en     km
en     km

អង្គការ​សង្កេត​ការ​បោះ​ឆ្នោត​ ៖​ ពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​សម្រេចចិត្ដ​ ថា​ ទៅ​បោះ​ឆ្នោត​ឬ​មិន​ទៅ​

Share

​ភ្នំពេញ​ ៖​ មន្ដ្រី​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើ​ការងារ​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​ បាន​បង្ហាញ​ទស្សន​ថា​ ពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​សម្រេចចិត្ដ​ ថា​ ទៅ​បោះ​ឆ្នោត​ឬ​ក៏​មិន​ទៅ​ គឺ​ គ្មាន​បុគ្គល​ណា​ម្នាក់​ មាន​សិទ្ធិ​បង្គាប់បញ្ជា​ ឬ​ក៏​គំរាមកំហែង​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ ឬ​ក៏​មិន​ទៅ​ ដែល​ខុស​ពី​ឆន្ទៈ​របស់​ពួក​គេ​បាន​ឡើយ​។​ ត្រង់​ចំណុច​នេះ​មន្ដ្រី​ គ​.​ជ​.​ប​ មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ដ​លើក​ការ​បោះ​ឆ្នោត​ ហើយ​មិន​គួរ​មាក់ងាយ​ ប្រជាពលរដ្ឋ​ឡើយ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

លោក កន សាវ៉ាង្ស មន្រ្ដី អង្គការខុមហ្រ្វែល

ប្រទេស​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក​សុទ្ធតែ​មានការ​បោះ​ឆ្នោត​ដើម្បី​ជ្រើសរើស​តំណាង​របស់​រាស្ដ្រ​ និង​ក្បាល​ម៉ា​ស៊ិ​ន​ដឹកនាំ​ប្រទេស​។​ ប្រទេស​ប្រជាធិបតេយ្យ​លើ​ពិភពលោក​មួយ​ចំនួន​បាន​កំណត់​ថា​ ការ​ទៅ​ចូលរួម​បោះ​ឆ្នោត​ គឺជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ តែ​ប្រទេស​ខ្លះ​គ្រាន់តែ​កំណត់​ថា​ ការ​ចេញ​ទៅ​បោះ​ឆ្នោត​គឺជា​សិ​ទិ្ធ​ របស់​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​។​សម្រាប់​ប្រទេស​កម្ពុជា​ មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ដែល​ចែង​ពី​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន​តាម​រយៈ​ការ​បោះ​ឆ្នោត​ ដែល​ថា​ជា​សិទ្ធិ​របស់​ពលរដ្ឋ​។​

​កាលពី​ពេល​ថ្មីៗ​ទៅ​នេះ​ សារព័ត៌មាន​ Fresh​ news​ បាន​ស្រង់​សម្ដី​លោក​ទេស​រដ្ឋមន្ដ្រី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ ក្នុង​ឱកាសលោក​ជួប​សំ​ណោះ​សំ​ណា​ល​ជាមួយ​កម្មករ​ នៅ​ឃុំ​ ភា​រី​មាន​ជ័យ​ ស្រុក​បរ​សេដ្ឋ​ ខេត្ដកំពង់ស្ពឺ​ថា​ បើ​យើង​ស្រឡាញ់​ប្រជាធិបតេយ្យ​ ត្រូវ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ទាំងអស់​គ្នា​នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​។​ លើស​ពី​នេះ​លោក​បញ្ជាក់​ថា​ អ្នក​ដែល​មិន​ទៅ​បោះ​ឆ្នោត​ គឺ​ស្មើ​និង​មិន​ស្រឡាញ់​ប្រជាធិបតេយ្យ​ ហើយ​ស្រឡាញ់​របប​ផ្ដាច់​ការ​ ។​ ចំពោះ​ម្រាមដៃ​អ្នក​មិន​មាន​ជ្រលក់​ទឹកខ្មៅ​ ធ្វើ​ឲ្យ​គេ​ស្រួល​សម្គាល់ថា​ ជា​អ្នកគាំទ្រ​ពួក​ឧទ្ទាម​ក្បត់ជាតិ​។​

​ទាក់ទិន​លើក​ឡើង​ដូចនេះ​ មន្ដ្រី​របស់​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​ សង្កេត​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ចាត់​ទុក​ថា​ នេះ​ជា​សម្ដី​ដែល​លាប​ពណ៌​ទៅ​កាន់​ពលរដ្ឋ​ ហើយ​មិនតែប៉ុណ្ណោះ​ ក៏​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​អារម្មណ៍​ភិតភ័យ​ទៀត​ផង​។​

​លោក​ កន​ សាវ៉ា​ង្ស​ មន្ដ្រី​ នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ ខុមហ្វ្រែល​ ចាត់​ទុក​ថា​ នេះ​គឺជា​ចំណុច​អាក្រក់​បំផុត​ ក្នុង​នាម​ជា​អ្នកនយោបាយ​មួយ​រូប​ ហើយ​ក៏​ជា​អ្នក​ប្រត្ដប​ត្ដិ​ច្បាប់​ តែ​បែរជា​ប្រើ​សម្ដី​លាប​ពណ៌​ទៅ​លើ​ប្រជាពលរដ្ឋ​។​ លោក​សង្កត់ធ្ងន់​ថា​ នៅ​ក្នុង​ច្បាប់បោះឆ្នោត​ មិន​ទាន់​មាន​ចែង​ថា​ ប្រជាពលរដ្ឋ​ ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​នោះ​ទេ​ គ្រាន់តែ​បាន​ចែង​ថា​ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត​ ស្រប​ទៅ​តាម​ឆន្ទៈ​ តែ​ប៉ុណ្ណោះ​។​

​លោក​ កន​ សាវ៉ា​ង្ស​ ៖«​វា​ជា​ចំណុច​អាក្រក់​បំផុត​ ដែល​អ្នកនយោបាយ​មួយ​ ក្នុង​នាម​ជា​អ្នក​ច្បាប់​មួយ​ទាំងមូល​ ជា​អ្នក​ប្រតិបត្ដិ​ច្បាប់​ ហើយ​ជាម​ន្ដ្រី​ផង​ លោក​ប្រើ​ភាសា​នេះ​ គឺជា​ភាសា​មួយ​លាប​ពណ៌​ដល់​គេ​។​ ព្រោះ​អី​ ក្នុង​ច្បាប់បោះឆ្នោត​ មិន​មានច្បាប់​ណា​ដែល​ជា​កាតព្វកិច្ច​ប្រជាពលរដ្ឋ​ ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​ជា​ចាំបាច់​ទេ​ វា​អត់​ទាន់​មាន​ចែង​ទេ​»​។​

​ជាង​នេះ​ លោក​បន្ដ​ទៀត​ថា​ បើ​ច្បាប់​កំណត់​ឲ្យ​ពលរដ្ឋ​ត្រូវ​តែ​ចេញ​ទៅ​បោះ​ឆ្នោត​ ហើយ​ច្បាប់​ចែង​ថា​ ការ​បោះ​ឆ្នោត​គឺជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​គ្រប់​រូប​ គឺ​រដ្ឋាភិបាល​ ក៏​ដូច​ជា​ គ​.​ជ​.​ប​ ត្រូវ​តែ​ធានា​ឲ្យ​បាន​ ថា​ ពលរដ្ឋ​ដែល​គ្រប់​អាយុ​ ១៨​ឆ្នាំ​ គិតដល់​ថ្ងៃ​បោះ​ឆ្នោត​ ពួក​គាត់​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​អាច​ទៅ​បោះ​ឆ្នោត​បាន​ មិន​ថា​ ពួក​គាត់​ស្ថិត​នៅ​កន្លែង​ណា​ ឬ​ក៏​ទីនោះ​ទេ​។​ លោក​ កន​ សាវ៉ា​ង្ស​ សំណូមពរ​ឲ្យ​អ្នកនយោបាយ​ទាំងអស់​បញ្ឈប់​ការ​ប្រើ​ពាក្យ​សម្ដី​ណាមួយ​ ដែល​ប្រៀប​បានជា​លាប​ពណ៌​ ការ​ដាក់​សម្ពាធ​ ឬ​ក៏​កំហែង​ដល់​អារម្មណ៍​របស់​ពលរដ្ឋ​បន្ដ​ទៀត​។​

​ជុំវិញ​ករណី​នេះ​ លោក​ ឌឹ​ម​ សុវណ្ណ​រ៉ុ​ម​ មន្ដ្រី​នាំពាក្យ​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​ ក៏​ប៉ុន្ដែ​មិន​ត្រូវ​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ជាតិ​។​ មន្ដ្រី​នាំពាក្យ​ បញ្ជាក់​បន្ថែម​ថា​ យោង​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពលរដ្ឋ​កម្ពុជា​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ ដូច្នេះ​មិន​គួរ​មាក់ងាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទេ​ ត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ដន៍​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ស្រប​ទៅ​តាម​ច្បាប់​។​

ឯកឧត្ដម ឌឹម សុវណ្ណរ៉ុម មន្រ្ដីនាំពាក្យ គ.ជ.ប

 

​លោក​ ឌឹ​ម​ សុវណ្ណ​រ៉ុ​ម​ ៖«​មាត្រា​ ៣៤​ នៃ​រដ្ឋធម្មនុញ្ញ​ ឆ្នាំ​១៩៩៣​ ចែង​យ៉ាង​ច្បាស់​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ ទាំង​ពីរ​ភេទ​ មាន​សិទ្ធិ​បោះ​ឆ្នោត​ និង​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​។​ ដូច្នេះ​មិន​គួរ​មាក់ងាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទេ​ ត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ដន៍​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​»​។​

​ជាមួយ​គ្នា​ អ្នកនាំពាក្យ​ គ​ ជ​ ប​ អះអាង​ថា​ ស្ថាប័ន​របស់​លោក​នឹង​ខិតខំ​រៀបចំ​ការ​បោះ​ឆ្នោត​ ប្រកបដោយ​ភាព​ត្រឹ​ត្រូវ​និង​សេរី​ ដោយ​គ្មាន​ការ​បំភិតបំភ័យ​។​

​សូម​ជម្រាប​ថា​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ ឬ​ហៅ​ថា​ ការ​បោះ​ឆ្នោត​សភា​ នីតិកាល​ ៦​ នឹង​ចូល​មក​ដល់​នាង​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​។​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ថា​នឹង​មាន​គណបក្ស​ ជាង​២០​ចូលរួម​ការ​បោះ​ឆ្នោត​ គឺ​ច្រើន​ជាង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ដែល​មាន​គណបក្ស​ជិត​ ១០​ប៉ុណ្ណោះ​ចូលរួម​ការ​បោះ​ឆ្នោត​៕

Share

Image
Image
Image