en     km
en     km

ប្រជាជនវេណេហ្សូអេឡា៨០ភាគរយចង់ឱ្យមានវត្តមានបក្សប្រឆាំងឡើងវិញ

Share

ការបោះឆ្នោតប្រធានាធិបតីប្រទេសវេណហ្សូអេឡាកាលពីថ្ងៃទី២០ឧសភាមានអ្នកចេញបោះឆ្នោត ជិត៤៦ភាគរយ តែ មន្ត្រីឯករាជ្យម្នាក់ មកពីក្រុមប្រឹក្សាបោះឆ្នោត បានអោយទីភ្នាក់ងារសាររព័ត៌មាន Reuters  ដឹងថា អ្នកចេញបោះឆ្នោតមានជាង៣២ភាគរយប៉ុណ្ណោះ។ ការចេញទៅបោះឆ្នោត មានចំនួនតិចនេះ ដោយអវត្តមានមេដឹកនាំបក្សប្រឆាំង ដែលរត់ភៀសខ្លួន។ ករណីអវត្តមានបក្សប្រឆាំងនេះ នាំអោយមានការធ្វើស្ទង់មតិមួយ ដែលលទ្ធផល គឺ៨០ភាគរយចង់អោយមានវត្តមានបក្សប្រឆាំងឡើងវិញ។

លោក សេរីវឌ្ឍនៈ ជូនសេចក្ដីប្រែសម្រួល ៖

ក្រុមឯករាជ្យមួយ ឈ្មោះថា Hinterlaces បានចេញលទ្ធផលស្ទង់មតិ ដែល បង្ហាញថា ពលរដ្ឋ ប្រទេសវេណេហ្សូអេឡា ៧៩ភាគរយ ចង់ឃើញ ប្រទេសនេះ មានការផ្សះផ្សាជាតិ រវាងបក្សកាន់អំណាចរបស់ប្រធានាធិបតី នីកូឡាសម៉ាឌូរ៉ូនិងបក្សប្រឆាំង។ លទ្ធផល បញ្ជាក់ថា ពួកគាត់ ជិត៨០ភាគរយនេះ គិតថា វត្តមានបក្សប្រឆាំង នៅក្នុងប្រទេស មានផលប្រយោជន៍ច្រើន ដល់ប្រទេស គឺទាំងបញ្ហានយោបាយ និងបញ្ហាសេដ្ឋកិច្ច។

តាមបណ្ដាញផ្សាយព័ត៌មាន Telesue.com  ការស្ទង់មតិធ្វើឡើងលើចំនួន មនុស្ស ១៥៨០នាក់ កាលពីថ្ងៃទី២៥មេសា ដល់ថ្ងៃទី១១ឧសភា។

នៅក្នុងការស្ទង់មតិនេះ គឺ៧៥ភាគ និយាយថា ការចរចាត្រូវធ្វើក្រោមការសម្របសម្រួល ពី​សហគមន៍អន្តរជាតិ។

បក្សប្រឆាំង និងបក្សកានអំណាច នៃប្រទេសវេណហ្សូអេឡា បាន ជួបចរចាជាមួយគ្នា ចំនួន៤លើកមកហើយ តែ ពួកគេ មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយជាផ្លូវការនោះទេហើយការចរចាធ្វើឡើងនៅសាធារណរដ្ឋដូមីនីកជាប្រទេសជិតខាង។ តាមការស្ទង់មតិនេះ ពលរដ្ឋ វេណេហ្សូអេឡា ចង់អោយសម្ដេចសង្ឃPope Francis  ជាស្ដេច សង្ឃកាតូលិច ធ្វើជាអ្នកសម្របសម្រួល។

ការដោះលែងអ្នកទោស នយោបាយ

ភ្លាមៗបន្ទាប់ពីចូលកាន់តំណែងជាថ្មីទៀត លោកនីកូឡាស់ម៉ាឌូរ៉ូបានបញ្ជាទៅកាន់ ក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌របស់ប្រទេសនេះ ធ្វើការដោះលែងអ្នកទោស នយោបាយ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១មិថុនាឆ្នាំ២០១៨នេះអោយអស់។ អ្នកទោសនយោបាយរបស់ប្រទេសនេះ មាន៣៤០នាក់ ដែលពួកគេ ត្រូវបានចាប់ខ្លួន ចាប់តាំងពីប្រទេសធ្លាក់ក្នុងវិបត្តិនយោបាយ នៅចុងឆ្នាំ២០១៦។

តាមប្រភពព័ត៌មានរបស់ The Sydney Morning Herald គិតមកដល់ថ្ងៃទី ៤មិថុនា នេះ អ្នកទោស នយោបាយ ចំនួន ៨០នាក់ត្រូវបានដោះលែង ហើយក្នុងនោះមាន អ្នកតំណាងរាស្ត្រមកពីបក្សប្រឆាំង២រូបដែរ។

អ្នកនាំពាក្យ សម្រាប់ប្រធានាធិបតីនិយាយថា ការដោះលែអ្នកទោស នៅដំណាក់ការនេះ គឺជាការឆ្លើយតបនឹងការខិតខំមួយផ្នែករបស់រដ្ឋាភិបាល ដើម្បី បន្ថយភាពតានតឹង ជាមួយគ្រួសារអ្នកទោសទាំងនោះហើយការដោះលែងនេះ ព្រោះតែអ្នកទោសទាំងនោះមិនមានកំហុស ធ្ងន់ធ្ងរនោះទេ។ សម្រាប់ក្រុមគណបក្សប្រឆាំង បានហៅសេចក្ដីសម្រេចនេះថាជាសញ្ញាមួយការអាចទៅរកការចរចាជាមួយគ្នាឡើងវិញ។ ក្រុមនេះបានស្វាគមន៍ ហើយសង្ឃឹមថាក្រោមសម្ពាធនៃការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ បក្សកាន់អំណាចនឹងកាន់តែយល់ពីតំលៃ​នៃការតស៊ូរបស់ក្រុមប្រឆាំង។កាលពីសប្ដាហ៍មុនក្រុមប្រឆាំងបាន​ ទាមទារអោយមានការបោះឆ្នោតឡើងវិញ បើចង់អោយប្រជាជននិងប្រទេសនេះ មានសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច។ ក្រុមនេះនិយាយថា ការបោះឆ្នោតដែលមិនឆ្លើយតបនឹងឆន្ទៈរបស់ប្រជាជន បាននាំអោយសហគមន៍អន្តរជាតិ មិនទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលម៉ាឌូរ៉ូហើយនាំវេណេហ្សូអេឡារងការដាក់ទណ្ឌកម្ម។ ទោះជាមិនបានច្រានចោល សំណើរបស់បក្សប្រឆាំងក្ដី តែលោកម៉ាឌូរ៉ូហាក់មិនចាប់អារម្មណ៍ច្រើនទេ ការចង់បន្តការចរចា។ លោកថា ជាដំបូងលោកត្រូវចរចាជាមួយ ក្រុមសហគមន៍ និងក្រុមសហជិពកម្មករវិញ ថាតើអ្វីដែលពួកគេ ចង់បានពីការដឹកនាំថ្មីរបស់លោក។

យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ឯករាជ្យ រំពឹងថា ការចរចាជាមួយក្រុមប្រឆាំងអាចនឹងកើតមាន បើប្រទេសនេះកាន់តែធ្លាក់ក្នុង វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយពលរដ្ឋកាន់តែ ចាកចេញពីប្រទេសច្រើនម៉ឺននាក់ ទៀតទៅសុំការងារធ្វើនៅប្រទេសជិតខាង ៕

 

 

Share

ព័ត៌មានទាក់ទង

Image