ក្រុងភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានទទូចជាថ្មីម្តងទៀត ឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្រ្តាក់ ខណៈដែលដើមរដូវវស្សានេះ បានឆក់យកជីវិតមនុស្សជាង ៥០ នាក់ នៅទូទាំងប្រទេស។
លោក កែវ វី អ្នកនាំពាក្យនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់មកអ្នកសារព័ត៌មានវិទ្យុស្រ្តីថា រយៈពេលជាង ៥ ខែ មកនេះ រន្ទះ និង ខ្យល់កន្រ្តាក់ បានឆក់យកជីវិតមនុស្សជាង ៥០ នាក់ ហើយ។
លោកថាក្រសួងបានទទូចម្តងហើយម្តងទៀត ដល់ប្រជាពលរដ្ឋពិសេស ពលរដ្ឋដែលរស់នៅតាមបណ្តារខេត្ត ភាគខាងកើត តំបន់ទំនាបកណ្តាល និង តំបន់មាត់សមុទ្រ ឲ្យត្រៀមខ្លួនប្រុងប្រយ័ត្នពីផ្គររន្ទះ និង ខ្យល់កន្រ្តាក់ ដោយសារនៅចន្លោះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ នឹងមានភ្លៀងធ្លាក់នៅក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។ នេះ បើយោងទៅតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី ២៤ ខែ ឧសភានេះ។
គួររម្លឹកថា បើប្រៀបធៀបរយៈពេលដូចគ្នា នឹង ឆ្នាំ ២០១៧ ឃើញថា រយៈពេល ៥ ខែ នៃឆ្នាំ ២០១៧ ខ្យល់កន្រ្តាក់ និង ផ្គររន្ទះបានសំលាប់មនុស្សត្រឹម ២ នាក់ និងរបួសធ្ងន់ ១៨ នាក់។ ចំណែករយៈពេលត្រឹមតែ ៤ ខែ នៅក្នុងឆ្នាំ ២០១៨ នេះ រន្ទះ បានឆក់យកជីវិតមនុស្សជាង ៥០ នាក់ ដែលនេះ ជាកំណើនមួយបានហក់ឡើងយ៉ាងគំហុក៕