មន្រ្ដីនាំពាក្យគ.ជ.ប អះអាងថា ពលរដ្ឋកម្ពុជានឹងចេញទៅបោះឆ្នោតលើសពី ៦០ភាគរយ ។ការអះអាងរបស់លោក ឌឹម សុវណ្ណារុំ ធ្វើឡើងនឹងការចោទសួររបស់អ្នកសារព័ត៌មានថាតើ កម្ពុជាអាចប្រឈមមុខនឹងសហគមន៍អន្ដរជាតិឬទេ? បើអត្រាអ្នកចេញទៅបោះឆ្នោតក្រោម ៥០ ភាគរយ។ ត្រង់ចំនុចនេះ លោកថា ការបោះឆ្នោតនៅវេណេហ្ស៊ូអេឡា គឺ ខុសពីកម្ពុជា។ លោក រឿន ឬទ្ធី ជូនសេចក្ដីលម្អិត!
នៅ ៨សប្ដាហ៍ទៀត ការបោះឆ្នោតសភានីតិកាលទី៦ នឹងចូលមកដល់។ ការបោះឆ្នោតលើកនេះ ពុំមានគណបក្សសង្រ្គោះជាតិទេ។ តែការបោះឆ្នោតលើកនេះ មាន ២០គណបក្សនយោបាយចូលរួម គឺច្រើនជាងការបោះឆ្នោតឆ្នាំ ២០១៣ ដែលមាន ៨គណបក្ស។
ការបោះឆ្នោតលើកនេះ កំពុងស្ថិតនៅក្នុងស្ថានភាពប្រទាញប្រទង់ដ៏ខ្លាំងមួយ រវាងអ្នកចេញទៅបោះឆ្នោត និងអ្នកដែលមិនចេញទៅបោះឆ្នោត។
ការបោះឆ្នោតកន្លងមក អ្នកចេញទៅបោះឆ្នោតមានដល់ ៧០ ទៅ៨០ភាគរយ ។ ការបោះឆ្នោតប្រាំអាណត្តិកន្លងមកនេះ មានវត្តមានគណបក្សប្រឆាំងចូលរួម ។
អ្នកសង្កេតការណ៍គិតថា ចំនួនអ្នកចេញទៅបោះឆ្នោតតិចជាងអាណត្តិមុនៗ។ តែមន្រ្ដី គ.ជ.ប រំពឹងថា អ្នកចេញទៅបោះឆ្នោតអាចមានទៅ ៦០ទៅ ៧០ភាគរយ ហើយការបោះឆ្នោតនេះខុសពីការបោះឆ្នោតនៅប្រទេសវេណេហ្ស៊ូអេឡា។
ការបោះឆ្នោតនៅវេណេហ្ស៊ូអេឡាកាលពីថ្ងៃទី ២០ឧសភា អ្នកចេញទៅបោះឆ្នោតមានប្រមាណ ៤៦ភាគរយ។ នេះបើតាមសេចក្ដីប្រកាសរៀបចំការបោះឆ្នោតរបស់ប្រទេសនេះ។ តែមន្រ្ដីបោះឆ្នោតរបស់ប្រទេសនេះម្នាក់ បានលួចប្រាប់ទីភ្នាក់ងាររ៉យទ័រថា អ្នកចេញទៅបោះឆ្នោតមានជាង ៣២ ភាគរយប៉ុណ្ណោះ។
ដោយសារលទ្ធផលនេះ សហគមន៍អន្ដរជាតិចាត់ទុកថា ការបោះឆ្នោតរបស់ប្រទេសនេះ មិនបានឆ្លុះបញ្ជាំងពីឆន្ទៈរបស់ប្រជាជន ដែលនាំអោយ សហគមន៍អន្ដរជាតិមិនទទួលស្គាល់លោកម៉ាឌូរ៉ូជាប្រមុខរដ្ឋរបស់ប្រទេសមួយនេះ ស្របច្បាប់នោះទេ។ ត្រង់នេះ ហើយដែលលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប បានឆ្លើយតបនិងសំណួរអ្នកសារព័ត៌មានថា ការបោះឆ្នោតរបស់ប្រទេសវេណេហ្ស៊ួអេឡាជារឿងរបស់ប្រទេសមួយនេះ។ រីឯការបោះឆ្នោតនៅប្រទេសកម្ពុជា ជារឿងរបស់កម្ពុជា ធ្វើយ៉ាងណាអោយការបោះឆ្នោតនេះប្រព្រឹត្តតទៅដោយរលូនស្របតាមរដ្ឋធម្មនុញ្ញានិងច្បាប់របស់កម្ពុជា គឺជារឿងត្រឹមត្រូវ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះអះអាងថា ការបោះឆ្នោតសភាចុងខែកក្កដាខាងមុខនេះ អត្រាអ្នកចេញទៅបោះឆ្នោតអាចមានរហូតដល់ជាង ៦០ភាគរយ។ លោកថា បើតាមតួលេខនេះ គឺជាការឆ្លុះបញ្ចាំងនឹងឆន្ទៈរបស់ប្រជាជនកម្ពុជា។
ជុំវិញរឿងនេះដែរ លោក កង សាវ៉ាង្ស មន្រ្ដីសម្របសម្រួលនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល បានបង្ហាញការយល់ឃើញរបស់លោកថា ទម្រង់នៃការបោះឆ្នោតនៃប្រទេសនិមួយៗ ខុសគ្នាមែន ប៉ុន្ដែអ្វីក៏ដោយគឺឈរលើគោលការណ៍ប្រជាធិបតេយ្យ។
ប្រទេសដែលគោរពសិទ្ធិមនុស្សនិងគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ គេមិនសូវខ្វល់ពីអត្រាអ្នកចេញទៅបោះឆ្នោតនោះទេ ព្រោះតែការបោះ ឆ្នោតរបស់ប្រទេសនោះពោរពេញតម្លាភាព និងត្រឹមត្រូវពោលគឺគ្មានការគៀបសង្កត់ ឬទិញទឹកចិត្តអ្នកបោះឆ្នោតឡើយ។ ដោយឡែក សម្រាប់កម្ពុជាមានលក្ខណៈពិសេស ជាងប្រទេសនៅអឺរ៉ុប ។
ការបោះឆ្នោតនៅវេណេហ្ស៊ូអេឡាដែលពុំមានបក្សប្រឆាំងចូលរួមគឺជ័យជំនៈប្លុកទឹកប្លុកដីបានទៅលើលោកប្រធានាធិបតីនីកូឡាស់ ម៉ាឌូរ៉ូ គឺលោកទទួលបានសំឡេង ៦៨ភាគរយ។តែអ្នកចេញទៅបោះឆ្នោតមានត្រឹម ៤៦ភាគរយ។
ក្រោយការបោះឆ្នោតភ្លាម សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសសម្ព័ន្ធភាពអាមេរិកឡាទីន ១៤ប្រទេស ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយរៀបចំដាក់ទណ្ឌកម្មលើប្រទេសនោះទៀតផង។ ទោះយ៉ាងនេះក្ដី ស្ថានភាពនយោបាយរវាងកម្ពុជា និងវេណេហ្ស៊ូអេគឺខុសគ្នា។នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្ដី ដែលបានថ្លែងកាលពីថ្មីៗនេះ ។
សម្ដេចនាយករដ្ឋមន្រ្ដី តែងតែសង្ឃឹមថា សហគមន៍អន្ដរជាតិ មានដូចជា ចិន រុស្ស៊ី និងមិត្តរបស់កម្ពុជាមួយចំនួនទៀត នៅតែទទួលស្គាល់រដ្ឋាភិបាលកើតចេញពីការបោះឆ្នោតថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ ទោះបីគ្មានគណបក្សប្រឆាំងចូលរួមក៏ដោយ៕