ក្រោយពីបញ្ចប់បេសកកម្មលើកដំបូងរបស់ខ្លួនមកកម្ពុជា លោកស្រីរ៉ូណា ស្មីត ដែលជាមនុស្សទី៦ ដែលធ្វើជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានសម្ដែងការចាប់អារម្មណ៍លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដូចបុព្វាធិការីរបស់លោកស្រីដែរ។ លោកស្រីថា កម្ពុជាត្រូវពង្រឹងបន្ថែមទៀតនូវនីតិរដ្ឋ ការអភិវឌ្ឍ និងឯករាជ្យភាពរបស់តុលាការ ដើម្បីលើកស្ទួយ និងការពារសិទ្ធិមនុស្ស ។ ទាក់ទងបញ្ហានេះ មន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលអះអាងថា លោកស្រីរ៉ូណា ស្មីត បានទទួលស្គាល់នូវការរីកចម្រើនផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។ ចំណែកមន្ត្រីសិទ្ធិមនុស្សរបស់អង្គការក្រៅរដ្ឋាភិបាល គាំទ្រការចាប់អារម្មណ៍របស់លោកស្រីលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
លោកម៉ក់ សម្បត្តិ មានប្រសាសន៍បន្តថា លោកស្រីរ៉ូណា ស្មីត បានទទួលស្គាល់នូវការវិវឌ្ឍផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ថាមានការរីកចម្រើន ហើយសេរីភាពសារព័ត៌មានក៏ប្រសើរផងដែរ «ទី១ គាត់បានទទួលស្គាល់ថា ប្រទេសកម្ពុជាហ្នឹងវាមានការវិវឌ្ឍហើយ ហួសពីការរំពឹងទុកទៀត បើយើងប្រៀបធៀបក្នុងចំណោមប្រទេសក្នុងអាស៊ាន ហើយនិងពិភពលោក ចំណុចទី១ ។ ហើយចំណុចទី២ គាត់ឲ្យយើងថា ក្រោយពីយើងជួបថ្នាក់ដឹកនាំមួយចំនួនទៅ បានន័យថា ថ្នាក់ដឹកនាំយើងមួយចំនួនតាមស្ថាប័នមួយៗហ្នឹង គាត់បានប្ដេជ្ញាចិត្តនឹងមានការកែទម្រង់បន្តទៀត ដោយការទទួលខុសត្រូវ ។ គាត់បានដាក់ចឹងណ៎ះ! ហើយទី៣ គាត់បានសរសើរដែរនូវការរីកចម្រើនៃសេរីភាព សេរីភាពសារព័ត៌មាន ហើយនិងខាងសង្គមស៊ីវិល ដែលមានការរីកដុះដាលដូចផ្សិតអីអ៊ីចឹងណា៎!»។
លោកម៉ក់ សម្បត្តិបន្ថែមថា ការធ្វើកំណែទម្រង់នីតិប្រតិបត្តិ គឺរដ្ឋាភិបាលកំពុងធ្វើទៅតាមគោលនយោបាយរបស់ខ្លួន ។ លោកក៏បញ្ជាក់ដែរថា ស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័នតុលាការ ជារឿងដោយឡែក មិនពាក់ព័ន្ធនឹងរដ្ឋាភិបាលទេ។
អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មហៅកាត់ថា (CHRAC) លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា ក្នុងនាមអង្គការសង្គមស៊ីវិល ដែលបានធ្វើការលើផ្នែកសិទ្ធិមនុស្ស លោកឯកភាព គាំទ្រនូវអ្វីដែលលោកស្រីរ៉ូណា ស្មីត បានរកឃើញ និងបានលើកឡើង ។ លោកថា អ្វីដែលលោកស្រីរ៉ូណា ស្មីត មើលឃើញនោះជាការត្រឹមត្រូវ ព្រោះកម្ពុជាត្រូវការពង្រឹងនីតិរដ្ឋបន្ថែមទៀត ។ លោកបន្ថែមថា តាមទម្រង់ច្បាប់បច្ចុប្បន្ន ច្បាប់មូលដ្ឋានគ្រឹះស្ដីពីវិស័យតុលាការ មិនមែនជាប្រព័ន្ធច្បាប់ ដែលធានានូវនីតិរដ្ឋ ជាពិសេសគឺធានានូវឯករាជ្យភាព ភាពឥតលម្អៀងរបស់តុលាការបានទេ។
សូមរំឭកថា មួយថ្ងៃមុនលោកស្រីរ៉ូណា ស្មីត ចេញសេចក្ដីថ្លែងការណ៍បញ្ចប់បេសកកម្មលើកដំបូងកម្ពុជា គឺនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ លោកស្រីបានជួបជាមួយលោក កឹម សុខា ជាអនុប្រធានទី១ នៃរដ្ឋសភា ។ ក្នុងជំនួបនោះលោកកឹម សុខា បានស្នើសុំលោកស្រីរ៉ូណា ស្មីត ឲ្យជួយពង្រឹងប្រព័ន្ធតុលាការនៅកម្ពុជា ធ្វើយ៉ាងណាឲ្យស្ថាប័ននេះមានឯករាជ្យ ។
យ៉ាងណាក៏ដោយ ទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទាំងមន្ត្រីរដ្ឋាភិបាល ក៏ដូចជាមន្ត្រីតុលាការ សុទ្ធតែអះអាងជារឿយៗថា ស្ថាប័នតុលាការកម្ពុជា គឺឯករាជ្យ មិនស្ថិតក្រោមចំណុះរដ្ឋាភិបាលឡើយ៕