ក្រុងភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាថ្មីម្តងទៀតបានប្រកាសផ្តល់ជំនួយឥតសំណង គាំទ្រសកម្មកំចាត់មីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាមរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា តាមរយៈ ការិយាល័យសព្វាវុធ នៃក្រសួងការបរទេសអាមេរិក។ នេះបើយោងតាមបណ្តាញសង្គមហ្វេសបុករបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឬ ហៅថា ស៊ីម៉ាក់។
ជំនួយឥតសំណងនេះ ផ្តល់មកឲ្យកម្ពុជាក្នុងគោលបំណងស្រាវជ្រាវព័ត៌មាន និង កិច្ចសហប្រតិបត្តិការ បោសសម្អាតសំណល់គ្រាប់បែកចង្កោមនៅតំបន់ខាងកើតប្រទេសកម្ពុជា ដែលត្រូវអនុវត្តសហការរួមគ្នារវាងអង្គការជាដៃគូជំនួយនៃប្រជាជនន័រវេស្ស និង អង្គការស៊ីម៉ាក់ ដែលចុះហត្ថលេខាជាមួយគ្នាថ្ងៃទី ៣១ ខែ ឧសភា។
បើយោងទៅតាមទំព័រហ្វេសបុករបស់លោក ហេង រតនា គម្រោងផ្តល់ជំនួយនេះ មានរយៈពេល ២ ឆ្នាំ រាប់ចាប់ឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ដែលមានគម្រោងថវិការចំនួន ៤ លានដុល្លារសហរដ្ឋអាមេរិក ដែលថវិការទាំងនោះនឹងផ្តល់មកអង្គភាពស៊ីម៉ាក់ផ្ទាល់មានចំនួនសរុប ១ លាន ៦ សែន ដុល្លារសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ជាង១.០០០លានដុល្លារដើម្បីធ្វើឱ្យប្រទេសកម្ពុជាបានប្រសើរឡើងដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ចនិងលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការបញ្ជាក់របស់សេតវិមាន។
យ៉ាងណាក៏ដោយនៅមានគម្រោងជាច្រើនទៀតដែលសហរដ្ឋអាមេរិកនៅគាំទ្រ គឺលើផ្នែកសុខាភិបាល កសិកម្ម ការដោះមីន លើកកម្ពស់សង្គមស៊ីវិល និងវិស័យសំខាន់ៗដទៃទៀត៕