ភ្នំពេញ ៖ អាណាព្យាបាល ដែលមានកូនស្រីតូចៗ បានបង្ហាញ ក្ដីបារម្ភពីសុវត្ថិភាពកូនៗរបស់ខ្លួន បន្ទាប់ពីមានករណី រំលោភ ហើយសម្លាប់កុមារីមា្នក់នៅខេត្ដព្រៃវែង កាលពីថ្ងៃទី១៧ ខែមេសា។ មេដឹកនាំ អង្គការសង្គមស៊ីវិល យល់ថា មូលហេតុដែលនាំឲ្យជនល្មើសហ៊ាន ដល់ថ្នាក់រំលោភ និងសម្លាប់ ដោយសារតែការខ្មាស់អៀនរបស់ ក្រុមគ្រួសារជន រងគ្រោះ លាក់បាំងព័ត៌មាន និងការអនុវត្ដច្បាប់ហាក់មិនទាន់ល្អប្រសើរ។
លោក លៀ ស៊ីណា រាយការណ៍ ៖
ជារឿងដែលសង្គមខ្មែរស្អប់ខ្ពើមបំផុត អំពើរំលោភសេពសន្ថវៈ ហើយរឹតតែថ្កោលទោសថែមទៀត បើអំពើនោះបានប្រព្រឹត្ដលើកុមារី ។ កាលពេលថ្មីៗទៅកន្លងទៅនេះ ករណីរំលោភសម្លាប់កុមារី អាយុ ០៥ ឆ្នាំម្នាក់ បានកើតឡើង នៅខេត្ដព្រៃវែង។ នេះជាដំណឹងដ៏សែនរន្ធត់សម្រាប់ពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ពិសេសគឺឪពុក ម្ដាយ កុមារីរងគ្រោះ និងអាណាព្យាបាលផ្សេងៗទៀត ដែលមានកូនស្រី។
អ្នកស្រី ឈឹម សុគន្ធា វ័យ ៣៩ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ មានកូនប្រុសស្រីចំនួន ២នាក់។ អ្នកស្រីបានប្រាប់វិទ្យុស្ដ្រីថា ដំណឹងពីការរំលោភសម្លាប់កុមារីនៅខេត្ដព្រៃវែងនេះ គឺពិតជារន្ធត់ណាស់សម្រាប់អ្នកស្រី។អ្នកស្រីបន្ដ ថា ករណីនេះបានធ្វើឲ្យអ្នកស្រីនឹកបារម្ភពីកូនរបស់ខ្លួនគ្រប់ពេល ៖«ខ្ញុំចាប់អារម្មណ៍ ខ្ញុំពិបាកចិត្ដណាស់ ព្រោះអីខ្ញុំចិញ្ចឹមកូន មិនមែនដូចគេចិញ្ចឹមកូនដូចថា ប្រលេងអីទេ។ ខ្ញុំចិញ្ចឹមកូន ខ្ញុំមើលកូនខ្ញុំណាស់ សូម្បីតែកូនប្រុសក៏ដោយ។ ដូចថា គាត់ចេញមកពីរៀនអញ្ចឹង ដល់ម៉ោងដល់ពេលម៉ោង ៥កន្លះ អត់ទាន់មកដល់ផ្ទះអញ្ចឹងខ្ញុំអោយប្ដីខ្ញុំ ជិះម៉ូតូអីទៅមើលហើយ ខ្ញុំអត់ប្រលេង អត់បណ្ដែតបណ្ដោយកូនដូចគេទេ»។
អ្នកស្រី សុគន្ធា បានធ្វើដូចនេះជារៀងរាល់ថ្ងៃ ពីព្រោះអ្នកស្រីបារម្ភពីសុវត្ថិភាពកូនៗ។ សម្រាប់កូនស្រី អ្នកស្រីបារម្ភពីការចាប់រំលោភ ចំណែកកូនប្រុស អ្នកស្រី បារម្ភពីការអូសទាញឲ្យចូលទៅពាក់ព័ន្ធនឹងគ្រឿងញៀន។ អ្នកស្រីយល់ឃើញថា មូលហេតុដែលនាំឲ្យមនុស្សហ៊ាន ប្រព្រឹត្ដទង្វើអាក្រក់ដូចនេះ ពីព្រោះតែការសេពគ្រឿងញៀន ឬក៏គ្រឿងស្រវឹង។ អ្នកស្រី សុគន្ធា បន្ថែមថា ដើម្បីទប់ស្កាត់អំពើចាប់រំលោភ ដែលឈានដល់ការសម្លាប់បែបនេះ គឺមានការប្រឹងលុបបំបាត់ឲ្យបាន នូវវត្ដមានគ្រឿងញៀន និងគ្រឿងស្រវឹងតែប៉ុណ្ណោះ ៖«សុំសំណូមពរ ឲ្យខាងអាជ្ញាធរ ខាងនាយករដ្ឋមន្ដ្រីអីហ្នឹង ឲ្យគាត់រឹតបន្ដឹងខាងគ្រឿញៀន ខាងអីហ្នឹងបន្ដិចទៅ សម្បូរចោរ សម្បូរគ្រឿងញៀនណាស់។ បើមិនអញ្ចឹងទេ ងាប់ហើយកូនជំនាន់ក្រោយហ្នឹង ប្រហែលមិនបាន ចេះដឹងអីទេ បើប៉ិចឡើងមើលទៅគេរំលោភ ប៉ិចឡើងគ្រឿងញៀន ឲ្យធ្វើម៉េចទៅ»។
ដូចគ្នាដែរអ្នកស្រី ស៊ឹម ស៊ីថា ពលរដ្ឋមួយរូបរស់នៅខេត្ដកណ្ដាល បាននិយាយថា ក្រោយពីបានឮដំណឹងពីករណីរំលោភកុមារី ហើយសម្លាប់យ៉ាងព្រៃផ្សៃដូចនេះ នាំឲ្យអ្នកស្រីបារម្ភពីកូនៗរបស់ខ្លួនជាខ្លាំង ខណៈតំបន់ដែលអ្នកស្រីរស់នៅហាក់សម្បូរទៅដោយក្រុមមនុស្សដែលញៀនថ្នាំ ៖«ចា សម្រាប់ខ្ញុំជាម្ដាយ ឥឡូវគឺថា មានការក្ដីបារម្ភខ្លាំងដែរ ហើយណាមួយក៏អត់សូវធ្វេសប្រហែសជាមួយនិងកូនដែរ ហើយណាមួយនៅប្លុកៗហ្នឹង វាភាគច្រើន ក៏សម្បូរក្មេងញៀនថ្នាំដែរ អញ្ចឹងយើងបារម្ភណាស់»។
អ្នកស្រី ស៊ីថា បន្ដទៀតថា បញ្ហាថ្នាំញៀនហាក់ដូចជា ការទប់ស្កាត់មិនទាន់បានល្អប្រសើរនៅឡើយទេ ហើយមួយវិញទៀតការសម្រុះសម្រួលពីអាជ្ញាធរ ឲ្យជនរងគ្រោះ និងក្រុមគ្រួសារ ជាមួយជនល្មើស បញ្ឈប់ការប្ដឹងផ្ដល់ក៏នៅតែមានផងដែរ នៅតាមភូមិស្រុកមួយចំនួន។ ស្ដ្រីរូបនេះ មានបំណងចង់ឲ្យអាជ្ញាធរ បញ្ឈប់ការធ្វើបែបនេះ ហើយត្រូវចាប់ជនល្មើស យកផ្ដន្ទាទោស ដោយមិនត្រូវមានការយោគយល់អ្វីទាំងអស់ ៖«អាជ្ញាធរនៅតាមស្រុកស្រែឥឡូវ ពេលខ្លះមិនមែនគាត់មិនដឹង មិនឮទេ។ តែព្រោះថា គាត់ចេះតែយោគយល់អីអញ្ចឹងទៅ ដោយសារយល់ម្ដាយ យល់អី អារឿងហ្នឹង ខ្ញុំពិបាកនិយាយ។ តែបើតាមចិត្ដខ្ញុំ គឺចង់ឲ្យគាត់ហ្នឹងអនុវត្ដន៍ច្បាប់ឲ្យវាមានប្រសិទ្ធិភាព កុំមានការយោគយល់ បើមិនអញ្ចឹងទេ តាមស្រុក តាមភូមិក៏វាពិបាកដែរឥឡូវ»។
ពាក់ព័ន្ធករណីនេះ លោកស្រី ធីតា ឃឹះ នាយិការ អង្គការសីលការ ដែលធ្វើការងារលើកកម្ពស់សិទ្ធិស្ដ្រី មានប្រសាសន៍ថា យោងតាមការសង្កេតរបស់លោកស្រី មូលហេតុដែលនាំឲ្យជនល្មើស ហ៊ានដល់ថ្នាក់រំលោភសម្លាប់បែបនេះ ពីព្រោះតែការលាក់បាំងព័ត៌មានរបស់ក្រុមគ្រួសារជនរងគ្រោះ ដើម្បីរក្សាកិត្ដិយស់កូនស្រី និងការយោគយល់គ្នាក្នុងនាមជាអ្នកជិតខាង ៖«ប្រព័ន្ធសង្គមយើងហ្នឹង មើលទៅការពារកិត្ដិយស់របស់កូនស្រី បើប្ដឹងផ្ដល់ទៅវាធ្វើឲ្យមានការខ្មាស់គេសម្រាប់អនាគតកូនហ្នឹងអាចមានបញ្ហាទី១ ទី២អ្នកដែលរំលោភនេះមិនមែននៅឆ្ងាយពីផ្ទះទេ គឺអ្នកនៅជិតផ្ទះ ហើយអ្នកដែលស្គាល់។ ដូច្នេះខ្មែរយើងមានអារម្មណ៍ដូចជា ខ្លាចខ្មាស់គេផង ហើយមនុស្សស្គាល់ណ្ហើយទៅក៏ស្រុះស្រួលគ្នាទៅ ពីព្រោះមានករណីកូនបងវារំលោភម្ដងហើយ ប៉ុន្ដែអត់បានធ្វើតាមផ្លូវច្បាប់ត្រឹមត្រូវ។ ដូច្នេក៏វារឿងហ្នឹងមនុស្សហ្នឹងនៅមានទៀត មិនតែប៉ុណ្ណោះឈានចូលដល់ការសម្លាប់»។
ក្រៅតែពីចំណុចទាំងនេះ លោកស្រី មើលឃើញទៀតថា ការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ឲ្យជនរងគ្រោះ និងជនល្មើសស្រុះស្រួលគ្នា ក៏ជាដើមចមនាំឲ្យជនល្មើសនៅតែហ៊ានប្រព្រឹត្ដការចាប់រំលោភជនរងគ្រោះដោយមិនខ្លាចរអាច្បាប់ផងដែរ។ ជាងនេះ លោកស្រីចង់ឲ្យប្រព័ន្ធច្បាប់មានការរឹតបន្ដឹងឲ្យកាន់តែខ្លាំង ក្នុងការដាក់វិធានការការពារកុមារី និងកូស្រី។
លោកស្រី ធីតា សង្កត់ធ្ងន់ថា ករណីរំលោភគឺជាករណីព្រហ្មទណ្ឌ បើទោះជាក្រុមគ្រួសារជនរងគ្រោះមិនដាក់ពាក្យបណ្ដឹង ក៏អាជ្ញាធរត្រូវតែចាប់ជននោះមកផ្ដន្ទាទោសដែរ ព្រោះវាជារឿងមួយដែលធ្ងន់ធ្ងរទៅលើស្ដ្រី។ លោកស្រីចង់ឃើញការអនុវត្ដច្បាប់ដ៏តឹងរ៉ឹងមួយកើតឡើង ដើម្បីរកយុត្ដិធម៌សម្រាប់ស្ដ្រី ដែលរងគ្រោះព្រោះការចាប់រំលោភនេះ ៖«វាជារឿងមួយធ្ងន់ធ្ងរ វាប៉ះពាល់ខ្លាំងទៅដល់កូនស្រីរបស់សង្គម របស់យើង ហើយវាប៉ះពាល់ខ្លាំងទៅដល់ចិត្ដសាស្ដ្ររបស់កូនស្រីដទៃទៀត និងឪពុកម្ដាយ ដទៃទៀត នៅក្នុងសង្គមរបស់យើង»។
គួរជម្រាបថា ក្នុងរយៈពេលដើមឆ្នាំ២០១៨នេះ ទាំងករណីរំលោភ និងករណីហិង្សានៅក្នុងគ្រួសារ នៅតែបន្ដកើតឡើង គឺមិនខុសពីឆ្នាំមុនប៉ុន្មានទេ ក៏ប៉ុន្ដែបើយោងតាមការវាយតម្លៃរបស់ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារ ការពារសិទ្ធិមនុស្សនៅកម្ពុជា មើលឃើញថា អំពើហិង្សា និងការរំលោភសេពន្ថវៈ បានបង្ហាញរូបភាពកាន់តែសាហាវ និងកាន់តែអសីលធម៌យ៉ាងខ្លាំងក្នុងសង្គមខ្មែរ ។ ក្រុមអង្គការសង្គមស៊ីវិល យល់ឃើញថា ប្រសិនបើប្រព័ន្ធច្បាប់មិនពង្រឹងអំណាចរបស់ខ្លួន ឲ្យកាន់តែខ្លាំងទេ នោះអំពើទាំងអស់នេះ នឹងនៅតែបន្ដកើតមាន ហើយជារឿងដែលគ្រោះបំផុតសម្រាប់កុមារី និងស្ដ្រីគ្រប់រូប៕