ម៉ាឡេស៊ី ៖ នាយករដ្ឋមន្ដ្រីថ្មី នៃប្រទេសម៉ាឡេស៊ី លោកបណ្ឌិត មហាធា មហាម៉ាត បានប្រាប់អ្នកសារព័ត៌មានថា ក្រោយពីគណៈរដ្ឋមន្ដ្រីរបស់លោក ចូលកាន់ការងារ អ្វីដែលលោកត្រូវធ្វើមុនគេ គឺការបង្កើតក្រុមគណៈកម្មការស៊ើបអង្កេតមួយ ដើម្បីស្រាវជ្រាវកំហុសទាំងឡាយ របស់មន្ដ្រីជាន់ខ្ពស់ នៃគណៈកម្មការរៀបចំការបោះឆ្នោត ក្រុមចៅក្រម រដ្ឋអាជ្ញា និងស្ថាប័នប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនិងការអនុវត្ដភារកិច្ចរបស់ខ្លួនលម្អៀងនយោបាយ និងប្រព្រឹត្ដអំពើពុករលួយ។
លោក មហាធា ដែលត្រូវបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ដ្រីកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា បានបញ្ជាក់ទៀតថា ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត និងចៅក្រម រដ្ឋអាជ្ញា ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយ គឺជាក្រុមដែលត្រូវកត់សម្គាល់ និងកត់ត្រាទុក ជាអ្នកអនុវត្ដច្បាប់លម្អៀងខាងនយោបាយ ទៅរកគណបក្ស BN របស់អតីតនាយករដ្ឋមន្ដ្រី ណាជីព រ៉ាហ្សាក់។ លោកថា ការបំពេញភារកិច្ចដោយមិនឈរលើគោលការយុត្ដិធម៌ ហើយប្រព្រឹត្ដអំពើពុករលួយទៀតនោះ គឺជាដើមហេតុនាំឲ្យសង្គមម៉ាឡេស៊ី ប្រឈមមុខនិងរឿងអយុត្ដិធម៌ ហើយនាំឲ្យមានការរើសអើង ក្នុងជាតិសាសន៍ទាំងមូល។
ស្របពេលនេះដែរ លោក មហាធា បាននិយាយថា ករណីដំបូងបំផុតដែលត្រូវចោទប្រកាន់លើពួកនោះ គឺក្រុមនេះ ព្យាយាមបិទបាំង សំណុំរឿងអតីតនាយករដ្ឋមន្ដ្រី ណាជីព រ៉ាហ្សាក់ ពាក់ព័ន្ធនឹងការចោទថា លោកបានលួចផ្ទេរប្រាក់ ៦៨១លានដុល្លារ ពីធនាគាររបស់រដ្ឋ មកដាក់ក្នុងគណនី របស់គ្រួសារលោក។ សំណុំរឿងនេះ ត្រូវបានរកឃើញដោយការស៊ើបអង្កេត របស់កាសែតអាមេរិក The wall street journal ។ ប៉ុន្ដែលោក ណាជីព បានច្រានចោលទាំងស្រុង។ លោក មហាធា បានប្រកាសថា លុយទាំងនេះ អាចនឹងវិលចូលមកធនាគាររបស់រដ្ឋវិញ ក្រោយពីការស៊ើបអង្កេតចប់សពគ្រប់។ យ៉ាងណាក៏ដោយ លោកព្រមានថា លោក ណាជីព ប្រឈមមុខនឹងរឿងនេះយ៉ាងធ្ងន់ធ្ងរ៕ ព្រភព Business Time online and Bernama