ក្រុងភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែបង្ក្រាបរាល់សកម្មភាពទាំងឡាយណាដែលរារាំង ដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ ពោលគឺនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨។ យ៉ាងណាក៏ដោយ សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលពិនិត្យភស្តុតាងឲ្យបានល្អិតល្អន់មុនចាត់វិធានការណ៍។
ស្តាប់សំឡេង លោក សេរីវឌ្ឍនៈ រាយការណ៍៖
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ជា ប្រធានគណៈបញ្ជាការសន្តិសុខ
អចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត បានប្រកាសថា ការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត គឺជាងការរារាំងដល់ដំណើរការបោះឆ្នោត។
សម្តេច ស ខេង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការបញ្ជេញមតិគ្រប់រូបភាព បើមានភស្តុតាងជាក់ស្តែង គឺមានកំហុសដែលច្បាប់បានចែងកំណត់យ៉ាងច្បាស់ ដែលអាចប្រឈមមុខនឹងទោសទណ្ឌផងដែរ។
សំឡេង សម្តេច ស ខេង៖ «អ្នកដែលរារាំង គឺមានកំហុសដែលច្បាប់បានចែងច្បាស់ ដូច្នេះបើយើងឃើញការរារាំង ហើយមានភ័ស្ដុតាងជាក់ស្ដែង គឺមានទោសហើយ […] ដូច្នេះខ្ញុំយល់ថា សម្ដីណុងហើយដែលជាការរារាំង»។
ការលើកឡើងរបស់សម្តេច ស ខេង ហាក់នៅមានមន្ទិលសង្ស័យមួយចំនួន ពីសំណាក់ប្រជាពលរដ្ឋថា តើបើគ្រាន់តែបញ្ចេញមតិតាមរយៈហ្វេសបុក ឬ ពីបុគ្គលមួយទៅបុគ្គលមួយ គឺជាការរារាំងដំណើការបោះឆ្នោតឬយ៉ាងណា។
លោក កន សាវាង្ស មន្រ្តីកម្មវិធីជាន់ខ្ពស់ផ្នែកអង្កេត របស់អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល យល់ឃើញថា ចំណាត់ការរបស់ក្រសួងមហាផ្ទៃ នៅមិនទាន់មានភាពដាច់ស្រឡះ ថា តើការបញ្ជេញមតិ ឬ ការរារាំងក្នុងរូបភាពបែបណាដែលមានកំហុសនៅក្នុងច្បាប់។
តែយ៉ាងណាលោក បានពន្យល់ប្រាប់ វិទ្យុស្រ្តីថា នៅក្នុងមាត្រា ១៤២ នៃច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការសំដែងមតិណាមួយដែលពុំមានការគំរាមកំហែងដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ គឺវាគ្រាន់តែជាការសំដែងមតិប៉ុណ្ណោះ។
សំឡេង លោក កន សាវាង្ស៖ ក៏ប៉ុន្តែអ្វីដែលខ្ញុំមើល នៅក្នុងមាត្រា ១៤២ នៃច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺថាការសំដែង ការសំដែងមតិឬគ្រាប់តែជាការបញ្ចេញយោបល់ ដែលវាមិនមែនជាការគំរាមកំហែង ឬ ឥទ្ធិពលណាមួយវាគ្រាន់តែជាការបញ្ជេញមតិប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោក កន សាវាង្ស បានទទូចឲ្យសមត្ថកិច្ចពាក់ព័ន្ធមុនធ្វើការបង្ក្រាបសកម្មភាពទាំងឡាយណា គួរពិចារណាឲ្យបានល្អិតល្អន់ថាវាជាមតិយោបល់ ឬ ជាសកម្មភាពដែលរារាំងដល់ដំណើរការបោះឆ្នោត។
បើតាមលោក ហង្សពុទ្ធា ដែលបានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្រ្តីកាលពីថ្ងៃទី ១០ ខែ មេសា នេះ បញ្ជាក់ថា ចំពោះបុគ្គល ឬអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមន៍ក្នុងស្រុក និងអន្តរជាតិ ដែលបានធ្វើសកម្មភាពដោយផ្ទាល់ ឬប្រយោល រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យចេញទៅបោះឆ្នោត ការធ្វើឱ្យមានការភាន់ច្រឡំ នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ការបង្កការរំខានមិនឱ្យមានដំណើរការបោះឆ្នោតបានជាដើម នឹងត្រូវទទួលទោសតាមផ្លូវច្បាប់។
សំឡេង លោក ហង្ស ពុទ្ធា៖ « ប្រសិនបើមានសកម្មភាពធ្វើការផ្សព្វផ្សាយ ឬឃោសនាមិនឱ្យពលរដ្ឋចេញទៅបោះឆ្នោត នោះមានថា ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនិងការសម្រេចចិត្តរបស់ពលរដ្ឋហើយ។ អញ្ចឹងបើសិនប្រជាពលរដ្ឋមិនបានទៅបោះឆ្នោតមានន័យថា លោកអត់បានចូលរួមពេញលេញនូវតម្លៃ និងការសម្រេចចិត្តរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរគោរពតាមរដ្ឋធម្មនុញ្ញ ដែលមានតួនាទីបោះឆ្នោតជ្រើសតាំងនូវតំណាងរបស់ខ្លួនឆ្ពោះទៅរកការរៀបចំស្រុកទេសមួយមានការអភិវឌ្ឍន៍។ ដូច្នេះអ្នកដែលបានរារាំងពលរដ្ឋគឺមានន័យថា រារាំងកិច្ចអភិវឌ្ឍន៍របស់ពលរដ្ឋហើយបាទ»។
គួររំលឹកថា កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៨ នេះ លោក សមរង្សី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានដាក់សំណើថ្វាយអង្គព្រះមហាក្សត្រដោយសុំព្រះអង្គ កុំចេញសេចក្តីថ្លែងការណ៍ណាមួយអំពាវនាវដល់ប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ គឺនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ។ ទំនងករណីនេះ ហើយ ទើបក្រសួងមហាផ្ទៃបានដាក់ចេញវិធានការ បង្ក្រាបចំពោះជនណា ដែលមានបំណងចង់រារាំងដំណើរការបោះឆ្នោត។ បើតាមការយល់ឃើញរបស់ លោក កន សាវាង្ស សំណើរបស់លោក សម រង្សី គឺគ្រាន់តែជាការបញ្ជេញមតិយោបល់ប៉ុណ្ណោះព្រោះ លោក សម រង្សី ពុំមានសិទ្ធិក្នុងការបង្គាប់បញ្ជាដល់អង្គព្រះមហាក្សត្រនោះទេ៕
អត្ថបទដោយ៖ សេរី វឌ្ឍនៈ