ក្រុងភ្នំពេញ៖ តំណាងទីភ្នាក់ងារប្រព័ន្ធកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន JICS និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មការពិគ្រោះយោបល់ ក្រោមកម្មវិធីជំនួយរបស់ប្រទេសជប៉ុន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមដែលនាំអោយមានកិច្ចព្រមព្រៀងទ្វេភាគីរវាងស្ថាប័នទាំងពីរនេះ។
ការចុះកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនមកកាន់រដ្ឋាភិបាលកម្ពុជា នូវទឹកប្រាក់ចំនួន ៥០០ លានយ៉េន ឬស្មើនឹង ៤,៦លានដុលា្លរសហរដ្ឋអាមេរិក ដើម្បីផ្តល់នាវាល្បាតគយចំនួនពីរគ្រឿង ដែលចុះហត្ថលេខាដោយ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង លោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី ០៨ ខែ មេសា ក្រោមអធិបតីភាពរបស់សម្តេច នាយករដ្ឋមន្ត្រី។
គម្រោងជំនួយនេះ នឹងផ្តល់នាវាល្បាតចំនួនពីរគ្រឿង មកកម្ពុជា រួមទាំងការបើកវគ្គបណ្តុះបណ្តាលជំនាញ ជូនមន្រ្តីគយ នៃការិយាល័យនាវាចរគយ ដើម្បីពង្រឹងសមត្ថភាព និង ប្រសិទ្ធិភាព នៃប្រតិបត្តិ ការគយជើងទឹង ក្នុងិការបង្ការ និង បង្ក្រាប ប្រឆាំងទប់ស្កាត់បទល្មើសគយតាមដែនសមុទ្រ ដែលជាផ្នែកសំខាន់មួយនៃផែនការយុទ្ធសាស្រ្ត កម្មវិធីកំណែទម្រង់ និង ទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា គ្រោងនឹងរៀបចំទទួល នាវាល្បាតពីគ្រឿងដែលនឹងមកដល់កម្ពុជា នាចុងខែតុលានេះ៕