en     km
en     km

គិតត្រឹមថ្ងៃទី ២៦មិថុនា អ្នកចុះឈ្មោះសង្កេតការណ៍បោះឆ្នោតមានជាង ៥ម៉ឺននាក់

Share

ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ចុះនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការ អនុញ្ញាតអោយអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ ប្រមាណជាង ៥ម៉ឺននាក់ មកពី ៨២សា្ថប័ន ក្នុងនោះមានអ្នកសង្កេតការណ៍អន្ដរជាតិមកពីប្រទេសមីយ៉ាន់ម៉ា ប្រទេសចិន និងប្រទេសសឹង្ហបុរី។

ទន្ទឹមនឹងនេះ គ.ជ.ប ក៏បាននិងកំពុងពិនិត្យលើពាក្យស្នើសុំរបស់អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិនៃសមាគម អង្គការមិនមែនរដ្ឋាភិបាល ប្រមាណជាង ៨០០នាក់ ថែមទៀត ដើម្បីចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៩ ខែកក្កដា  ឆ្នាំ២០១៨។

តាមសេចក្ដីប្រកាសព័ត៌មាននេះ គ.ជ.ប នឹងបញ្ចប់ការដាក់​ ​និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ពោលគឺ ១០ថ្ងៃ មុនថ្ងៃបោះឆ្នោត) ហើយអ្នកសង្កេតការណ៍អន្ដរជាតិ បញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ( ៣ថ្ងៃ មុនថ្ងៃបោះឆ្នោត ) នៅវេលាម៉ោង ៥ និង៣០នាទីរសៀល។

សូមជម្រាបថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បេក្ខជនឈរឈ្មោះបោះឆ្នោត មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធមិនត្រូវបានអនុញ្ញាតអោយធ្វើជាអ្នកសង្កេតការណ៍ ដើម្បីសង្កេតមើលដំណើរការ៤នៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតទេ៕

Share

Image
Image
Image