តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មក្នុងជំនួបមួយដែលធ្វើឡើងរវាងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា និងអនុរដ្ឋមន្រ្ដីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា ប្រទេសទាំងពីរកំពុងធ្វើកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយគ្នា ជាពិសេសការពន្លឿនផែនការសាងសង់ផ្សារគំរូឲ្យចប់ជាស្ថាពរនៅចុងឆ្នាំ២០១៨ខាងមុខនេះ។
នៅក្នុងជំនួបកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ដដែលនេះ ឱ្យដឹងបន្ដថា ភាគីវៀតណាមបានផ្ដល់ជំនួយជាទឹកប្រាក់ជាង ២លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់ផ្សារគំរូព្រំដែនជាលើកដំបូងនេះ។
ផ្សារគំរូព្រំដែន ឬផ្សារដា ដែលកម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងពន្លឿនការសាងសង់ត្រឹមចុងឆ្នាំ២០១៨អោយរួច គឺស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ដែរថា ក្រៅពីការជម្រុញអោយផ្សារព្រំដែនគំរូ ឬផ្សារដែររួចរាល់នៅចុងឆ្នាំ ២០១៨ ភាគីវៀតណាមក៏បានបង្ហាញជំហរក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបាន ៥០០០លានដុល្លារសហរដ្ឋអាមេរិច នៅបណ្ដាឆ្នាំខាងមុខផងដែរ៕