en     km
en     km

ម្ចាស់ឆ្នោត និងគ.ជ.ប ជាតួអង្គសំខាន់២ សម្រាប់ការបោះឆ្នោត

Share

គ.ជ. ប ៖ លោក ស៊ិក ប៊ុនហុក ប្រធាន គជប បានលើកឡើងថា ដើម្បីឱ្យដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ ច្បាស់ណាស់ត្រូវមានតួអង្គពីរសំខាន់ចូលរួម នោះគឺ ម្ចាស់ឆ្នោត និង​គជប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះកាលពីថ្ងៃទី ៤ មិថុនា ម្សិលមិញ។

នៅក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹងនៅខេត្តព្រៃវែង​ អំពីច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ គជប ទាក់ទងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត លោក ស៊ិក ប៊ុនហុកប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា  ដើម្បីយល់ច្បាស់ពាក់ព័ន្ធទៅនឹងភាពស្របគ្នានៃតួអង្គទាំងពីរ លោក ស៊ិក ប៊ុនហុក បានបង្ហាញនូវគោលការណ៍ សិទ្ធិ និងអំណាចរបស់ពលរដ្ឋមួយចំនួនដូចជា៖

‑ឆន្ទៈរបស់ប្រជាពលរដ្ឋ គឺ ជាអាជ្ញារបស់អំណាចសាធារណៈ

‑បេះដូងប្រជាធិបតេយ្យពិតប្រាកដ គឺការបោះឆ្នោតប្រកបដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌

‑ប្រជាពលរដ្ឋបោះឆ្នោតដើម្បីជ្រើសរើសតំណាងដើម្បីបម្រើពួកគាត់ មិនមែនជិះជាន់គាត់ទេ ដូចនេះហើយ ប្រជាពលរដ្ឋមានអំណាចយ៉ាងធំ ក្នុងការជ្រើសរើសតំណាងដែលគាត់ពេញចិត្ត 

‑ពលរដ្ឋត្រូវ ពិនិត្យមើលគុណសម្បត្តិគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត។

‑ក្របខ័ណ្ឌនៃលទ្ធិប្រជាធិបតេយ្យ កើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ​ និងយុត្តិធម៌។

លោក ស៊ិក ប៊ុនហុក បន្ថែម ទៀតថា ដើម្បីឱ្យការបោះឆ្នោតមួយប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ ចាំបាច់ណាស់ការបោះឆ្នោតនោះ ជាការបោះដោយឆ្នោតសកល ដោយផ្ទាល់ ដោយសេរី និងដោយសម្ងាត់ជាដើម។ ប្រការដែលសំខាន់ជាងនេះទៅទៀតលោកថា ការបោះឆ្នោតនោះ ត្រូវមានតួរអង្គសំខាន់ពីរ ទីមួយ គឺ អ្នកបោះឆ្នោត និងទីពីរ គឺ គ.ជ.ប៕

Share

Image
Image
Image