ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៨ នេះ មានព្រះជន្មគម្រប់ ៦៥ យាងចូល ៦៦ព្រះវស្សា ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីព្រះបិតារបស់ព្រះអង្គ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ បានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។ ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រ មានរយៈពេល ៣ថ្ងៃ ដោយចាប់ផ្ដើមពី ថ្ងៃទី១៤ -១៥-១៦ ខែឧសភា ឆ្នាំ២០១៨។
អត្ថបទនេះរៀបរៀងដោយលោក នួន បូរិន ជូនសេចក្ដីអត្ថាធិប្បាយដោយអ្នកស្រិ អ៊ឹម សុខន ៖
ព្រះរាជជីវប្រវត្តិសង្ខេប
ព្រះករុណា បានព្រះរាជសម្ភពនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ព្រះអង្គជាព្រះរាជបុត្រ របស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ។ ទ្រង់ជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះនរោត្ដម សីហនុ និងព្រះមាតាព្រះនាម នរោត្ដម មុនីនាថ សីហនុ ព្រះអង្គមានព្រះអនុជមួយព្រះអង្គ ព្រះនាម នរោត្ដម នរិន្ទ្រពង្ស (សោយទិវង្គត)។
ក្នុងអំឡុងរដ្ឋប្រហារឆ្នាំ១៩៧០ ដោយលោកសេនាប្រមុខ លន់ នល់ (Lon Nol) ព្រះអង្គគង់នៅប្រទេសឆេកូស្លូវ៉ាគី។ ក្នុងឆ្នាំ១៩៧៥ ព្រះអង្គទ្រង់យាងចាកចេញពីទីក្រុង ប្រ៉ាក នៃប្រទេសឆេកូស្លូវ៉ាគី និងបានចាប់ផ្តើមការសិក្សាទាក់ទងនឹងវិស័យភាពយន្ត នៅប្រទេសកូរ៉េខាងជើង។ នៅក្នុងឆ្នាំ១៩៧៧ ព្រះអង្គបានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញ។ ភ្លាមៗនោះ ខ្មែរក្រហមដែលឡើងកាន់អំណាច តាមរយៈសង្គ្រាម បានឃុំឃាំងព្រះអង្គនៅក្នុងព្រះបរមរាជវាំង ជាមួយព្រះរាជវង្សានុវង្ស ព្រមជាមួយព្រះមាតា ព្រះបិតារបស់ព្រះអង្គ។ មុនពេលវៀតណាមលើកទ័ព ចូលវាយប្រហាររបប ប៉ុលពតខ្មែរក្រហមនៅថ្ងៃ៧ ខែមករា ឆ្នាំ ១៩៧៩ ព្រះអង្គបានភៀសព្រះកាយយាងទៅកាន់ទីក្រុងប៉េកាំង ជាមួយព្រះបិតា ព្រះមាតា។ ក្រោយមកព្រះអង្គបានយាងទៅកាន់ទីក្រុងប៉ារីស ដើម្បីបង្ហាត់បង្រៀន រាំរបាំបាឡេ និងបានទទួលព្រះរាជតួនាទីជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងជិត ២០ឆ្នាំ ក៏ប៉ុន្តែក្នុងអំឡុងពេលនោះ ព្រះអង្គក៏បានយាងទៅកាន់ទីក្រុងប្រ៉ាក ជារឿយៗដែរ ជាទីដែលព្រះអង្គធ្លាប់បានចំណាយពេលនៅទីនោះដ៏យូរក្នុងព្រះជន្មក្មេងវស្សា។ ព្រះអង្គជាព្រះមហាក្សត្រតែមួយគត់ ដែលមានព្រះសមត្ថភាព មានព្រះសុវណ្ណី ជាភាសាឆែក បានច្បាស់លាស់។
ការឡើងសោយរាជ្យ
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវជ្រើសតាំងឲ្យឡើងសោយរាជ្យ ដោយសមាជិកទាំង ៩រូប នៃក្រុមប្រឹក្សារាជសម្បតិ្ត ក្រោយពីដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល នៃការដាក់រាជ្យរបស់សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបិតារបស់ព្រះអង្គ។ ការជ្រើសតាំងនេះ ទទួលបានការយល់ព្រម ពីក្រុមប្រឹក្សារាជសម្បតិ្ត ក្នុងនោះក៏មាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលកាលនោះ ជាព្រះប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះរៀមមាតាទីទៃជាមួយព្រះអង្គ ។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិនៅថ្ងៃសុក្រ ២៩ ខែតុលា ឆ្នាំ២០០៤។
មុនឡើងសោយរាជ គឺនៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំង ជាព្រះរាជប្រតិភូកម្ពុជា ប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាទីដែលព្រះអង្គមានប្រជាប្រិយភាពចំពោះការតស៊ូ ធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាពចំពោះវប្បធម៌កម្ពុជា។
ការសិក្សា
នៅឆ្នាំ១៩៥៩ ដល់ ១៩៦២ ព្រះអង្គទ្រង់បានចូលសិក្សា នៅសាលាបឋមសិក្សានរោត្ដម, វិទ្យាល័យដេកាតនៅរាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គត្រូវបានព្រះបិតាបញ្ជូនទៅទីក្រុងប្រ៉ាក (Prague) ប្រទេសឆេកូស្លូវ៉ាគី នៅពីឆ្នាំ១៩៦២។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា, វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណរហូតដល់ឆ្នាំ១៩៧៥។ នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីទីក្រុងប្រ៉ាក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មកទ្រង់បានវិលត្រឡប់ចូលមាតុភូមិវិញនៅឆ្នាំ១៩៧៧ គឺនៅពេលរបបកម្ពុជាប្រជាធិបតេយ្យនៅមានទំនាក់ទំនងការទូតជាមួយក្រុងព្យុងយ៉ាង។ តែព្រះអង្គមកកម្ពុជា ដូចមកអោយខ្មែរក្រហមឃុំព្រះកាយ៕