តកោះកុង ទៅ កាន់ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ ការធ្វើពិពិធកម្ម និង ភុស្តភារកម្ម និង ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។
សូមបញ្ជាក់ថា គម្រោងបច្ចេកទេសរបស់អង្គការ JICA សម្រាប់ការគាំទ្រនិងសម្របសម្រួលដល់ការលើកកម្ពស់ ភុស្តភារកម្មនេះ មានរយៈពេល ២ ឆ្នាំ គឺ ចាប់ពីឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០២០។ អ្នកជំនាញអង្គការនេះ រំពឹងថា ការសម្របសម្រួលបច្ចេកទេស និង ការសិក្សាស្រាវជ្រាវគម្រោងនេះ នឹងផ្តល់ឲ្យកម្ពុជា ដោះស្រាយបញ្ហាផ្សេងៗនៅចំណុចតំបន់ប៉ូលសេដ្ឋកិច្ច និង ប្រើប្រាស់តំបន់ទាំងនោះ ដោយអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា៕