en     km
en     km

ផ្លូវមួយខ្សែពីក្រុងសំរោងទៅក្រុងប៉ោយប៉ែតនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ

Share

ភ្នំពេញ៖ផ្លូវមួយខ្សែមានប្រវែងសរុបចំនួន ១៧៤, ៤៧៨គីឡូម៉ែត្រ និងទទឹង ១២ម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណជាង១២២លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។នេះបើ តាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៣ មិថុនា​ ឆ្នាំ២០១៨នេះ ។

តាមការចុះផ្សាយរបស់គេហទំព័រនេះដដែល ផ្លូវគ្រោងដែលនឹងបញ្ចប់ការសាងសង់នៅថ្ងៃខាងមុខនេះ គឺស្ថិតនៅចំណុចបំបែកផ្លុង ភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតដល់ផ្លូវជាតិលេខ៥ ចំណុចភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងស្ថានភាពសាងសង់កំណាត់ផ្លូវជាតិលេខ ៥៨ នេះ បានលើកឡើងថា គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ និងគ្រោងនឹង បញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដែលរហូតមកដល់ពេលនេះក្រុមហ៊ុនសាងសង់សម្រេចជិត ១០០ភាគរយហើយ។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យនេះ រដ្ឋមន្រ្ដីក្រសួងសាធារណការនិងដឹកជញ្ជូនបានពិនិត្យឃើញមានបញ្ហាបច្ចេកទេសមួយចំនួនទាក់ទងនឹងការសាងសង់ ហើយបានណែនាំឲ្យក្រុមហ៊ុនម៉ៅការសាងសង់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធទទួលខុសត្រូវកែសម្រួលលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យផ្លូវនេះ មានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង ។

គួរបញ្ជាក់ដែរថា ផ្លូវមួយខ្សែនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនងសមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និងរួមចំណែកដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។

ម្យ៉ាងទៀត ផ្លូវនេះក៏ជួយធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់រវាងកម្ពុជានិងបណ្តាប្រទេសជិតខាងជួយដល់ការសម្របសម្រួលការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនការវិនិយោគ និងជំរុញដល់ការអភិវឌ្ឍទេសចរណ៍ និងកសិកម្មផងដែរ៕


Share

ព័ត៌មានទាក់ទង

Image