en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ អះអាង​ថា​ គ្មាន​បរទេស​ណា​មក​ចាប់ខ្លួន​សម្ដេច​បាន​ទេ​

Share

ភ្នំពេញ​ ៖​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​អះអាង​ថា​ ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ ប្រទេស​មួយ​ មិន​ងាយស្រួល​អោយ​បរទេស​ចាប់ខ្លួន​បាន​ងាយៗ​នោះ​ទេ​។​ ប្រតិកម្ម​របស់​នាយក​រដ្ឋមន្ត្រី​ ទំនង​ឆ្លើយ​តប​ នឹង​ការ​ព្រមាន​របស់​អតីត​មេ​បក្ស​ប្រឆាំង​ គឺ​លោក​ សម​ រ​ង្ស៊ី​ ដែល​បាន​លើក​ឡើង​ថា​ នឹង​មានការ​ចាប់ខ្លួន​ មេដឹកនាំ​កម្ពុជា​រូប​នេះ​ បើ​មិន​ព្រម​ពន្យារពេល​បោះ​ឆ្នោត​។​

​លោក​ លៀ​ ស៊ី​ណា​ ជូន​សេចក្ដីរាយការណ៍​៖​

 

​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ជូន​សិស្ស​ថ្នាក់​វិជ្ជាជីវៈ​ និង​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមេសា​នេះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​លើក​ឡើងជា​ច្រើន​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត​សភា​ខាង​មុខ​នេះ​។​

​សារ​នយោបាយ​របស់​សម្ដេច​ ដែល​បាន​ស្ងប់ស្ងាត់​នៅ​មុន​និង​ក្រោយ​ចូល​ឆ្នាំ​បន្តិច​ បាន​ចាប់ផ្ដើម​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​៣០​ ខែមេសា​នេះ​ គឺ​នៅ​ចំ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ប្រកាស​បើក​ ការ​ចុះបញ្ជី​បក្សនយោបាយ​និង​បេក្ខជន​តំណាងរាស្ត្រ​ នៃ​គណបក្ស​នយោបាយ​សម្រាប់​ការ​ឈរឈ្មោះ​បោះ​ឆ្នោត​ នៅ​ចុងខែ​កក្កដា​ ឆ្នាំ​២០១៨​។​ សារ​នយោបាយ​ ដែល​ប្រើ​វោហា​សាស្ត្រ​ធ្ងន់ៗ​ ទំនង​វាយប្រហារ​ និង​ចំអក​ដល់​អតីត​មេ​បក្ស​ប្រឆាំង​ដែល​និទេស​ខ្លួន​។​ សម្ដេច​ ហ៊ុន​ សែន​ អះអាង​ថា​ ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ប្រទេស​មួយ​ ដែល​មាន​អធិបតេយ្យភាព​មិន​ងាយ​រង​ការ​ចាប់ខ្លួន​ពី​ភ្នាក់ងារ​បរទេស​ណាមួយ​នោះ​ទេ​។​ សម្ដេច​ថា​មិន​អាច​ទៅ​រួច​ទេ​។​

​សម្ដេច​បាន​លើក​ឡើង​ថា​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​បុគ្គល​ ឬ​ក្រុម​ណាមួយ​នោះ​ទេ​ ហើយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ សិរី​ពហុបក្ស​នៅ​តែ​បន្ត​។​ សម្ដេច​បញ្ជាក់​ថា​ គ្មាន​ការ​លើក​ពេល​បោះ​ឆ្នោត​នោះ​ទេ​។​

​កាលពី​ថ្ងៃ​២៨​ ខែមេសា​ លោក​ សម​ រ​ង្ស៊ី​ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ដែល​បាន​លើក​ឡើង​ ចំនួន​៣​ចំណុច​ ដែល​សរុបសេចក្ដី​ទៅ​លោក​ទទូច​សុំ​ឲ្យ​ពលរដ្ឋ​កុំទៅ​បោះ​ឆ្នោត​ ព្រោះតែ​គ្មាន​គណបក្ស​ សង្គ្រោះ​ជាតិ​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ​។​ លោក​ក៏​បាន​ហៅ​ការ​បោះ​ឆ្នោត​គ្មាន​បក្ស​របស់​លោក​ គឺជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ ហើយ​ធ្វើ​ទៅ​តាម​សេចក្ដី​ត្រូវការ​របស់​បក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ​។​ លោក​បន្ត​ថា​ គណបក្ស​ដទៃ​ទៀត​ ដែល​មក​ចូលរួម​ការ​បោះ​ឆ្នោត​ ដោយ​ឆ្លៀតឱកាស​ មិន​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​គ្រាន់តែ​មក​លម្អ​ឆាកល្ខោន​ឲ្យ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ ដើម្បី​អោយ​បក្ស​កាន់​អំណាច​បន្ត​កាន់​អំណាច​តែ​ប៉ុណ្ណោះ​។​

​នៅ​ក្នុង​បទ​សម្ភាស​ខ្លី​មួយ​ជាមួយ​ វិទ្យុ​ស្ត្រី​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ មាន​ប្រសាសន៍​ដោយ​ទទូច​សុំ​អោយ​មានការ​ស្រុះស្រួល​នយោបាយ​ ឡើង​វិញ​ នៅ​មុន​ការ​បោះ​ឆ្នោត​។​ លោក​អះអាង​ថា​ បើ​អាច​ធ្វើ​បាន​ គឺ​សហភាព​អឺរ៉ុប​នឹង​ទម្លាក់​ចោល​ វិធានការ​ដែល​បម្រុង​ដាក់​លើ​ប្រទេស​កម្ពុជា​។​ លោក​បន្ត​ថា​ ការ​បោះ​ឆ្នោត​ដែល​មាន​ស្ថិរភាព​ ស្ថិត​ក្នុង​ស្ថានភាព​ប្រជាធិបតេយ្យ​ និង​តុល្យភាព​នយោបាយ​បាន​ លុះត្រាតែ​ការ​បោះ​ឆ្នោត​នោះ​មាន​បក្ស​ខ្លាំង​ចូលរួម​ប្រកួត​ដែរ​៕​

Share

Image
Image
Image