ក្រុងភ្នំពេញ៖ របាយការណ៍សិក្សាស្រាវជ្រាវរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក(USDA) បានបង្ហាញថាការផលិត និង នាំចេញអង្កររបស់កម្ពុជា នឹងបន្តកើនឡើងដោយបង្កើនការនាំចេញទៅប្រទេសចិន និង ប្រទេសវៀតណាម នៅឆ្នាំនេះ និង ឆ្នាំក្រោយ បើទោះបីជាទីផ្សារអង្ករកម្ពុជារយៈពេលចុងក្រោយនេះ ហាក់ដូចជាស្ងៀមទ្រឹង ខណៈប្រទេសអ៊ីតាលីបានប្តឹងទៅកាន់សហភាពអឺរ៉ុបឲ្យធ្វើការស្រាវជ្រាវគុណភាពអង្ករកម្ពុជា។ ទាក់ទិនបញ្ហានេះ អ្នកជំនាញម្នាក់ធ្វើការអោយក្រុមហ៊ុននាំចេញអង្ករពីកម្ពុជាយល់ថា ចិននិងវៀតណាមជាទីផ្សារអង្ករ កម្ពុជាហើយជាកត្តាធ្វើអោយការនាំអង្ករកម្ពុជាទៅកាន់ទីៅផ្សារបរទេសមានការកើនឡើងលើសពីការរំពឹងទុក។
លោក សេរីវឌ្ឍនៈ ពិស្តារលំអិតពីព័ត៌មាននេះ៖
នៅក្នុងរបាយការណ៍សិក្សារបស់ក្រសួងកសិកម្មអាមេរិក បានបង្ហាញថា កំណើននៃការនាំចេញស្រូវអង្ករនៃប្រទេសកម្ពុជានឹងបន្តកើនឡើងរហូតដល់ទៅ ៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្វីបើនៅត្រីមាសដំបូងនៃដើមឆ្នាំ ២០១៨ កំណើននៃការនាំចេញអង្ករធ្លាក់ចុះដល់ទៅ ៣,៤ភាគរយ ឬស្មើនឹង ៥,៥៦៣ តោន ប៉ុន្តែឆ្នាំនេះ អាកាសធាតុហាក់អំណោយផល ដល់ការប្រមូលផលស្រូវហើយ ស្រូវរដូវប្រាំងឆ្នាំនេះ បានទទួលអត្ថប្រយោជន៍ ដោយសារលក្ខខ័ណ្ឌអាកាសធាតុអនុគ្រោះ ដែលនេះគឺជាហេតុផលមួយនៃកំណើនការផលិតក្នុងឆ្នាំ ២០១៨ នេះ។
អ្នកជំនាញដែលធ្វើការលើការនាំចេញស្រូវអង្ករទៅបរទេស លោក សុង សារ៉ន ជា អគ្គនាយកក្រុមហ៊ុន AMRU RICE បានគាំទ្រចំពោះរបាយការណ៍សិក្សារបស់ក្រសួងកសិកម្មអាមេរិក។
លោកបានបន្ថែមថា ឆ្នាំនេះស្រូវអង្ករកម្ពុជាអាចនឹងកើនឡើងលើសពីការរំពឹងទុកទៅទៀត ពីព្រោះថាតម្រូវការពី ប្រទេសចិន និង ប្រទេសវៀតណាម កំពុងហក់ឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកពន្យល់ថា ថ្វីបើនៅត្រីមាសដំបូង កម្ពុជាត្រូវបានប្តឹងឲ្យធ្វើការស៊ើបអង្កេតពីប្រទេសអ៊ីតាលីក្តី ក៏មិនបានប៉ះពាល់ដល់កំណើននៃការនាំចេញនោះទេ ព្រោះថាតម្រូវការពីសហភាពអឺរ៉ុប ប្រទេសចិន ប្រទេសវៀតណាម នៅតែមានតម្រូវការខ្ពស់។
សំឡេង លោង សុង សារ៉ន៖ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ការទស្សទាយហ្នឹងវាអាចត្រូវ វាអាចលើសឬក៏ខ្វះ ៤ ទៅ ៥ភាគរយ តាមខ្ញុំគិតហាណា៎! ហើយទី ២ តម្រូវការប្រទេសជិតខាងយើង គឺប្រទេសវៀតណាមគាត់ត្រូវការអង្ករខ្លាំងបាទ! ហើយប្រទេសចិនហ្នឹងគាត់ក៏ត្រូវការដែរ អញ្ជឹងកំណើនស្រូវអង្ករ ៤ ទៅ ៣ ភាគរយហ្នឹងអាចៗ សម្រេចបាន។
លោក ពន្យល់បន្ថែមទៀតថា ទីផ្សារស្រូវអង្ករ៣សំខាន់របស់កម្ពុជាដែលពុំអាចខ្វះបាន ទី១ គឺ សហភាពអឺរ៉ុប ទី២ ប្រទេសចិន និង ទី ៣ គឺប្រទេសវៀតណាម។ លោកថាប្រសិនបើបាត់បង់មួយណាក្នុងចំណោម ៣ នេះ តម្លៃស្រូវអង្ករកម្ពុជានឹងធ្លាក់ចុះជាពុំខាន។
សំឡេង លោក សុង សារ៉ន៖ ទីផ្សារ ៣ ហ្នឹងសំខាន់ យើងអត់អាចអត់មួយទេ ហើយបើអត់ទីផ្សារ ១ ក្នុង ចំណោម ៣ ហ្នឹង តម្លៃស្រូវអង្ករយើងធ្លាក់ចុះខ្លាំង។ ទីផ្សារ ៣ ហ្នឹងមាន វៀតណាម ចិន និង សហគមន៍អឺរ៉ុប អញ្ជឹងទីផ្សារ ៣ ហ្នឹងវាជួយ លំនឹង ហា៎ ហើយតម្លៃវាខុសគ្នាពី ៥ ទៅ ២០ ដុល្លារ ។
លោកបញ្ជាក់ថា ភាគច្រើនទីផ្សារទាំង ៣ នេះ គឺត្រូវការតែអង្ករប្រណីតពីកម្ពុជា ប៉ុណ្ណោះ បែបនេះហើយដែលកម្ពុជា អាចនឹងបន្តកើនឡើងកំណើនពី ៤ ទៅ ៥ ភាគរយ ក្នុងឆ្នាំ ២០១៨ នេះ។
សូមបញ្ជាក់ថា អង្កររបស់កម្ពុជាបាននាំចេញ ទៅកាន់ទីផ្សារប្រមាណជាង ៦០ ប្រទេស ដែលក្រុមហ៊ុននាំចេញមានជាង ៦០ ក្រុមហ៊ុន។ នៅត្រីមាសទី ១ នេះ ប្រទេសចិន នៅតែបន្តនាំមុខគេ ជាប្រទេសទិញអង្ករពីកម្ពុជាច្រើជាងគេ ចំនួនជាង ៦៤ ម៉ឺនតោន តាមពីក្រោយដោយប្រទេសបារាំង ជាង ២ ម៉ឹនតោន និងប្រទេសម៉ាឡេស៊ីជាង ១ ម៉ឺនតោន។ នៅក្នុងរបាយការណ៍របស់ អង្គការស្បៀងអាហារពិភពលោក (FAO) ក៏បានធ្វើការប៉ាន់ប្រមាណថា ការនាំចេញស្រូវអង្ករកម្ពុជាអាច កើនឡើងដល់ ៥ ភាគរយ ឬ ១,៣៥ លានតោន៕