ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ប្រទេសសិង្ហបុរី និង តំបន់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ អាចនឹងក្លាយជាទីតាំងរៀបចំជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងលោក និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងពេលឆាប់ៗនេះ។
លោក ដូណាល់ ត្រាំ បានបន្ថែមជាថ្មី នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីនីហ្សេរីយ៉ា លោក មូហាំម៉ាឌូ ប៊ូហារី (Muhammadu Buhari) ដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ថ្លែងនាឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងពិចារណាលើប្រទេសជាច្រើន ក្នុងនោះរួមមានទាំងសិង្ហបុរី ហើយយើងក៏បាននិយាយផងដែរពីអគារសន្តិភាព ស្ថិតនៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលសុទ្ធសឹងតែអាចនឹងក្លាយជាទីតាំង សម្រាប់កិច្ចប្រជុំកំពូល។
គួរបញ្ជាក់ថា បើតាមផ្សព្វផ្សាយអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជួបជាមួយលោក គីម ជុងអ៊ុន នៅពាក់កណ្ដាលខែឧសភានេះ ដើម្បីពិភាក្សាគ្នាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ ចំណែកឯ អាគារសន្តិភាពស្ថិតនៅឯតំបន់ព្រំដែនគ្មានយោធា រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ជាទីដែលលោកមូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ទើបតែជួបគ្នាជាលើកដំបូងបំផុតកាលពី ថ្ងៃសុក្រសប្ដាហ៍មុន អាចនឹងក្លាយជាជម្រើសសម្រាប់លោកត្រាំ និងលោក គីម៕