en     km
en     km

រថភ្លើងទៅមកពីសិរីសោភ័ណ-ប៉ោយប៉ែតបើកឱ្យពលរដ្ឋជិះដោយឥតគិតថ្លៃពីថ្ងៃនេះ

Share

ភ្នំពេញ៖ប្រជាពលរដ្ឋអាចជិះរថភ្លើងទៅមក បាត់ដំបង-សិរីសោភ័ណ-ប៉ោយប៉ែត ដែលមានចំងាយ ១១៣គ.មដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០១ សីហា ២០១៨ ។នេះបើតាមការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននៅក្នុងពិធីបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីក្រុងសិរីសោភ័ណទៅបាត់ដំបង កាលពីថ្ងៃទី ២៩ ខែមេសា​ ឆ្នាំ២០១៨ ។

ស្ថានីយ៍រថភ្លើងសិរីសោ័ណ (រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន)

ថ្លែងនៅក្នុងពិធីនេះ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ការដាក់ឱ្យដំណើរការនូវកំណាត់ផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញកសិ ផលរបស់ប្រជាកសិករទៅកាន់ទីផ្សារគោលដៅ និងទាក់ទាញការវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ ។

លោកបន្តថា ជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន និងជាផ្លូវរបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពល ដើម្បីជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្មទេសចរណ៍ ។

លើសពីនេះទៅទៀត កំណាត់ផ្លូវដែកមួយខ្សែនេះ និងជួយសម្រួលដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវ និងការបំពុលបរិស្ថានជាដើម។

លោក ស៊ុន​ ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការនិងដឹកជញ្ជូនចូលរួមក្នុងពិធីបើកឱ្យប្រើប្រាស់រថភ្លើងទៅមកបាត់ដំបង-សិរីសោភ័ណ្ឌ-ប៉ោយប៉ែត ដែលមានចំងាយ ១១៣គ.ម កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៨។(រូបភាពពីហ្វេសប៊ុកក្រសួង)

លោករដ្ឋមន្រ្ដីក៏បានសំណូមពរផងដែរ ដល់អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលមានភូមិស្ថាននៅអមសងខាងផ្លូវរថភ្លើងនេះ បន្តសហ ការដើម្បីឱ្យគម្រោងនេះអាចសម្រេចបានជោគជ័យជាស្ថាពរ និងជួយថែរក្សាសម្បត្តិដ៏មហាសាលនេះឱ្យបានគង់វង្សយូរអង្វែង ព្រមទាំងប្រុងប្រយ័ត្នចំពោះកូនចៅក៏ដូចជាសត្វពាហនៈ ដែលឆ្លងកាត់លើផ្លូវដែក ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

គួរបញ្ជាក់ដែរថា  ផ្លូវដែកទិសពាយ័ព្យពីប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ទៅបាត់ដំបង មានប្រវែងសរុប ១១៣គ.ម ដោយមានស្ថានីយ៍ចំនួន១៥ រួមមាន ស្ថានីយ៍ប៉ោយប៉ែត ស្ថានីយ៍កូប ស្ថានីយ៍សូភី ស្ថានីយ៍សាលាសំរោង ស្ថានីយ៍ទឹកថ្លា ស្ថានីយ៍សិរីសោភ័ណ ស្ថានីយ៍មង្គលបូរី ស្ថានីយ៍ចំការចេក ស្ថានីយ៍ភ្នំតូច ស្ថានីយ៍ទួលសំរោង ស្ថានីយ៍ជ្រោយស្តៅ ស្ថានីយ៍ជណ្តើរស្វា ស្ថានីយ៍អូរតាគី ស្ថានីយ៍សៀម និងស្ថានីយ៍បាត់ដំបង។

កំណាត់ផ្លូវប៉ោយប៉ែត-សិរីសោភ័ណ មានប្រវែង៤៨គ.ម ទ្រទម្ងន់បាន ២០តោន/អ័ក្ស ដែលបានដាក់ឱ្យដំណើរការពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ និងកំណាត់ផ្លូវសិរីសោភ័ណ-បាត់ដំបង មានប្រវែង៦៥គ.ម ទ្រទម្ងន់បាន ១៥តោន/អ័ក្ស ដាក់ឱ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ៕

 

Share

Image
Image
Image