ភ្នំពេញ ៖ រថយន្តក្រុងមួយគ្រឿង ដែលដឹកអ្នកដំណើរបានក្រឡាប់ធ្លាក់ពីលើផ្លូវបណ្តាលស្លាប់មនុស្ស៣នាក់និងរបួសធ្ងន់ស្រាល ១៧ នាក់ដោយសង្ស័យតៃកុងឡានងងុយដេក។
រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន «ស៊ុនអ៊ូខុងដឹកអ្នកដំណើរ» បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ធ្លាក់ផ្លូវស្ថិតនៅស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី ១១ ខែ មេសានេះ។
រថយន្តក្រុងនេះផ្ទុកអ្នកដំណើរចំនួន២០នាក់ ចេញពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀបរាម ដោយជួបគ្រោះចរារណ៍នៅម៉ោង៣ទៀបភ្លឺ។
លោក សុខ សុទ្ធាវុធ អធិការស្រុកជីក្រែង ឲ្យដឹងថា រថយន្តក្រុងក្រឡាប់ ធ្លាក់ផ្លូវបណ្តាលឲ្យតែកុងឡាន ព្រួឡាន និងអ្នកដំណើរម្នាក់ស្លាប់។ លោកអធិការ សុខ សុទ្ធាវុធ សន្និដ្ឋានថា គ្រោះថ្នាក់ចរាចរណ៍នេះ អាចបណ្តាលមកពីតៃកុងឡានងងុយដេក ស្របពេលដែលឡានកំពុងមានល្បឿនលឿនក៏ទៅបុកខឿនស្ពានប្រឡាយទឹកនាំឲ្យក្រឡាប់ធ្លាក់ផ្លូវតែម្តង។
លោក សុខ សុទ្ធាវុធ៖ «មូលហេតុយើងសន្តិដ្ឋានទី១អាចលឿនទៅ ទី២ងងុយដេក ធ្លាក់ផ្លូវតែឯកទៅបុករបំាង ប្រឡាយទឹក ដែលនៅគេពុះដាក់ស្ពាន។អ្នកដែលស្លាប់បីនាក់ មួយតែកុងឡាន មួយទៀតព្រួឡាន និងមួយទៀតអ្នកដំណើរ។»
លោក សុខ សុទ្ធាវុធ អធិការស្រុកជីក្រែង បញ្ជាក់ថា ក្នុងចំណោមអ្នកដំណើរជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ស្រាស់ត្រូវបានអាជ្ញាធរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអស់ហើយ។
ការបើកបរហួសល្បឿនកំណត់ និងបើកបរក្នុងស្ថានភាពស្រវឹងស្រា ជាកត្តាចម្បងបណ្តាលឲ្យជួបគ្រោះថ្នាក់ចរាចរណ៍។ នៅពីឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ដោយបើកបរហួសល្បឿននាំឲ្យ មនុស្សស្លាប់ជាង ៣០ ភាគរយ និង ៩ ភាគរយស្លាប់ដោយសារបើកបរពេលស្រវឹងនៅក្នុងចំណោមអ្នកស្លាប់ជិត ១៨០០ នាក់។ នេះបើតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ៕