ក្រុងភ្នំពេញ៖ តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និង សារមន្ទីជាតិកម្ពុជាបានបើកពិធីសម្ភោធពិព័រណ៍ដោយ ដាក់តាំងនូវថ្មបាសាល់ដែលអ្នកអាវកាសសហរដ្ឋអាមេរិកយកពីឋានព្រះច័ន្ទ។ គោលបំណងនៃការប្រគល់នឹងដាក់តាំងពិព័រណ៌ គឺដើម្បីទាក់ទាញភ្ញៀវទេសចរ និង លើកកម្ពស់ការសិក្សាអប់រំផ្នែក STEM នៅកម្ពុជា។
លោក សេរី វឌ្ឍនៈ រាយការណ៍លម្អិត៖
ថ្មបាសាល់ដែលអ្នកអាវកាសយកពីឋានព្រះច័ន្ទនេះ ដាក់តាំងពិព័រណ៍នៅក្នុងសារមន្ទីជាតិកម្ពុជា ដោយមានតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និង តំណាងនៃសារមន្ទីជាតិកម្ពុជា បានបើកសម្ភោធនាព្រឹកថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨ នេះ។
លោកស្រី មូនីការ ដាវីស មន្រ្តីផ្នែកកិច្ចការវប្បធម៌នៃសា្ថនទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញសេចក្តីសោមនស្សរីករាយ ដែលសហរដ្ឋអាមេរិក បានប្រគល់និងបង្ហាញថ្មសុឆន្ទះពីឋានព្រះច័ន្ទដល់ប្រជាជនកម្ពុជា។
លោកស្រី ថា គោលបំណងនៃការដាក់ពិពរណ៍ថ្មបាសាល់ ដល់ប្រជាជនកម្ពុជាគឺចង់បំផុសស្មារតីសន្តិភាព នៅលើផែនដី និង ចង់លើកបំផុសគំនិតយុវជនកម្ពុជាឲ្យងាកមកចាប់អារម្មណ៍លើការសិក្សាមុខវិជ្ជា វិទ្យាសាស្រ្ត ឬ ស្ទែម (STEM) ដើម្បីពង្រីកការគិតរបស់យុវជនឲ្យបានធំទូលាយជាងនេះ ព្រោះថាក្នុងឆ្នាំ ១៩៦៩ មានតែសហរដ្ឋអាមេរិកតែមួយគត់ដែលឡើងទៅដល់ឋានព្រះច័ន្ទជាលើកដំបូង។
សំឡេង លោកស្រី មូនីការ ដាវីស៖ គោលបំណងដែលយើងបង្ហាញការតាំងពីព័រណ៌ គឺចង់បំផុសគំនិតប្រជាជនដោយបង្ហាញក្តីសង្ឃឹមពីសន្តិភាពពិភពលោក ជាពិសេសនោះ គឺការបំផុសគំនិតឲ្យយុវជនសុបិន្តឲ្យបានធំ ក្នុងការធ្វើអ្វីមួយ ព្រោះថាគេអាចឡើងឋានព្រះច័ន្ទបាន ចុះហេតុអ្វីយើងមិនអាច។
លោកស្រី ក៏បានលើកទឹកចិត្តឲ្យយុវជនកម្ពុជា ដាក់ចិត្តស្រឡាញ់ការសិក្សាផ្នែកវិទ្យាសាស្រ្តនេះ និង ចេះ ស្រមៃឲ្យបានខ្ពស់។
លោក គង់ វិរៈ ប្រធានសារមន្ទីជាតិកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍រីករាយ និង ទទួលស្គាល់ពីសមត្ថផលដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិក ក្នុងបេសកកម្មរបស់ អាប៉ូឡូទី ១៧ ដែលអាចឡើងទៅដល់ឋានព្រះច័ន្ទបានកាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៦៩។
លោក បាននិយាយថា គោលបំណងនេះ គឺអាចទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនា នៅសារមន្ទីជាតិលកម្ពុជា ក៏ដូចជាការលើកទឹកចិត្តឲ្យសិស្សនុសិស្សងាកមកចាប់អារម្មណ៍និងវិស័យវិទ្យាសាស្ត្រដែលលោកមានសុទិដ្ឋិនិយមថាថ្ងៃណាមួយកម្ពុជាក៏នឹងអាចឡើងទៅជាន់ឋានព្រះច័ន្ទបានដែរ។
សំឡេង លោក គង់ វិរៈ៖ គោលបំណងនៃការតាំងពិព័រណ៌ថ្មឋានព្រះច័ន្ទនេះ គីក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកទស្សនាថ្មបាសាល់នេះ ក៏ដូចជាលើកទឹកចិត្តឲ្យយុវជនកម្ពុជាចាបអារម្មណ៍ក្នុងវិស័យវិទ្យាសាស្រ្ត ដែលកន្លងមកមនុស្សជាតិ បានសម្រេចមហិច្ចតារបស់ខ្លួន ឡើងជាន់ដល់ឋានព្រះច័ន្ទជាលើកដំបូង នេះសបញ្ជាក់ថា កម្ពុជាក៏អាចធ្វើបាននៅថ្ងៃណាមួយ។
គួរបញ្ជាក់ថា បន្ទាប់ពីធ្វើការស្រាវជ្រាវលើថ្មបាសាលនេះ អស់រយៈពេល ៦ ខែ ថ្មនេះត្រូវបានប្រគលជាអំណោយដល់កម្ពុជា តាមរយៈលោក អេមូរី ស្វេង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អមជាមួយនឹងលិខិតមួយច្បាប់ពីលោកប្រធានាធិបតី Nexon កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៧៣៕