ក្រុងភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តមួយនាភាគនិរតីជាប់មាត់សមុទ្រ គឺខេត្តព្រះសីហនុ កំណើនភ្ញៀវទេសចរដែលបានមកកាន់ខេត្តនេះបានធ្លាក់ចុះ ខណៈដែលខេត្តកំពតហាក់ទទួលបានកំណើនទេសចរ យ៉ាងគំហុក។ ខណៈនេះ អ្នកជំនាញផ្នែកអភិបាលកិច្ចម្នាក់យល់ថា អាចបណ្តាលមកពី កំណើនជនជាតិចិនរស់នៅខេត្តព្រះសីហនុ ទើបប្រជាពលរដ្ឋខ្មែរប្តូរទិសដៅតំបន់ទេសចរណ៍។
ពិស្តារនិងលំអិតព័ត៌មាននេះ ដោយ លោក សេរី វឌ្ឍនៈ ៖
ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ រយៈពេល ៣ ថ្ងៃ ទើបតែបញ្ចប់ទៅ នៅតាមបណ្តារខេត្តមួយចំនួនបានចេញនូវរបាយការណ៍ អំពីកំណើនទេសចរណ៍ខេត្តនីមួយៗ ដែលមានការកើនឡើង គឺជាកត្តាមួយជួយជំរុញដល់វិស័យសេដ្ឋកិច្ចខេត្តទាំងនោះ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនេះ បើគេនិយាយអំពីខេត្តដែលនៅជាប់មាត់សមុទ្រ គឺគេពុំភ្លេចឡើយ ខេត្តព្រះសីហនុដែលមានសក្តានុពលក្នុងវិស័យទេសចរណ៍ធំៗជាច្រើន ដូចជាឆ្នេរខ្សាច់សក្បុសកោះរ៉ុង ជាឆ្នេរដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោក។ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់ទស្សនាវដ្តីអាមេរិកដ៏ល្បីឈ្មោះគឺ National Geographic។
ប៉ុន្តែនៅរយៈពេល ៣ ថ្ងៃនេះ ខេត្តព្រះសីហនុហាក់ពុំសូវមានការចាប់អារម្មណ៍ក្នុងការមកកម្សាន្តពីភ្ញៀវទេសចរជាតិច្រើនឡើយ ដែលធ្វើឲ្យកំណើនភ្ញៀវទេសចរឆ្នាំនេះធ្លាក់ចុះ។
អនុប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ លោក សេង មុន្នី បានបង្ហាញពីតួលេខនៃចំនួនអ្នកទេសចរ និង បង្ហាញពីហេតុផលមួយចំនួនដែល ខេត្តព្រះសីហនុធ្លាក់ចុះនូវចំនួនអ្នកមកកម្សាន្ត។លោកថា ក្នុងឆ្នាំ ២០១៨ នេះ ចំនួនភ្ញៀវទេសចរសរុបមាន ១៥០.៧៨០ នាក់ កើនបានត្រឹមតែ ៥ ភាគរយ បើប្រៀបធៀបកាលពីឆ្នាំ ២០១៧ ខេត្តមួយនេះ កើនឡើងរហូតដល់ទៅ ១០ ភាគរយ។
លោកពន្យល់ថា មូលហេតុដែលធ្វើឲ្យកំណើនភ្ញៀវទេសចរធ្លាក់ចុះដូចនេះ គឺបណ្តាលមកពី ការទាក់ទាញភ្ញៀវទេសចរ ពីបណ្តាខេត្តដទៃ ជាពិសេសគឺខេត្តសៀមរាប ព្រៃវែង និង ខេត្តកំពត ជាដើម។
សំឡេង លោក សេង មុន្នី៖ គ្រាន់តែកំណើនវិញយើងកើនបានតិច ឆ្នាំមុនកើនបាន១០ ភាគរយ ឆ្នាំនេះ កើនបានតិច ហើយបើសិនបើមូលហេតុវិញ គឺឧទាហរណ៍វិញគឺមានសង្ក្រាន្តគ្រប់ខេត្ត ហើយមួយទៀតគឺកំណើនគោលដៅទេសចរណ៍កើនឡើងថ្មីៗ បាទ!។
ដោយឡែកខេត្តកំពត ដែលជាខេត្តជាប់និងមាត់សមុទ្រដូចគ្នានិងខេត្តព្រះសីហនុ បែរជាទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងគំហុក ដែលធ្វើឲ្យខេត្តនេះកើនឡើងកំណើនទេសចរណ៍ដល់ទៅ ៤៥ ភាគរយ។
លោក ជាវ តាយ អភិបាលខេត្តថ្មីរបស់ខេត្តកំពត បានផ្តល់បទសម្ភាសអោយវិទ្យុស្រ្តីថា ខេត្តជាប់មាត់សមុទ្រមួយនេះ ទទួលបានភ្ញៀវទេសចរប្រមាណ ១៤ ម៉ឺននាក់ក្នុងរយៈពេល ៣ ថ្ងៃនៃពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិនេះ។
លោកបានបន្ថែមថា ទំនងដោយសារតែការត្អូញត្អែរពីពលរដ្ឋដែលលើកឡើងថា តម្លៃសេវាសណ្ធាគារ ការហូបចុក នៅតំបន់ឆ្នេរខេត្តព្រះសីហនុមានតម្លៃថ្លៃ ហើយម្យ៉ាងគេអាចពិចារណាខេត្តកំពត ព្រោះខេត្តកំពត សំបូរទៅដោយរមណីយដ្ឋានធម្មជាតិដល់ទៅ ១៧ កន្លែង សេវាកម្មល្អ តម្លៃសមរម្យទើបខេត្តកំពតអាចទាញយកភ្ញៀវទេសចរពីខេត្តមួយនេះបាន។
លោក ជាវ តាយ៖ ក្នុងនាមខ្ញុំជាអភិបាលខេត្តដែលទើបមកកាន់តំណែងបាន ៣ ខែ ជាង ខ្ញុំមិនហ៊ានទៅវាយតម្លៃខេត្តផ្សេងទេ គ្រាន់តែថា ខ្ញុំគិតថា ខេត្តកំពតខ្ញុំនេះបានរៀបចំ កែលម្អរ ហើយប្រជាពលរដ្ឋគាត់មកខេត្តនេះ នៅក្នុងខេត្តនេះវាអាចមានរមណីយដ្ឋានដល់ទៅ ១៧ កន្លែង ហើយគាត់គិតថាស្រួលគាត់មកខេត្តនេះ ហើយអាហ្នឹង!វាធម្មតាទេ ទេសចរណ៍ កន្លែងណាល្អគាត់ទៅកន្លែងហ្នឹងហើយបាទ!។
យ៉ាងណាក៏ដោយ លោក បានបង្ហើបប្រាប់វិទ្យុស្រ្តីថា ឆាប់ៗនេះ ខេត្តកំពតនឹងបង្កើតឆ្នេរសមុទ្រសម្បនិម្មិតធំមួយ សំរាប់ភ្ញៀវទេសចរដោយ ពុំចាំបាច់ទៅលេងដល់ខេត្តព្រះសីហនុ ឬ ខេត្តកែបនោះឡើយ។
យល់ស្របនឹងការលើកឡើងរបស់លោកអភិបាលខេត្តកំពត លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជាបានពន្យល់ពីមូលហេតុដែលធ្វើឲ្យខេត្តព្រះសីហនុបាត់បង់ភ្ញៀវទេសចរ។
លោកថា ការដែលធ្លាក់ចុះអាត្រាអ្នកទេសចរនេះ អាបណ្តាលមកពី វត្តមានរបស់ជនជាតិចិនច្រើន ធ្វើ
ឲ្យមានការអាក់អន់ ចិត្តពីប្រជាពលរដ្ឋខ្មែរ។ លោកថា កត្តាតម្លៃ សេវាកម្ម ក៏ជាចំណោទបញ្ហាមួយដែរ។ លោក បានដាក់ការព្រួយបារម្ភថា ថ្ងៃអនាគត ខេត្តមួយនេះនឹងក្លាយជាខេត្តឯកោ។
សំឡេង លោក សន ជ័យ៖ ការដែលធ្លាក់ចុះ ភ្ញៀវទេសចរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ ខ្ញុំយល់ថា វាជាសញ្ញាមួយដែលកើតឡើងជាពិសេសទាក់ទងនឹងការអាក់អន់ស្រពន់ចិត្ត ដែលប្រជាជនខ្មែរយើង ជាមួយនឹងការរៀបចំការគ្រប់គ្រងដែនដីទេសចរណ៍មួយនេះ ទី២ គឺសេវាកម្មនិងការស្នាក់នៅនោះវាមានតម្លៃមួយដែលឡើងខ្ពស់កប់ពពក ធ្វើឲ្យប្រជាពលរដ្ឋជាពិសេសអ្នកដើរលេងកម្សាន្តហ្នឹង! ពួកគេមានការធុញទ្រាន់ អញ្ចឹងខ្ញុំបារម្ភថា ថ្ងៃអនាគត ខេត្តមួយនេះ នឹងក្លាយជាខេត្តឯកោ។
យ៉ាងណាក៏ដោយ លោកបានផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាល និង អាជ្ញាធរគួរណាស់តែត្រួតពិនិត្យតម្លៃសេវា សារជាថ្មី ជាពិសេសត្រួតពិនិត្យរាល់សកម្មភាពបទឧក្រិដ្ឋផ្សេងៗ ពីសំណាក់ជនជាតិចិន ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ មានទំនុកចិត្តក្នុងការទៅកម្សាន្តនៅខេតទេសចរណ៍ដ៏ធំនេះ។
គួររំលឹកផងដែរថា ក្រុងព្រះសីហនុដែលមានចំងាយ ២៣០ គីឡូម៉ែត្រ ពីភ្នំពេញត្រូវបានរដ្ឋាភិបាល ដាក់ជាតំបន់គោលដៅទេសចរណ៍ ការអភិវឌ្ឍន៍លើវិស័យអចនទ្រព្យ និង កំពុងផែដឹកទំនិញ។ តែកាលពីថ្មីៗនេះ លោក ស៊ីជីងភីង ប្រធានាធិបតីចិន បានប្តេជ្ញាជម្រុញឲ្យកំណើនទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន ឲ្យបាន ៦ ពាន់លានដុល្លារ នឹងបង្កើតការងារប្រយោលក្នុងខេត្តព្រះសីហនុជាង ២ ម៉ឺនកន្លែង។
នៅរយៈពេលចុងក្រោយនេះ អ្នកវិនិយោគិន អន្តរជាតិ ជាពិសេសជនជាតិចិន មានចំណាប់អារម្មណ៍យ៉ាងខ្លាំងដោយវិនិយោគ លើ់ទឹកដីនៃភាគនិរតីនេះ ដែលអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ១០ ឆ្នាំទៀត ក្រុងព្រះសីហនុ នឹងក្លាយជាម៉ាកាវទី២ នៅតំបន់អាស៊ីអាគ្នេយ៍៕