en     km
en     km

​តើ​អ្នកមាន​ ឧកញ៉ា​ គួរ​ធ្វើ​បែប​ណា​ ដើម្បី​បញ្ចៀស​សង្គ្រាម​វណ្ណៈ​?

Share

150925-dara-annalist-01

កាលពី​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១៥​ កន្លង​មកនេះ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត​ ហើយ​មានការ​ផ្លាស់​ប្ដូរ​ថ្នាក់ដឹកនាំ​ នោះ​នឹង​មាន​សង្គ្រាម​វណ្ណៈ​រវាង​អ្នកមាន​ និង​អ្នកក្រ​។​ ផ្អែក​តាម​ប្រសាសន៍​នេះ​ បាន​ន័យ​ថា​ លោក​អាច​សង្កេត​ឃើញ​មាន​វណ្ណៈ​អ្នកមាន​ និង​អ្នកក្រ​នៅ​ក្នុង​សង្គម​ខ្មែរ​រួច​ស្រេច​ទៅ​ហើយ​។​ តើ​អ្នកមាន​ ឧកញ៉ា​ ទាំងឡាយ​គួរ​ធ្វើ​បែប​ណា​ ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​វណៈ​កើតឡើង​ ដូច​ការ​ប្រមើល​មើល​របស់​លោកនាយក​រដ្ឋមន្ត្រី​?
​លោក​ណុ​ល​ ដា​រ៉ា​ រៀបរៀង​បទ​វិភាគ​នេះ​

​ជា​រឿយៗ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ តែង​សង្កត់ធ្ងន់​ថា​ បើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ចាញ់ឆ្នោត​ នឹង​មាន​សង្គ្រាម​ ។​ ជា​ថ្មី​ម្ដងទៀត​ លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ កម្ពុជា​នឹង​មាន​សង្គ្រាម​ ក្រោយ​ពេល​មានការ​ផ្លាស់​ប្ដូរ​ថ្នាក់ដឹកនាំ​។​ លោក​ថា​ សង្គ្រាម​នោះ​ គឺ​សង្គ្រាម​វណ្ណៈ​រវាង​អ្នកមាន​ និង​អ្នកក្រ​ និង​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​។​
​ប៉ុន្តែ​បក្ស​ប្រឆាំង​ថា​ ខ្លួន​មិន​ដែល​យក​អ្នកមាន​ និង​ប្រទេស​ជិតខាង​ធ្វើ​ជាស​ត្រូវ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ នឹង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ប្រទេស​ជិតខាង​ ដោយ​ឈរ​លើ​គោលការណ៍​ជាតិ​ និង​អន្តរជាតិ​។​ បក្ស​ប្រឆាំង​ក៏​បញ្ជាក់​ផង​ដែរ​ថា​ ខ្លួន​នឹង​ការពារ​ផលប្រយោជន៍​អ្នក​រកស៊ី​សុចរិត​ និង​យុត្តិធម៌​។​

​ចំណែក​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​វិញ​ យល់​ថា​ ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ គ្រាន់តែ​ជា​បំភិតបំភ័យ​អ្នកមាន​ ឧកញ៉ា​ កុំ​ឲ្យ​បែកចិត្ត​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ​ ។​ អ្នកវិភាគ​យល់​ថា​ សម័យ​ទំនើប​នេះ​ មិន​អាច​មាន​សង្គ្រាម​វណ្ណៈ​កើតឡើង​ដូច​សម័យ​បុព្វ​កាលនោះ​ទេ​ ព្រោះ​ប្រទេស​នីមួយៗ​មានច្បាប់​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​ដឹកនាំ​ ហើយ​អ្នកនយោបាយ​ឡើង​ថ្មី​ ត្រូវ​តែ​គោរព​ច្បាប់រដ្ឋធម្មនុញ្ញ​ជា​គោល​។​

យ៉ាងនោះ​ក្ដី​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​រស់​ រ៉ា​វុ​ធ​ លើក​ឡើង​ថា​ បើសិនជា​អ្នកនយោបាយ​បណ្ដែតបណ្តោយ​ឲ្យ​គម្លាត​អ្នកមាន​ និង​អ្នកក្រ​កាន់តែ​ធំ​ ហើយ​អ្នកមាន​ជិះជាន់​អ្នកក្រ​កាន់តែ​ខ្លាំង​ នោះ​ បញ្ហា​សង្គ្រាម​វណ្ណៈ​ជា​រឿង​ដែល​មិន​អាច​ទស្សន៍​ទាយ​ទុក​បាន​ ។​ លោក​មាន​ប្រសាសន៍​ថា​ «​បើសិនណា​ជា​យើង​គ្មាន​ដំណោះស្រាយ​ ដែល​ធ្វើ​ឲ្យ​មាន​កាន់តែ​គម្លាត​ឡើង​នោះ​ អាហ្នឹង​យើង​មិន​អាច​ទស្សន៍​ទាយ​ត្រូវ​ទេ​ នូវ​ចរន្ត​គេ​ហៅ​ថា​ ចលនា​បដិវត្តន៍​ប្រជាជន​»​។​

​តើ​អ្នកមាន​ ឧកញ៉ា​ទាំងឡាយ​ មាន​កាតព្វកិច្ច​យ៉ាងណា​ ដើម្បី​រួមចំណែក​បញ្ចៀស​សង្គ្រាម​វណ្ណៈ​កុំ​ឲ្យ​កើតឡើង​ដូច​ការ​ព្រមាន​របស់​លោកនាយក​រដ្ឋមន្ត្រី​?
​បើ​តាម​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​រស់​ រ៉ា​វុ​ធ​ យល់​ថា​ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​ កម្ពុជា​មិន​អាច​មាន​សង្គ្រាម​វណ្ណៈ​កើតឡើង​ទេ​ ព្រោះ​មាន​ឧកញ៉ា​មួយ​ចំនួន​បាន​យកចិត្តទុកដាក់​ជួយ​អ្នកក្រ​ ផ្ដល់​ឱកាស​ឲ្យ​អ្នកក្រ​បាន​ទៅ​សិក្សា​ និង​ដក​ពិសោធន៍​ពី​ការងារ​របស់​ពួក​គេ​ផង​ដែរ​។​ លោក​ថា​ បើ​អ្នកមាន​ ឧកញ៉ា​ យកចិត្តទុកដាក់​ជាមួយ​អ្នកក្រ​ និង​យុវជន​ឲ្យ​បាន​ច្រើន​ តាម​រយៈ​ការ​បង្កើត​ការងារ​ធ្វើ​ជាដើម​នោះ​ វា​នឹង​មិន​មាន​បញ្ហា​សង្គ្រាម​វណ្ណៈ​កើតឡើង​ឡើយ​។​

​លោក​សាស្ត្រាចារ្យ​រស់​ រ៉ា​វុ​ធ​ មាន​ប្រសាសន៍​ថា​ «​ឧកញ៉ា​របស់​យើង​គួរតែ​បង្កើត​គំនិត​ច្នៃប្រឌិត​ បង្កើត​គំនិត​ច្នៃប្រឌិត​ ហើយ​យក​កសិករ​ ឬ​ក៏​យក​យុវជន​យើង​ដែល​អត់​មានការ​ងារ​ធ្វើ​នេះ​ ទៅ​ធ្វើការ​នៅ​កសិដ្ឋាន​របស់​ខ្លួន​ ឬ​ក៏​ធ្វើ​នៅ​រោងចក្រ​របស់​ខ្លួន​ នេះ​ជា​ការ​រំលែក​ការងារ​របស់​រដ្ឋាភិបាល​ក្នុង​បន្ទុក​មួយ​ហើយ​»​។​
​ប៉ុន្តែ​នៅ​ពេល​សួរ​ថា​ ករណី​អ្នកមាន​ ឧកញ៉ា​មួយ​ចំនួន​បាន​ប្រើ​អំណាច​ទឹក​លុយ​ ដណ្ដើម​យក​ដីធ្លី​ប្រជាពលរដ្ឋ​ ឬ​ក៏​វាត​យក​ធនធានធម្មជាតិ​តែឯង​ មិន​ឲ្យ​អ្នកក្រ​អាច​អាស្រ័យ​ផល​រក​ទទួលទាន​បាន​ តើ​នឹង​ទៅ​ជា​យ៉ាងណា​  លោក​រស់​ រ៉ា​វុ​ធ​ បាន​ចាត់​ទុក​អ្នកមាន​ ឧកញ៉ា​ ប្រភេទ​នោះ​ថា​ជា​សាច់​ស្អុយ​ ដែល​រដ្ឋាភិបាល​ត្រូវ​តែ​កាត់​ចោល​ ព្រោះ​វា​ធ្វើ​ឲ្យ​ខូច​កិត្តិយស​រដ្ឋាភិបាល​ផង​ ធ្វើ​ឲ្យ​មាន​ទំនាស់​វណ្ណៈ​ផង​ ។​

​ចំណែក​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ លោក​កែម​ ឡី​ យល់​ថា​ ការ​បណ្ដែតបណ្ដោយ​ឲ្យ​អ្នកមាន​ ឧកញ៉ា​ ជិះជាន់​សង្កត់សង្កិន​អ្នក​ក្រីក្រ​ ជា​មូលហេតុ​នាំ​ឲ្យ​មាន​សង្គ្រាម​វណ្ណៈ​ «​តាម​ពិត​គាត់​ទេ​កំពុង​តែ​បង្កើត​ឲ្យ​មាន​វណ្ណៈ​ ។​ ហេតុ​អី​?​ ពីព្រោះ​ក្រុមហ៊ុន​ឧកញ៉ា​មួយ​ចំនួន​ គាត់​លើកតម្កើង​ ជប់លៀង​ គាំទ្រ​ ដែល​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ខិលខូច​មួយ​ចំនួន​ហ្នឹង​ គាបសង្កត់​អ្នក​ក្រីក្រ​ អ្នក​វេទនា​ហ្នឹងហើយ​ ដែល​ធ្វើ​ឲ្យ​មាន​កំហឹង​វណ្ណៈ​ ។​ គាត់​កំពុង​បង្កើត​ឲ្យ​មាន​ គាត់​កំពុង​បើកចំហ​ឲ្យ​មាន​របៀប​ហ្នឹង​»​។​

​ចំពោះ​ករណី​ថា​តើ​អ្នកមាន​ ឧកញ៉ា​ គួរ​សម្រប​ខ្លួន​បែប​ណា​ ដើម្បី​បញ្ចៀស​សង្គ្រាម​វណ្ណៈ​នោះ​ លោក​កែម​ ឡី​ យល់​ថា​ មិន​ចាំបាច់​ឲ្យ​មានការ​សម្រប​ខ្លួន​ពី​ភាគី​ណាមួយ​ទេ​ ប៉ុន្តែ​លោក​ថា​ ជា​រឿង​សំខាន់​ គឺ​ត្រូវ​រៀបចំ​តុលាការ​ឲ្យ​មាន​យុត្តិធម៌​ ហើយ​មន្ត្រី​សាធារណៈ​ត្រូវ​តែ​ឯករាជ្យ​ មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​។​

​ផ្អែក​តាម​អ្នកវិភាគ​ខាងលើ​ឃើញ​ថា​ គេ​អាច​បញ្ចៀស​សង្គ្រាម​វណ្ណៈ​បាន​ ដោយ​ទី​១​ អ្នកមាន​ ឧកញ៉ា​ ត្រូវ​យកចិត្តទុកដាក់​ជាមួយ​អ្នកក្រ​ និង​យុវជន​ឲ្យ​បាន​ច្រើន​ ដោយ​ការ​បង្កើត​ការងារ​ឲ្យ​ពួក​គាត់​ធ្វើ​ ទី​២​ រដ្ឋាភិបាល​ត្រូវ​ហ៊ាន​កាត់​សាច់​ស្អុយ​ គឺ​ធ្វើ​ទោសទណ្ឌ​ចំពោះ​អ្នកមាន​ ឬ​ឧកញ៉ា​ ដែល​រំលោភ​ជិះជាន់​កេងប្រវ័ញ្ច​ពី​អ្នកក្រ​ និង​ទី​៣​ ត្រូវ​រៀបចំ​ឲ្យ​មាន​តុលាការ​យុត្តិធម៌​ ហើយ​មន្ត្រីរាជការ​ត្រូវ​តែ​ឯករាជ្យ​៕

Share

Image
Image
Image