បទកយកការណ៍៖ អ្នកស្រី សំ សារិ ពីអ្នកដើរស៊ីឈ្នួលច្រូតស្មៅ និងមិនមានលំនៅដ្ឋានច្បាស់លាស់ ពេលនេះបានចាប់ផ្ដើមសាងជីវិតថ្មី និងមានភាពរឹងមាំជាងមុន។ តើអ្វីដែលធ្វើអោយជីវិតរបស់អ្នកស្រី សំ សារិ ខុសប្លែក? ជាបន្ដសូមអញ្ជើញស្ដាប់បទយកការណ៍ដែលរាយការណ៍ដោយកញ្ញា ជុំ ជោគជាតាក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ(២០-២១ ខែមិថុនា ឆ្នាំ២០១៨) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដូចតទៅ!
«ខ្ញុំមានតែដាំដំណាំតិចតួចចឹងទៅ មើលចៅបោសសំអាតផ្ទះ មើលគោ ថែមាន់ មានប៉ុណ្នឹង មិនអាចទៅរកឆ្ងាយបានទេ បើខ្ញុំចេញទៅ អត់មានអ្នកមើលចៅ អត់អ្នកថែមាន់ អត់អ្នកថែគោ អត់អ្នកដាំដំណាំហូប»។ នេះជាការលើកឡើងរបស់អ្នកស្រី សំ សារិ ដែលជាពលរដ្ឋរស់នៅភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នៅក្នុងសម្ដីរៀបរាប់ទាំងទឹកមុខរួសរាយរាក់ទាក់ អ្នកស្រី សំ សារិ មានប្រសាសន៍ឱ្យដឹងបន្ដថា អ្នកស្រីទទួលបានដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានផ្ដល់អោយក្នុងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ ហៅកាត់ថា (LasedII) ផងដែរ។
អ្នកស្រីបាន បង្ហាញអារម្មណ៍ដូចនេះ៖«ខ្ញុំសប្បាយចិត្ត ត្រេកអររកអ្វីប្រៀបមិនបានទេ សូម្បីតែសំលៀកបំពាក់់ ឬក៏ទៅរកអី… ទាល់រកអីនឹកលែងឃើញ ជួបការលំបាក ដល់មកទីនេះ ខាងរដ្ឋាភិបាលក៏ផ្ដល់កម្លាំងចិត្ត ខាងអង្គការក៏គាត់ជួយឧបត្ថម្ភជាគំនិតផ្ចុងផ្ដើមអោយយើងចេះដាំដំណាំខ្លួនឯង»។
តាមស្រ្ដីវ័យ ៦៣ឆ្នាំរូបនេះ ក្នុងមួយថ្ងៃអ្នកស្រីអាចរកកម្រៃបានពីការលក់បន្លែ ១ម៉ឺនរៀល ទៅ២ម៉ឺនរៀល។
អ្នកស្រី សំ សារិ ៖«ចាប់ពីខែ ១២មក មកទល់យើងខែ៧មក ខ្ញុំបានដាំលក់ខ្លះ ហូបខ្លះ ម្ង៉ៃបាន ១ម៉ឺន ២ម៉ឺនរៀងរាល់ថ្ងៃ តែទើបតែអត់មួយអាទិត្យនេះ វាមិនទាន់បានផ្លែ »។
តាមការលើកឡើងរបស់អ្នកស្រី សំ សារិ ក្រៅពីការដាំដំណាំ អ្នកស្រីក៏មានចិញ្ចឹមមាន់ និងគោផងដែរ។
អ្នកស្រី សំ សារិ ៖«និយាយទៅអស់ពីដាំដំណាំទៅ យើងទំនេរ វាអត់មានអីធ្វើ ដល់ពីមានគោអឹងចឹងទៅ ដាំដំណាំហើយ យើងមើលគោផ្សំចឹងទៅ ដល់ឆ្នាំ ដល់ ៩ខែ១០ថ្ងៃគោនឹងកើតហើយ គឺបានផលអោយយើងហើយ »។
ក្រៅពីការទទួលបានដីសម្បទានសង្គមកិច្ច អ្នកស្រី សំ សារិ ក៏ទទួលបានការបង្រៀនពីរបៀបដាំដុះ និងការចិញ្ចឹមគោផងដែរ ដែលពលរដ្ឋនៅទីនោះតែងហៅថា ធនាគារគោ។
ធនាគោនៅទីនេះ គឺសំដៅទៅលើការជួយរបស់អង្គការជីវិតថ្លៃថ្នូរ ហៅកាត់ថា (LWD) ដែលផ្ដល់មេគោទៅអោយអ្នកភូមិសម្រាប់ធ្វើការប្រវាស់។ ហើយ អង្គការ LWD នេះដែរ គឺ បានការសហការពីអាជ្ញាធឃុំ ស្រុក ខេត្ត និងក្រុមការងារថ្នាក់ជាតិ ដើម្បីអនុវត្តស្របតាមកម្មវិធីសម្បទានដីសង្គមកិច្ច។
នៅក្នុងគម្រោងអនុវត្តន៍សម្បទានដីសង្គមកិច្ចដល់ពលរដ្ឋក្រីក្រ ឬគម្រោង Lased II នេះដែរ បានបង្ហាញថា អ្នកស្រី សំ សារិ និងពលរដ្ឋឯទៀតនៅក្នុងភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ប្រមាណ ២៣៣គ្រួសារ គឺ ទទួលបានដី សម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល តាមរយៈការចាប់ឆ្នោតយកដីឡូតិ៍លំនៅឋាន និងដីកសិកម្ម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២។
ក្នុងចំណោមពលរដ្ឋចំនួន ២៣៣គ្រួសារនេះ គឺគ្រួសារនីមួយៗទទួលបានដីលំនៅឋាន ទទឹង ៣០ម៉ែត្រ បណ្ដោយ ៤០ម៉ែត្រ និងដីដាំដុះ ១ហិកតា។
តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្ដីពីគម្រោង Lased II ឃើញថា នៅឃុំពាម មានចំនួន ១៣ភូមិ ហើយភូមិសុខសែនជ័យនេះ គឺទើបទទួលស្គាល់ដោយក្រសួងមហាផ្ទៃ កាលពីខែកក្កដា ឆ្នាំ២០១៦ ។
ភូមិសុខសែនជ័យនេះផ្ទាល់ មានប្រជាជនសរុបចំនួន ២៣៣គ្រួសារ ស្មើនឹង ១២៣០នាក់ ក្នុងនោះមានស្រ្ដី ៦៤៤នាក់។
ចាប់តាំងពីមានភូមិសុខសែនជ័យជាផ្លូវការនេះដែរ មេឃុំពាម លោក យី ផេង អះអាងថា ភូមិឃុំរបស់លោកមិនមានអំពើចោរកម្មកើតឡើងនោះទេ។
លោក យី ផេង ៖«ចោរឆក់ ចោរលួចអីអត់មានទេ គ្រាន់តែអំពើហិង្សាអីខ្លះមានវាមិនអត់ទេ»។
អ្វីដែលលោកមេឃុំរូបនេះមើលឃើញទៀតនោះគឺភាពសកម្មរបស់ស្រ្ដីក្នុងការងារចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោក យី ផេង ៖«ការសកម្មនោះវាបើមើលទៅខាងស្រ្ដីគាត់ក៏សកម្មដែរ តែខាងបុរសនោះក៏វាមិនជាទូទៅ បុរសខ្លះក៏សកម្មដែរ ហើយបុរសខ្លះក៏អសកម្មដែរ អសកម្មនេះហើយទើបធ្វើអោយមានជម្លោះនៅក្នុងគ្រួសារ ពីព្រោះស្រ្ដីគឺគាត់តែងតែចង់បានចង់ផ្គត់ផ្គង់គ្រួសារអោយបានរីក ចម្រើនតែខាងបុរសមិនសូវជួយ »។
ដោយឡែក អ្នកស្រី ជា សំណាង ជាជំនួយការឃុំពាម មានប្រសាសន៍ឱ្យដឹងដែរថា ៖«គាត់មានជីវភាពគ្រាន់បន្ថិចតែ គាត់មិនមែនមានមែនទែនទេ តែគាត់អាចចិញ្ចឹមជីវិតគាត់បាន។ បើឆ្នាំដំបូងខ្ញុំមកឃើញវេទនាណាស់ ផ្លូវក៏ពិបាក ពលរដ្ឋក៏ពិបាកមើលទៅជីវភាពគាត់ពិបាកមែនទែន ព្រោះពីភូមិ ចាស់ពួកគាត់អត់មានអីសោះហើយ តែមកដល់មកដល់ភូមិថ្មីបាតដៃទទេរ តែឥលូវគាត់ធូរធារជាងមុនហើយ »។
តាមអ្នកស្រី ជា សំណាង បើប្រៀបធៀបជីវភាពរបស់ពលរដ្ឋកាលពីមុនហើយនិងឥលូវនេះ គឺពួកគាត់អាចមានលទ្ធភាពដាំដុះបន្លែ និងចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារបានដោយខ្លួនឯង។ ទន្ទឹមនឹងនោះ ស្រ្ដីក៏មិនចាំបាច់ទៅធ្វើការឆ្ងាយពីផ្ទះ ឬចំណាកស្រុកទៀតដែរ។
ជុំវិញរឿងនេះដែរ លោក ឯម វិចិត្រ ទីប្រឹក្សាប្រតិបត្តិប្រចាំខេត្តកំពង់ឆ្នាំ របស់គម្រោង Lased II មានប្រសាសន៍ឱ្យដឹងថា ស្រ្ដីនឹងទទួលបានប្រយោជន៍អំពីការបែងចែកដីសម្បទានសង្គមកិច្ច ហើយការណ៍នេះនឹងជួយកាត់បន្ថយការចំណាកស្រុករបស់ពួកគាត់ និងមិនធ្វើអោយពួកគាត់ត្រូវបានឃ្លាតឆ្ងាយពីក្រុមគ្រួសារនោះទេ។
ការធានាអះអាងរបស់លោក ឯម វិចិត្រ ដូចនេះ ក្នុងពិធីធ្វើបទបង្ហាញអំពីគម្រោង LasedII នៅសាលាខេត្តកំពង់ឆ្នាំង។
លោក ឯម វិចិត្រ៖ «ខ្ញុំចង់លើកបីចំណុច ទាក់ទងទីមួយ គឺ បើយើងសង្កេតឃើញថាទាក់ទងនិងប្រជាជនមកពីទីតាំងផ្សេងអត់មានលំនៅដ្ឋានច្បាស់ លាស់ចឹងការផ្ដល់ដីអោយគាត់ទាំងដីកសិកម្មទាំងដីលំនៅដ្ឋាន ជាការផ្ដល់ដីទីតាំងអោយគាត់ពិតប្រាកដ។ ចំណុចទីពីរ គឺ កូនគាត់បានរៀន។ ហើយមួយទៀត ទាក់ទងនិងការងារ គឺយើងមានអ្នកបណ្ដុះបណ្ដាល ផ្នែកកសិកម្ម និងការចិញ្ចឹមមាន់ »។
តាមរបាយការណ៍សង្ខេបរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លទ្ធផលដែលសម្រេចបាននៃគម្រោង Lased II បង្ហាញថា អ្នកដែលទទួលបានដីសម្រាប់បង្កបង្កើនផល និងសាងសង់លំនៅដ្ឋាន មានចំនួន ៥១៤១គ្រួសារ ក្នុងខេត្តគោលដៅចំនួន ៥ គឺ ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។
លោក វង្ស គង្គា ទីប្រឹក្សាជាតិជាន់ខ្ពស់ផ្នែកប្រតិបត្តិ តាមដាន និងវាយតម្លៃនៃគម្រោង Lased II បាន ឱ្យដឹងថា គម្រោង Lased IIគឺទទួលបានថវិកាពីធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសរុបជាង ២៦លានដុល្លារ។
តាម លោក គង្គា គម្រោង Lasedទីមួយ រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង ៣លានដុល្លារ ។ រីឯ គម្រោងLasedទីពីរនេះ គឺរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ១១លានដុល្លារអាមេរិក ដើម្បីជួយទៅដល់ហេដ្ឋារចនាសម្ព័ន្ធ រួមនិងការងារបណ្ដុះបណ្ដាលបច្ចេកទេសនៃការដាំដុះនៅក្នុងតំបន់គោលដៅដែលផ្ដល់ដីជូនពលរដ្ឋក្រីក្រខាងលើ។
តាមការបញ្ជាក់ គម្រោង Lased នៅក្នុងជំហានទី២នេះ គឺ មានរយៈពេល ៥ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២១។
ជុំវិញការអនុវត្តនៃគម្រោង Lased II នេះដែរ អ្នកស្រី សំ សារិ ដែលជាពលរដ្ឋរស់នៅភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានសំណូមពរ៖« ខ្ញុំសំណូមពរអោយរាជរដ្ឋាភិបាលជួយ ជួយជាអ្វីក៏ដោយអោយបាននៅក្នុងសហគមន៍ ហើយផ្ដល់ជាគំនិត ឬជាអ្វីក៏ដោយមកខាងគ្រួសារខ្ញុំក៏ដោយ សហគមន៍ក៏ដោយ គឺអោយរាជរដ្ឋាភិបាលជួយអោយប្រជាជនរីកចម្រើនបន្ដទៅទៀត»៕